Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ជឿ​ទេ​ថា មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យ​ព្រះកុសមៈ គ្រាន់តែ​ចំណាយ​ជួសជុល និង​លាបថ្នាំ​អាគារ​២​ឆ្នាំ​ជាប់​គ្នា អស់​ថវិកាជាតិ ១៦០​ម៉ឺន​ដុល្លារ​អាមេរិក​..?

spot_img

​រាជធានី​ភ្នំពេញ​ ៖ មន្ទីរពេទ្យ​ព្រះកុសមៈ ឬ​ហៅ​ពេទ្យ​លោកសង្ឃ ដែល​បច្ចុប្បន្ន​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសមៈ មាន​ប្រភព​ព័ត៌មាន​មួយចំនួន​អះអាងថា សព្វថ្ងៃនេះ កំពុង​កើតមាន​អំពើពុករលួយ​កិបកេង​ថវិកាជាតិ​ជាច្រើន នៅក្រោម​ការដឹកនាំ​ដោយ លោក តាន់ សុ​គុន្ធ ជា​នាយក​មន្ទីរពេទ្យ ដែល​អាច​នាំឱ្យ​បាត់បង​ថវិកា ឬ​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​រាប់​ពាន់​លាន​រៀល​ក្នុង​១​ឆ្នាំៗ​។​

​ប្រភព​បាន​ឱ្យដឹង​បន្ត​ថា គ្រាន់​តែ​ការងារ​ជួសជុល និង​លាប់​ថ្មាំ​តិចតួច ផ្នែក​ខ្លះ​នៅ​អាគារ​ជាន់​ទី​២ និង​ទី​៣ នៃ​អាគារ​ធំ របស់​មន្ទីរពេទ្យ​មួួយ​នេះ គឺ​បាន​ចំណាយ​ថវិកាជាតិ ក្នុង​ឆ្នាំ​២០១៧ អស់​ថវិកា រហូត​ដល់​ចំនួន​៣១២០​លាន​រៀល ឬ​ស្មើ​ជាង ៧៧​ម៉ឺន​ដុល្លារ​អាមេរិក​។
​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៨​នេះ ប្រភព​ព័ត៌មាន​បាន​អះអាង​ថា អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​លោកសង្ឃ ក៏​បាន​ចំណាយ​ថវិកា​ខ្ទង់ ៣ ៣៨០​លាន​រៀល ដើម្បី​ជួសជុល​អាគារ​ធំ នៅ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១ រួម​ព្រមទាំង​ធ្វើ​ដំបូល​ទែ​រាស់ ហើយ បានជ្រើសរើស​ក្រុមហ៊ុន ភី អេស ឌី អិន ខម មើ​ស ដដែល​ជា​អ្នក​ទទួល​ការងារ​ជួសជុល​នេះ​។​

ប្រភព​ព័ត៌មាន​ដដែល បានបញ្ជាក់​ថា ការជួសជុល​អាគារ​ធំ​លើក​នេះ គឺ​បាន​ធ្វើឡើង​តាមរយៈ​ការដេញថ្លៃ ខុស​ពី​លើក​មុន ដោយ​លើក​នេះ មន្ទីរពេទ្យ​នេះ​បានប្រគល់​កិច្ចសន្យា​ឱ្យ ក្រុមហ៊ុន ភី អេស ឌី អិន ខម មើ​ស ជា​អ្នកទទួលការ តាមរយៈ​ច​ចារ​ថ្លៃ ប៉ុន្តែ​ការដេញថ្លៃ ឬ​ការចចារ​ថ្លៃ ដែល លោក តាន់ សុគន្ធ នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ បាន​ធ្វើ​ជាមួយ​ក្រុមហ៊ុន ភី អេស ឌី អិន ខម មើ​ស គឺ​សុទ្ធតែ​ជា​សកម្មភាព​ឃុបឃិត​គ្នា ដើម្បី​កេងប្រវ័ញ្ច​ថវិកាជាតិ​ចែកគ្នា ដោយ​ធ្វើ​គម្រោង​បំប៉ោង​តម្លៃ​ខុស​ពី​តម្លៃ​ទីផ្សារ​ទ្វេគុណ​រាប់​ដង​។ ចំណែក​ក្រុមហ៊ុន​ផ្សេងៗ ទោះ​ដាក់​តម្លៃ​ដេញថ្លៃ​ទាប​យ៉ាងណា ក៏ លោក​នាយក​មន្ទីរពេទ្យ តាន់ សុគន្ធ មិន​ទទួលយក​ដែរ ព្រោះ​ការចំណាយ​នេះ​ជា​ថវិការដ្ឋ ហើយ​ទំនងជា​អាចឲ្យ លោក តាន់ សុគន្ធ បាន​ចំណេញ​ថវិកា​ខ្លះៗ ពី​ការងារ​ជួស​ជុស​អាគារ គឺ​វា​ទាល់តែ​ក្រុមហ៊ុន​នោះ ជា​បក្ខពួក របស់​ពួកគាត់ ទើប​មាន​ប្រយោជន៍​ដល់​រូបគាត់​។​

