Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ប្រមាណ​៦,៧​ពាន់​លាន​ដុល្លារ កើនឡើង​១១,៤​ភាគរយ​

spot_img

​ភ្នំពេញ​ ៖ សម្រាប់​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ចំណាយ​ថវិការដ្ឋ ឬ​ចំណាយ​សរុប​ថវិកាជាតិ​ប្រមាណ ២៧ .១៦៤.៩៩៦​លាន​រៀល ដែល​ប្រហាក់ប្រហែល​នឹង ៦,៧​ពាន់​លាន​ដុល្លារ ដែល​ត្រូវជា ២៤,៧២​ភាគរយ នៃ​ផសស គឺ​មាន​កំណើន​១១,៤​ភាគរយ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ ចំណាយ​ចរន្ត​ថវិកា​រដ្ឋ​មាន​ចំនួន ១៧.៩០៧.៥៤៩​លាន​រៀល ត្រូវ​ជាតិ​១៦,៣០​ភាគរយ នៃ​ផសស គឺ​មាន​កំណើន ១២,៣​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨ និង​ចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន​៩.២៥៧.៤៤៧​លាន​រៀល ត្រូវជា​៨,៤២​ភាគរយ នៃ​ផសស គឺ​មាន​កំណើន ៩,៨​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨​។

​បើ​តាម​ខ្លឹមសារ​សង្ខេប​ស្តីពី​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា ការរៀបចំ​ថវិកា​ឆ្នាំ​២០១៩ ទោះបីជា​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយ​ចំនួន​ក្តី ក៏​បញ្ហា​ទាំងអស់​ត្រូវបាន​ដោះស្រាយ ហើយ​ថវិកា​ត្រូវ​វិភាជន៍​សម្រាប់​អាទិភាព​គោលនយោបាយ​សំខាន់ៗ ជា​សារ​វ័ន្ត​។ ក្នុងន័យនេះ ថវិកា​ឆ្នាំ​២០១៩ នឹង​ដើរតួនាទី​ជា​ឧបករណ៍​នៃ​គោល​នយោបាយ របស់​រាជរដ្ឋាភិបាល ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ក្នុង​ការរក្សា ការពារ និង​ពង្រឹង​ថែម​ទៀត នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា សម្រេច​បាន​កន្លងមក ក៏​ដូចជា​ក្នុង​ការបន្ត​បុក​គ្រឹះ​សម្រាប់​បម្រើ ឲ្យ​ការអភិវឌ្ឍ​របស់​កម្ពុ​ជាត​ទៅមុខទៀត​។

អាទិភាព​ចំណាយ​ថវិកា​ឆ្នាំ​២០១៩ គឺជា​ការឆ្លើយតប​ទៅនឹង​អាទិភាព និង​តម្រូវការ​ចាំបាច់​របស់​ក្រសួង ស្ថាប័ន​នានា ក្នុង​ការ​សម្រេច​បាន​នូវ​គោលបំណង គោលនយោបាយ​របស់​ខ្លួន ក៏ដូចជា គោលនយោបាយ​ជា​អាទិភាព​រួម​របស់​រា​ជ​រដ្ឋាភិបាល ដែល​រួមមាន​៖ ការ​អភិវឌ្ឍ​ធនធានមនុស្ស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការបញ្ចុះ​ថ្លៃ​អគ្គិសនី និង​ទឹក​ស្អាត ការជួសជុល​និង​ថែ​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត ដែល​ទទួល​ផលប៉ះពាល់ ដោយ​ទឹកជំនន់ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រីក​វិសាលភាព និង​ពង្រីង​គុណ​ភាព​នៃ​សេវា​សាធារណៈ គ្រប់​ប្រភេទ ជា​ពិសេស​សេវា​អប់រំ សេវា​សុខាភិបាល សេវា​យុត្តិធម៌ និង​សេវា​មូលដ្ឋាន​ចាំបាច់​ដទៃ​ទៀត និង​ការពង្រឹង​សមត្ថភាព ស្ថាប័ន ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​ការអនុវត្ត​របប​គាំពារ​សង្គម ដោយ​ឈរ​លើ​គោលការណ៍​ប្រសិទ្ធភាព ទាំង​ក្នុង​កម្រិត​វិភាជន៍ និង​ទាំង​ក្នុង​កម្រិត​ប្រតិបត្តិការ និង​បច្ចេកទេស​។​

