Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន ជនសង្ស័យ​ករណី​ឃាតកម្ម ទៅ​សាលាដំបូង​ខេត្ត​

spot_img

​កណ្តាល ៖ សំណុំរឿង​ឃាតកម្ម​គិតទុក​ជាមុន កាប់​នឹង​ពូថៅ​នៅ​ស្រុក​អង្គស្នួល បណ្តាល​ឱ្យ​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួនបន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ​អស់​រយៈពេល​៤​ថ្ងៃ ។ ហើយ​នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល បាន​បញ្ជូន ជនសង្ស័យ​ទៅ​តុលាការ ក្រោម​ការសាកសួរ​របស់លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​ខាង​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត និង​លោក​ចៅក្រម ងួន វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​។​

​ករណី​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង ៥​នាទី​យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​០៥ ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ជនរងគ្រោះ​ឈ្មោះ ភាព គឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួស​ជុស​រថយន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​សូរិយា ឃុំ​បឹង​ដោ​ល ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ចំណែក​ជនសង្ស័យ​ឈ្មោះ ហេង ស៊ីរ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ជ្រែង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ជនសង្ស័យ និង​ជនរងគ្រោះ​បច្ចុប្បន្ន​ស្នាក់នៅ​ការដ្ឋាន​ដឹក​នៅ​ភូមិ ឃុំ​កើតហេតុ ។ លោក​ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល បានឱ្យដឹងថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ទាក់ទិន​ករណី​ខាងលើ​រួចមក លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ខេត្ត​និង​ស្រុក ចុះ​ដល់​ទីតាំង​កើតហេតុ​ភ្លាមៗ ដោយ​បាន​ធ្វើការ​តាម​ជំនាញ យ៉ាង​យកចិត្តទុកដាក់ ។​

ករណីនេះ លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល បាន​ចុះ​ដឹកនាំ​កម្លាំង​ដោយផ្ទាល់ ដោយ​សហការ​ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, រាជធានី​ភ្នំពេញ​, ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ចាម បាន​តាម​ប្រកិត​មុខសញ្ញា​ជនសង្ស័យ​ជា​បន្តបន្ទាប់ ដោយ​ជនសង្ស័យ​បាន​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ចាម និង​ចុងក្រោយ​សំងំ​លាក់ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

រហូតដល់​វេលា​ម៉ោង ៥​និង ៥០​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្រាវជ្រាវ​រក​ចាប់​បាន​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច​មុខ​ផ្ទះ​វេរ​លុយ​មួយ​កន្លែង ជាប់​ផ្លូវជាតិ​លេខ​៦​អា ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ការសម្រេចបាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ខាងលើ ក៏​ដោយសារ​មាន​ការសម្របសម្រួល នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ ខេត្ត​ពាក់ព័ន្ធ តាម​ដំណាក់កាល​នី​មួយៗ ក្នុងការ​ពន្លាត​ដែន​សមត្ថកិច្ច និង​ដោយ​មាន​កិច្ចសហការ​ល្អ រវាង​ជំនាញ​កងរាជអាវុធហត្ថ​គ្រប់​លំដាប់ថ្នាក់​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ជនសង្ស័យ​បាន​សារភាពថា ក្រោយ​ពី​ខ្លួន​មាន​ទំនាស់​ពាក្យសំដី​ឈ្លោះ​ប្រកែក និង​វាយតប់​គ្នា​ពី​ល្ងាច​ជាមួយ​ជនរងគ្រោះលុះដល់​ម៉ោង​ប្រហែល ៧ និង ៥​នាទី​យប់​ ​ខ្លួន​ក៏​យក​ពូថៅ​មក​កាប់​ក្បាល​ជន​រងគ្រោះ បណ្តាលឱ្យ​ស្លាប់​តែ​ម្តង ហើយ​ក៏​រត់​ទៅ​លាក់ខ្លួន​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ រួច​ទៅ​ស្រុកកំពង់សៀម ខេត្ត​កំពង់ចាម និង​ចុងក្រោយ​លាក់ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ក៏​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ពេល​កំពុង​វេរ​លុយ​នៅ​ផ្ទះ វេរ​លុយ​ជាប់​ផ្លូវជាតិ​លេខ​៦​អា សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញតែម្តង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×