​បញ្ហា​នេះ​ត្រូវ​គេ​សង្ស័យថា លោក តាន់ សុគន្ធ នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ និង​បក្ខពួក អាច​ប្រើ​ល្បិច​សហ​ការ​គ្នា​លេប​ត្របាក់​ថវិកាជាតិ តាមរយៈ​ធ្វើការ​ជួសជុល និង​លាបថ្នាំ​អាគារ​ជាន់​ទី​២ និង​ជាន់​ទី​៣ នៃ​អាគារ​ធំ របស់​មន្ទីរពេទ្យ​កាលពី​ឆ្នាំ​២០១៧​។ ហើយ​ថា នៅ​ឆ្នាំ​២០១៨​នេះ លោក​នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ នៅ​បន្ត​ប្រើ​ក្បាច់​ចាស់​ដដែល ដោយ​​គ្រាន់តែ​ប្ដូរ​រូបភាព​ពី​ច​ចារ​ថ្លៃ មក​ដេញថ្លៃ​បែប​ចង​មុង ឬ​លេងល្បិច​ឆ្ពឹន​ភ្នែក ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមអធិការកិច្ច ឬ សវនកម្ម​តែប៉ុណ្ណោះ​។​

​ប្រភព​ព័ត៌មាន​ឲ្យដឹង​បន្ត​ថា សកម្មភាព​ខាងលើ​នេះ អាច​ជា​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​បាន​ប្រយោជន៍​ចែកគ្នា​ដាក់​ហោប៉ៅ ដោយ​ថ្លៃ​ចំណាយ ទៅលើ​ការងារ​ជួសជុល​អាគារ​មន្ទីរពេទ្យ​លោក​សង្ឃ​នេះ មាន​តម្លៃលើស​ទីផ្សារ​រាប់សិប​ដង​។ ព្រោះថា ការជួស​ជុល​អាគារ​មន្ទីរពេទ្យ កាលពី​ឆ្នាំ​២០១៧ ពុំ​មាន​ការដាក់​ដេញថ្លៃ​នោះទេ គឺជា​ការចរចា​ថ្លៃ ដោយ​គេ​ចាប់​យក​ក្រុមហ៊ុន ភី អេស ឌី អិន ខម មើ​ស ដែល​ជា​បក្ខពួក​មក​ជួសជុល​តែម្ដង​។ អញ្ចឹង​ហើយ​បានជា​មាន​ការជួសជុល​បន្តិចបន្តួច គឺ​ត្រឹម​អាគារ​តែ​២​ជាន់​សោះ ត្រូវ​ចំណាយ​លុយ​រដ្ឋ​អស់​ដល់ ៣១២០​លាន​រៀល ឬ​ស្មើ​ជាង ៧៧​ម៉ឺន​ដុល្លារ បូក​រួម​និង​ការជួសជុល​អាគារ ដដែល​នៅ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១ រួម​ព្រមទាំង​ធ្វើ​ដំបូល​ទែ​រាស់ ឆ្នាំ​២០១៨ ត្រូវ​ចំណាយ​ថវិកាជាតិ​បន្ថែម​ចំនួន​ខ្ទង់ ៣៣៨០​លាន​រៀល​ទៀត​។ ដូច្នេះ​អាគារ​ធំ របស់​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោក​សង្ឈ ដែល​មាន​ស្រាប់​គ្រាន់ តែ​ចំណាយ​ជួសជុល ២​ឆ្នាំ​ជាប់​គ្នា អស់​ថវិកាជាតិ​សរុប​រហូតដល់ ៦៥០០ លាន​រៀល ឬ​ស្មើ ១៦០ ០០០០​ដុល្លារ (​មួយ​លាន​ប្រាំមួយ​សែន​ដុល្លារ​) ទៅហើយ ។