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​ថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អនុម័ត​គាំទ្រ​ពី​គណៈរដ្ឋមន្ត្រី​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​

​តាម​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ ចំណូល​ក្នុង​ប្រទេស​ថវិការដ្ឋ ឬ​ថវិកា​ជាតិ ត្រូវបាន​គ្រោង​ចំនួន ២១.១៨៦.២២៨ លាន​រៀល ស្មើនឹង​១៩,២៨​ភាគរយ នៃ ផ​.​ស​.​ស និង​មាន​កំណើន​១៤,០​ភាគរយ បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨​។ ចំណែកឯ​ចំណាយ​សរុប​ថវិការដ្ឋ ឬ​ថវិកា​ជាតិ ត្រូវបាន​គ្រោងទុក​ចំនួន​២៧.១៦៤.៩៩៦​លាន​រៀល ស្មើនឹង​២៤,៧២ ភាគរយ នៃ ផ​.​ស​.​ស និង​មាន​កំណើន​១១,៤​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨​។​

​លោក​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បន្តថា ក្រៅពី​អាទិភាព​នៃ​ចំណាយ​គម្រោង​វិនិយោគ​ផ្ទាល់ ដោយ​ហិរញ្ញប្បទាន​ក្នុងប្រទេស គម្រោង​វិនិយោគ​សាធារណៈ ដោយ​ហិរញ្ញប្បទាន​ក្រៅប្រទេស ត្រូវបាន​គ្រោង​ចំនួន ៥.៣២៣.៧៦៨ លាន​រៀល ត្រូវជា​៤,៨៤​ភាគរយ នៃ​ផ​.​ស​.​ស មាន​កំណើន​១៧,១​ភាគរយ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ ហើយ​ស្មើនឹង​ប្រមាណ​២០​ភាគរយ នៃ​ចំណាយ​ថវិការដ្ឋ​សរុប​ឆ្នាំ​២០១៩ តែប៉ុណ្ណោះ​។ គម្រោង​ចំណាយ​នេះ គឺជា​តួលេខ​ប៉ាន់ស្មាន​នៃ​ការបើក​ផ្ដល់​សាច់ប្រាក់ ទាំង​ឥណទាន​សម្បទាន និង​ទាំង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ដៃគូ​អភិវឌ្ឍន៍ សម្រាប់​ហិរញ្ញប្បទាន សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​សាធារណៈ​កំពុងដំណើរកា​រ និង​គម្រោង​ថ្មី ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ។​

ក្នុង​គោលដៅ​នេះ រាជរដ្ឋាភិបាល​កំណត់​ទំហំ​នៃ​ការ​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១.៤០០​លាន​អេស​ដេ​អ៊ែរ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការគិតគូរ និង​ផ្អែកទៅលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន ដែល​រួមមាន ៖ (១)- ទំហំ​នៃ​ការអភិវឌ្ឍ​ប្រទេស​មាន​ការកើនឡើង ដែល​កម្ពុជា​មាន​ភាពចាំបាច់​ក្នុងការ​កៀរគរ​ធនធានមនុស្ស​បន្ថែម​ដើម្បី​បំពេញ​តម្រូវការ​នេះ សម្រាប់​ជំរុញ​ការ​ហក់​ឡើង នៃ​សេដ្ឋកិច្ច​ក្នុង​ដំណាក់កាល​ថ្មី (២)- គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ក្នុង​ឆ្នាំ​២០១៩ គឺជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អាទិភាព (​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ផលិតភាព​កសិកម្ម​) ហើយ​ដែល​ចេះ​តែ​រំកិល​ពី​ឆ្នាំមុនៗ​មក តែ​មាន​ចរិត​យុទ្ធសាស្ដ្រ​ដល់​ការ​ទ្រទ្រង់​ដល់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​មធ្យម និង​វែង (៣)- សុទ្ធសឹងតែ​ជា​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់ (៤)- ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម​នៅតែមាន ចីរភាព និង​ហានិភ័យ​កម្រិត​ទាប និង (៥) ការ​បន្ដ​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការគ្រប់គ្រង និង​ការអនុវត្ត​គម្រោង​។ ជារួម ការបង្កើន​ទំហំ​នៃ​ការខ្ចី​នេះ នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​វណ្ឌ​ករ​ដល់​កម្ពុជា​ទេ ព្រោះថា​នៅពេល​ដែល​សេដ្ឋកិច្ច​មាន​ការរីកចម្រើន​នោះ សមត្ថភាព​សង​របស់​កម្ពុជា​ក៏​មាន​ខ្ពស់​ជាង​មុន​ដែរ​។

