Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូ​វ៉ែត​ស្វាគមន៍ និង​ការពារ​ពលករ​ខ្មែរ ដែល​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​នេះ​

spot_img

​ភ្នំពេញ ​៖ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច នៃ​រដ្ឋ​គូ​វ៉ែត មានប្រសាសន៍​ស្វាគមន៍ និង​ការពារ កម្លាំង​ពលករ​ពី​កម្ពុជា ហើយ​គូ​វ៉ែត ជា​ប្រទេស​មួយ ដែល​គោរព​ច្បាប់​ការងារ និង​សិទ្ធិ​របស់​ពលករ ដោយ​មិន​គិតថា ពលករ​នោះ ជា​ពលករ​បរទេស ឬ​ពលករ​ក្នុងស្រុក​ទេ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ហ៊ី​ន អាល់ សាប៊ី (Hind Al-Sabeeh) រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច នៃ​រដ្ឋ​គូ​វ៉ែត បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា​។​

​ក្នុងនាម​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី មានប្រសាសន៍ថា វត្តមាន លោកស្រី ហ៊ី​ន អាល់ សាប៊ី រដ្ឋមន្ត្រី និង​គណៈប្រតិភូ​នៃ​រដ្ឋ​គូ​វ៉ែត នៅ​កម្ពុជា​នា​ពេល នេះ បាន​នាំមក​នូវ​កាលានុវត្តភាព​ថ្មី នៃ​ការបន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​គូ​វ៉ែត ដែលមាន ជាង​២០​ឆ្នាំ​មកនេះ ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ។​

​លោកស្រី ហ៊ី​ន អាល់ សាប៊ី បាន​ថ្លែងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ លោកស្រី​បាន​ជួបពិភាក្សា ការងារ​ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ជំនួប​នោះ បាន​ផ្តោត​សំខាន់​លើ​ការផ្លាស់ប្តូរ​កម្លាំង ពលកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​វិស័យ​អប់រំ​។ លោកស្រី​ប្រធាន​គណៈប្រតិភូ បាន​មានប្រសាសន៍​បន្ត​ថា គូ​វ៉ែត​បាន​ត្រៀម​ស្វាគមន៍ និង​ការពារ កម្លាំង​ពលករ​ពី​កម្ពុជា ហើយ​គូ​វ៉ែត​ជា​ប្រទេស​មួយ​ដែល​គោរព​ច្បាប់​ការងារ និង​សិទ្ធិ​របស់​ពលករ ដោយ​មិន​គិត​ថា​ពលករ​នោះ​ជា​ពលករ​បរទេស ឬ​ពលករ​ក្នុងស្រុក​ទេ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​បាន​លើកឡើង​ថា កន្លង​មក​រដ្ឋសភា​កម្ពុជា ក៏បាន​អនុម័ត​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​វិស័យ ផ្លាស់ប្តូរ​ហត្ថ​ពលកម្ម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋ​គូ​វ៉ែត ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះ​ថា​រដ្ឋ​គូ​វ៉ែត​ត្រូវការ​កំលាំង ពលកម្ម ហើយ​ពលករ​កម្ពុជា​ក៏​ត្រូវការ​ប្រាក់​ចំណូល​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ទាំងអស់គ្នា​។​

​សម្តេច​បាន​មានប្រសាសន៍​បន្ត​ថា ពលករ​កម្ពុជា​ដែល​ធ្វើការ​ក្រៅប្រទេស មាន​ការកើនឡើង​ជា​លំដាប់ រហូតដល់​ជាង​មួយ​លាន​នាក់ និង​បាន​នាំមក​នូវ ប្រាក់ចំណូល ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ សម្រាប់​គ្រួសារ​របស់​ពួកគេ ហើយ​ក៏​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។ “​ក្នុង​ពេល​ឆាប់ៗ ខាងមុខនេះ កម្ពុជា​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ពង្រឹង និង​ពង្រីក​ការអនុវត្ត​កម្មវិធី​ហ្វឹកហ្វឺន ដល់​ពលករ​ឲ្យ​កាន់តែ​មាន​ជំនាញ​ការងារ​”​។ នេះ​ជា​ការគូសបញ្ជាក់​របស់ សម្តេច ហេង សំរិន​។​

​ទាំង​សម្តេច​ប្រធានរដ្ឋសភា និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច នៃ​រដ្ឋ​គូ​វ៉ែត បាន​វាយតម្លៃ​ខ្ពស់​ពី​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដែល​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ក្នុងនោះ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កិច្ចសហប្រតិបត្តិការ ទេ្វ​ភាគី និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជា​ច្រើន​កន្លងមក​។ ភាគី​ទាំងពីរ​បាន​សន្យាថា នឹង​ខិតខំ​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពី​រ​ពន្លឿន​កិច្ចព្រមព្រៀង ដែល​មាន​ស្រាប់​ចេញ​ជា​ផ្លែផ្កា ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​

​តាមរយៈ​លោកស្រី​រដ្ឋមន្ត្រី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គូ​វ៉ែត និង​វិនិយោគិន​គូ​វ៉ែត មក​ធ្វើ​ទេសចរណ៍ កម្សាន្ត ឬ​បណ្តាក់ទុន នៅ​កម្ពុជា​ឲ្យបាន​ច្រើន ពីព្រោះ​ថា​កម្ពុជា​មាន​សក្តា​នុព​ល​ច្រើន​វិស័យ​។ លោកស្រី ហ៊ី​ន អាល់ សាប៊ី មានសង្ឃឹម​ថា នៅ​ឆ្នាំ ២០១៩​ខាង​កម្ពុជា នឹង​បញ្ជូន​ពលករ​ទៅ​ធ្វើការ នៅ​ប្រទេស​គូ​វ៉ែត និង​បាន​សន្យាថា នៅ​ពេល​ត្រឡប់​ទៅកាន់​ប្រទេស​វិញ លោកស្រី នឹង​បង្កើត​ក្រុម ការងារ​មួយ ដើម្បី​ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ពលករ​កម្ពុជា​នៅ​គូ​វ៉ែត ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ

spot_img
×