Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ផ្ទុះអាវុធ​១​គ្រាប់ រត់​ចែក​ជើង​គ្នា រឿង​ជំរិត​ទារលុយ​ពី​ពលករ​ឈើ​ក្រញូង​

spot_img

​ឧត្ដរមានជ័យ ​៖ ក្រុម​ពលករ​ឈើ​ក្រញូង​ដែល​ឆ្លង​ដែន ចូល​ទៅ​កាប់​ឈើ នៅ​ទឹកដី​ថៃ បាន​អះអាង​ថា ពួកគេ​ត្រូវបាន​មន្ត្រី យោធា​សឹក​រង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ជំរិត​ទារលុយ​មិនបាន ទើប​បាញ់​គំរាម​១​គ្រាប់ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៤​ ខែតុលា ​ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ទឹក​ចោល ផ្លូវ​ឫស្សី​តោង ភូមិ​ត្រពាំង​ត្រាវ សង្កាត់​អន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

​ការផ្ទុះ​អាវុធ​នេះ បង្កឡើង​ដោយ កងអនុសេនាធំ​លេខ​៨ នៃ​សឹក​រង ក្រុង​សំរោង ចំនួន​ពីរ​រូប ទី​មួយ​ឈ្មោះ ចាន់ និង​ឈ្មោះ ស៊ុន ដែលជា​អ្នក​បាញ់បោះ​។ ពួកគាត់​បាន​ចូល​ទៅ​កាប់​ឈើ នៅក្នុង​ទឹកដី​ថៃ នៅពេល​បាន​ឈើ​ហើយ ក៏​អូស​ចេញ​មក​វិញ លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ មន្ត្រី​យោធា​ខាងលើ មក​គំរាម​ទារលុយ​។​

ប៉ុន្តែ​ពួកគាត់​មិនឲ្យ ដោយ​ព្យាយាម​គេច ស្រាប់តែ​មន្រី​ទាំង​នោះ​បាញ់​គំរាម​តែម្ដង ធ្វើឲ្យ​ពួក​គាត់​ភ័យខ្លាច​រត់ចោល​ឈើ​។ កន្លងមក ក្រុម​ពលករ​ខ្មែរ​រាប់​សិប​នាក់ ដែល​ចូល​ទៅ​កាប់​ឈើ នៅ​ថៃ គឺ​បាន​បង់លុយ​ឲ្យ​មន្ត្រី​យោធា មិន​ដែល​ខាន គឺ​ពលករ ស្ពាយ​ឈើ​ចេញ​ពី​ថៃ មក​កម្ពុជា​វិញ ជាប់​១​ខ្នង​មនុស្ស ត្រូវ​បង់អស់​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​ម្នាក់​។ ប៉ុន្តែ​បើ​កាប់​បាន​ឈើ​ច្រើន អូស​មក​គឺ​បង់​ទៅតាម​ចំនួន​ឈើ អាច​ដល់​៤០​ម៉ឺន​រៀល​ក្នុង​ម្នាក់​។ ខណៈ​មន្ត្រី​យោធា ចាំ​ស្ទាក់​យក​លុយ​ស្រាប់ៗ​នៅ​តំបន់​ខ្នងភ្នំ​តែម្ដង​។​

សកម្មភាព​បែប​នេះ​ដូច​ចែក​ភាគហ៊ុន ជាមួយ​ពលករ​អញ្ចឹង ក្នុងនោះ​ពលករ​អ្នកចេញ​កម្លាំង ឯ​មន្ត្រី​យោធា​ចាំ​យក​លុយ​ស្រាប់​។​
​នៅ​ពេល​ពួកគាត់​គេច​មិន​បង់លុយ ឲ្យ​តាម​ការកំណត់ ស្រាប់តែ​ទាហាន មក​ដេញ​ចាប់​និង​បាញ់ ដូច​ពេល​កើតហេតុ​នេះ​អញ្ចឹង​។​

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ លោក​ឧត្ដមសេនីយ៍ទោ តុ​ន ញាន មេបញ្ជាការ​សឹក​រង​ខេត្ត​ឧត្ដ​រម​សន​ជ័យ បាន​បដិសេធថា មិនមែន​ជា​ករណី​បាញ់​សម្លុត​មនុស្ស​អី​ទេ នេះ​ជា​ការ​សាក​កាំភ្លើង ព្រោះថា​កាំភ្លើង ចាប់តាំងពី​បើក​មក​មិន​ដែល​បាញ់​សាកល្បង​៕​ ​ដោយ​៖​រចនា​

spot_img
×