ជា​ក់​ស្ដែង ផ្អែក​លើ​លទ្ធផល​នៃ​ការវិភាគ​ចីរភាព​បំណុល​ដោយ​ឈរ​លើ​មូលដ្ឋាន​កំណត់​នៃ​ការខ្ចី​ថ្មី​បន្ថែម​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១ ៤០០​លាន​អេស​ដេ​អ៊ែរ គឺ​បាន​បង្ហាញថា​អនុ​បាត​បំណុល​គន្លឹះ​ទាំង​៤​របស់​កម្ពុជា សុទ្ធតែ​ស្ថិត​ក្រោម​អនុ​បាត​គោល​ទាំងអស់​។ ម្យ៉ាងវិញទៀត មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ដែល​ទើបតែ​បានបញ្ចប់​ការវាយតម្លៃ​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​បាន​លើកឡើង​ថា កម្ពុជា​នៅ​មាន​លំហ​ច្រើន​ថែម​ទៀត ក្នុង​ការបង្កើន​ទំហំ​នៃ​ការខ្ចី សម្រាប់​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បន្ដ​កាត់បន្ថយ​វិសមភាព​សង្គម​។​

ក្នុងន័យ ការកំណត់​ពិតាន​ក្នុង​ការខ្ចី​ថ្មី​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១.៤០០​លាន​អេស​ដេ​អ៊ែរ គឺ​ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​ចុះ​ហត្ថលេខា​ខ្ចីប្រាក់​ពី​គេ​បាន​ចំនួន​២៥​គម្រោង ក្នុង​ចំណោម​គម្រោង​សរុប​ចំនួន​៣២ ដែល​មាន​លក្ខណៈសម្បត្តិ​រួចរាល់ ដែល​រួមមាន ៖ ធនាគារ​ពិភពលោក​ចំនួន​២​គម្រោង ធនាគារ​អភិវឌ្ឍ​អាស៊ី​ចំនួន​៥​គម្រោង មូលនិធិ​ជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម​ចំនួន​១​គម្រោង សាធារណរដ្ឋ​ប្រជាមាណិត​ចិន​ចំនួន​៧​គម្រោង ប្រទេស​ជប៉ុន​ចំនួន​២​គម្រោង សាធារណរដ្ឋ​កូរ៉េ​ចំនួន​៣​គម្រោង សាធារណរដ្ឋ​បារាំង​ចំនួន​៣​គម្រោង ព្រះរាជាណាចក្រ​ថៃ​ចំនួន​១​គម្រោង និង​សាធារណរដ្ឋ​ឥណ្ឌា​ចំនួន​១​គម្រោង ក្នុង​គោលដៅ​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​​រយៈពេល​មធ្យម និង​វែង និង​ការលើកម្ពស់​ភាពប្រកួត​ប្រជែង ព្រមទាំង​ផលិតភាព​សេដ្ឋកិច្ច ដែល​រួមមាន ៖

