Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង ឆបោក​ប្រាក់​ពី​ភ្នាក់ងារ វី​ង នៅ​ខេត្ត​កំពង់ចាម បង្ក្រាប​ជនសង្ស័យ​៦​នាក់​

spot_img

​កំពង់ចាម​ ៖ រឿង​ឆបោក​ប្រាក់​ពី​ភ្នាក់ងារ វី​ង ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​ធ្លាប់​ធ្វើ​សកម្មភាព បាន​ជិត​១០​លើករួចមកហើយ។ សំណុំរឿង​បន្លំ​ខ្លួន​ធ្វើ​ភ្នាក់ងារ វី​ង ធ្វើការ​នៅ​ការិយាល័យ​កណ្ដាល ហើយ​តេ​ទៅ​ឆបោក​យក​ប្រាក់​ពី​ភ្នាក់ងារ វី​ង នៅតាម​បណ្ដា​ខេត្ត​នោះ ពេល​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ តាម​បង្ក្រាបបាន​ជនសង្ស័យ​៦​នាក់ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ​កម្លាំង​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នៃ​នាយក​ដ្ឋាន​សន្ដិសុខ ក្រសួងមហាផ្ទៃ ដែល​ស្ថិត​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​ប្រាប់ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង ពី​ជនរងគ្រោះ ។ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ជំនាញ បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ ជា​បន្ដបន្ទាប់ រហូត​តាម​បង្ក្រាបបាន​ក្រុមជនសង្ស័យ​៦​នាក់​។​

​លោក​ស្នងការរង​ព្រហ្មទណ្ឌ​រូបនេះ បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​ឆបោក​មួយ​កើតឡើង បង្ក​ដោយ​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ​ម្នាក់ បាន​ទូរស័ព្ទ​បន្លំ​ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន វី​ង មក​ឆបោក​ប្រាក់​របស់​ជនរងគ្រោះ ឈ្មោះ ឃួន ហុក ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ​កើត ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម អស់​ទឹកប្រាក់​ចំនួន​៣.០០០​ដុល្លារ កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៨​។ រហូត​ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ជនសង្ស័យ​នៅ​តែ​បន្ដធ្វើ​សកម្មភាព​ដដែល តាមរយៈ​ទូរស័ព្ទ​លេខ ០១២៧៩៥ ៦៦២​។​

​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង និង​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត ទើប​កម្លាំង​បើក​ការស្រាវជ្រាវ និង​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​៦​នាក់ ដោយ​ជនសង្ស័យ​ទី​ ១ .ឈ្មោះ សាន វណ្ណ​នី អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ទី​ ២.ឈ្មោះ ចាន់ កា​រាន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ដង្កោ ខណ្ឌដង្កោ ទី​​ ៣.​ឈ្មោះ ណា ប៉ូ​លី អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ទី ​៤.ឈ្មោះ អា​ស អា​រី​វ៉ា​ន់ទី អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​អំពៅ ទី​ ៥.​ឈ្មោះ លឹម សុខ​ហេង អាយុ​៣៧​ឆ្នាំ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ និង​ទី​ ៦.​ឈ្មោះ សាង សុភាព ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​សុវណ្ណា សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដែល​ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×