ផ្តើម​ពី​បញ្ហា​នេះ ប្រភពព័ត៌មាន សង្កត់ធ្ងន់​ថា គួរតែ​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល​- ក្រសួង​សេដ្ឋ និង​ហិរញវត្ថុ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​អង្កេត​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា​មិន​ប្រក្រតី​ខាងលើនេះ​ជាបន្ទាន់​។ ព្រោះ​ការចំណាយ​ថ្លៃ​ជួសជុល​អាគារ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​នេះ ទំនងជា​អាច​មាន​អំពើ​ពុករលួយ​យ៉ាង​សម្បើម​។ ហើយ​អ្នកទទួលការ ក្នុង​ការងារ​ជុស​ជុ​ល មន្ទីរពេទ្យ​លោកសង្ឃ​ឆ្នាំនេះ ក៏​មាន​មុខ​ដដែលៗ ចំណែក​គណៈកម្មាធិការ​លទ្ធកម្ម ក៏​មុខ​ដដែលៗ ដែល​ជា​រឿង​គួរឲ្យ​សង្ស័យ​បំផុត​។​

​ប្រភព​ព័ត៌មាន​បញ្ជាក់​បន្ថែមថា ចំពោះ​ការចរចារ​ថ្លៃ ជួសជុល និង​លាបថ្នាំ​អាគារ​មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យ​កម្ពុជា​-​ចិន ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៧ រវាង លោក តាន់ សុគន្ធ នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ជាមួយ​ក្រុមហ៊ុន ភី អេស ឌី អិន ខម មើ​ស ដោយ​តម្លៃ​ជួសជុល​អាគារ​ធំ​ជំ​ហ៊ាន​ទី​១ នៅ​ជាន់​ទី​២ និង​ទី​៣ មានតម្លៃ​៣ ១២០ បី​ប៊ីលាន (​មួួយ​រយ​ម្ភៃ​លាន​រៀល​)​គត់ ឬ​ស្មើ​ជាង​៧៧​ម៉ឺ​ន​ដុល្លារ​អាមេរិក​។​

​បញ្ហា​នេះ ត្រូវបាន​ក្រុម​អ្នកបច្ចេកទេស ខាង​សំណង់ អះអាងថា បើ​ត្រឹមតែ​ការងារ​ជួសជុល​អាគារ​ពី​ជាន់​ផ្ទាល់​ដី ដល់​ជាន់​ទី​៣ ដោយ​គ្រាន់តែ​ឈូស​ទី​កន្លែង​ខ្លះ និង​បូក​ស៊ីម៉ងត៍​ថ្មី រួច​លាប់ថ្នាំ អាច​ត្រូវ​ចំណាយ​ថវិកាជាតិ​ទាំង​២​លើក អស់​ប្រមាណ​ត្រឹម ២០​ម៉ឺន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​។ ប៉ុន្តែ​មិនគួរណា​ត្រូវ​ចំណាយ​ថវិកា​អស់​ដល់​ទៅ​ជាង ១៦០​ម៉ឺន​ដុល្លារ​អស់​មេរិក​នោះទេ​។ ហើយ​​បើ​​​ចំណាយ​​ខ្ទង់​ត្រឹម​មួយ​លាន​ដុល្លារ អាច​ធ្វើ​អាគារ​ធំ​ទំហំ​ដូចគ្នា និង​អាគារ​ធំ ដែល​ជុស​ជុល​បាន​ទាំងមូល និង​សល់​លុយ​ខ្លះ​ទៀត​។

​ប្រភព​ឱ្យ​ដឹង​បន្តទៀតថា ការជួសជុល​នោះ គឺ​មាន​ការដោះដូរ​ការ៉ូ បូក​ជញ្ជាំង លាបថ្នាំ​ទាំង​ក្នុង ទាំង​ក្រៅ ដូរ​បង្អួច ទ្វារ ប៉ុន្តែ​គេ​មិន​បំពាក់​គ្រឿង​បរិក្ខា​ពេទ្យ ឬ​សង្ហា​រឹម​ឡើយ​។ ដូច្នេះ​តួលេខ​ពី​លើក​អស់​ថវិកា​ដល់​ទៅ​ជាង ១៦០ ម៉ឺន​ដុល្លារ​នោះ ជា​តំលៃ​ខ្ពស់កប់ពពក ហើយ​តម្លៃ​នេះ អាច​ស្ថិត​ក្នុង​ភាពអាថ៌កំបាំង ដែល​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ត្រូវ​មើលរំលង​នោះទេ​។​

​ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៨ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី លោក តាន់ សុគន្ធ នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ បានទេ ដោយ​ទូរស័ព្ទ​ចូល ហើយ​លើក​និយាយ​ដោយ​ដឹងថា​ជា​អ្នកកាសែត លោក តាន់ សុគន្ធ គាត់​និយាយ​ថា​ជាប់រវល់​ជួប​លោក​រដ្ឋមន្ត្រី រួច​ក៏​ចុច​បិទ​ទូរស័ព្ទ ហើយ​ក្រោយមក ក៏​លែង​លើក​ទូរស័ព្ទ​តែម្ដង​៕  ដោយ ៖ ដែនសីមា

spot_img
×