– វិស័យ​ថាមពល ៖ គម្រោង​ខ្សែ​បញ្ជូន​៥០០​គីឡូវ៉ុល​ជា​ឆ្អឹងខ្នង​សម្រាប់​បណ្ដាញ​ជាតិ និង​ភ្ជាប់​អនុតំបន់ គម្រោង​ពង្រីក​ខ្សែ​អគ្គិសនី​ជនបទ​ជំហាន​ទី​៧ គម្រោង​សាងសង់​ខ្សែបណ្ដាញ​ថាមពល​អគ្គិសនី​តង់ស្យុង​១១៥​គីឡូ​វ៉ុល ពី​ស្រុក​សួង ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន និង​ចែកចាយ កម្មវិធី​ថាមពល​ដើរ​ដោយ​ព្រះអាទិត្យ​សម្រាប់​ការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី ក្នុង​គោលដៅ​ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី និង​បញ្ចុះ​ថ្លៃ​អគ្គិសនី​នៅ​ជនបទ ដើម្បី​រួមចំណែក​កាត់បន្ថយ​ចំណាយ​របស់​ប្រជាជន​នៅ​ជនបទ​ផងដែរ និង​កាត់បន្ថយ​ថ្លៃ​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម និង​សិប្បកម្ម​/​ឧស្សាហកម្ម​ជនបទ​ផង​។

– វិស័យ​ធារាសាស្ដ្រ ៖ គម្រោង​អភិវឌ្ឍ​ធនធាន​ទឹក​ព្រែក​ស្ទឹង​កែវ ខេត្ត​កំពត​ជំហាន​ទី​២ គម្រោង​កែ​លម្អ​ធារាសាស្ដ្រ​កសិកម្ម​ ។

– វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ ៖ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ពី​សំឡូត​-​វាលវែង ទៅដល់​កោះកុង គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១ (​ត្បូងឃ្មុំ​-​ក្រូចឆ្មារ​-​ចំការលើ​) គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៦០​ប្រវែង​១១៦​គីឡូម៉ែត្រ និង​ស្ពាន​មេគង្គ​ក្រចេះ គម្រោង​រៀបចំ​ច្រកទ្វារ​អន្ដរ​ជាតិ​​​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៥​ជំហាន​ទី​២ គម្រោង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិលេខ​៥​ភាគខាងត្បូង និង​ភាគ​កណ្ដាល គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​៣ គម្រោង​អភិវឌ្ឍ​ផែ​ទន្លេ​ជំហាន​ទី​១ កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​ប្រទេស​កម្ពុជា ។

– វិស័យ​អាទិភាព​ផ្សេងទៀត ៖ គម្រោង​ក្នុង​វិស័យ​កសិកម្ម សុខាភិបាល ការផ្គត់ផ្គង់​ទឹកស្អាត​ហិរញ្ញវត្ថុ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អប់រំ​។​

គួរ​បញ្ជាក់ដែរថា ដោយសារ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ក្នុង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​ដៃគូ​អភិវឌ្ឍ​មួយ​ចំនួន ក្នុង​ការរៀបចំ​គម្រោង​អភិវឌ្ឍ​ឱ្យបាន​ទាន់ពេលវេលា ស្រប​តាម​តម្រូវការ​ជាក់ស្ដែង​ក្នុង​ការអភិវឌ្ឍ​ប្រទេស​របស់​កម្ពុជា បាន​ធ្វើឱ្យ​ទំហំ​ឥណទាន​សម្រាប់​គម្រោង​វិនិយោគសាធារណៈ ដែល​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​នៅ​ក្នុង​ឆ្នាំ​២០១៨ បាន​កើនឡើង​ដល់​ប្រមាណ​១.៥១៤​លាន​អេស​ដេ​អ៊ែរ ពោល​គឺ លើស​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ បាន​កើន​កំណត់​ត្រឹម​១ ០០០​លាន​អេស​ដេ​អ៊ែរ​សម្រាប់​គម្រោង​អភិវឌ្ឍ​សរុប​ចំនួន​៩ ក្នុង​ទឹកប្រាក់​សរុប​ប្រមាណ​៥១៤​លាន​អេស​ដេ​អ៊ែរ សមមូល​ស្មើនឹង​ប្រមាណ​៧២៦​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ ធនាគារ​អភិវឌ្ឍន៍អាស៊ី​៤​គម្រោង ធនាគារពិភពលោក​១​គម្រោង សាធារណរដ្ឋ​ប្រជាមានិត​ចិន​២​គម្រោង ប្រទេស​ជប៉ុន​១​គម្រោង និង​សាធារណរដ្ឋ​បារាំង​១​គម្រោង​។ យោង​ទៅតាម​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ រាជរដ្ឋាភិបាល​ត្រូវ​បាន​ធ្វើ​និយ័ត​ភាវូបនីយកម្ម នៃ​កិច្ចប្រតិបត្តិការ​ចំណាយ​ថវិកា​បន្ថែម​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ដើម្បី​បំពេញ​និត្យានុកូលភាព​នៅ​ក្នុង​ការបង្កើន​ពិតា​ន​នៃ​ការខ្ចីប្រាក់​នេះ​។​

ទន្ទឹមនេះ ការបង្កើន​ពិតាន​នៃ​ការខ្ចីប្រាក់​នេះ ក៏​ដើម្បី​ជា​ការបំពេញ​នូវ​នីតិវិធី​តាម​ការតម្រូវ​នៃ​វិធាន​ផ្ទៃក្នុង​របស់​ដៃគូ​អភិវឌ្ឍ ក៏ដូចជា​សំណូមពរ​ដាច់ដោយឡែក ពី​ដៃគូ​អភិវឌ្ឍ​នីមួយៗ​ផងដែរ​។​

ជាក់ស្ដែង ផ្អែក​ទៅតាម​ផែនការ​ផ្ដល់​ហិរញ្ញប្បទាន​ឆ្នាំ​២០១៧-២០១៨ របស់ខ្លួន ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​អនុម័ត​ផ្ដល់​ឥណទាន​សម្បទាន​សរុប​ចំនួន​៥៤០​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​ចំនួន​៣២៤​លាន​ដុល្លារ​អាមេរិក​រួចហើយ​នៅសល់​ឥណទាន​សម្បទាន​ចំនួន​២១៦​លាន​ដុល្លារ​អាមេរិក​ទៀត ដែល​តម្រូវ​ឲ្យ​ចុះហត្ថលេខា​ឱ្យ​អស់ និង​នៅក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​មិន​អាច​រំកិល​ទៅ​ឆ្នាំ​២០១៩ បានទេ​។ ក្នុងករណី​កម្ពុជា​មិន​អាច​ចុះហត្ថលេខា លើ​កិច្ចព្រមព្រាង​ទឹកប្រាក់​ដែល​នៅសល់​នេះ​បាន នោះ​ធនាគារ​អភិវឌ្ឍ​អាស៊ី​នឹង​យក​ឥណទាន​សម្បទាន​ដែល​នៅសល់​ខាងលើនេះ​យក​ទៅ​ធ្វើ​វិភាជន៍​ជូន​ប្រទេស​ជា​សមាជិក​ផ្សេងទៀត​។ ម្យ៉ាងវិញទៀត ការអនុវត្ត​នៅ​ក្នុង​បណ្ដា​ឆ្នាំ​មុនៗ​មក គឺ​រាជ​រដ្ឋា​ភិ​​បាល​មិនបាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចីប្រាក់​ពី​គេ​អោយ​ដល់​ពិ​ដាន​នៃ​ការខ្ចីប្រាក់ ដែល​ច្បាប់​បាន​កំណត់​នោះ​ទេ​។​ជាងនេះទៀត ស្ថានភាព​បំណុល​សាធារណៈ​ក្រៅ​ប្រទេសរបស់​កម្ពុជា នៅ​ទាប​ខ្លាំង (២៣​ភាគរយ​នៃ​ផ​.​ស​.​ស​) ធៀប​នឹង​អនុ​បាត​គោល​(៤០​ភាគរយ​នៃ ផ​.​ស​.​ស​)៕ ដោយ ​៖​ កូឡាប​

spot_img
×