Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ថោង ខុន ៖ ឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា អាចមាន ៥​លាន ៦​សែន​នាក់​

spot_img

​រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា កំណើន​ភ្ញៀវទេសចរ​បរទេស នឹង​កើន​ច្រើន​ថែមទៀត ចាប់ពី​ឆ្នាំ​២០១៨​តទៅ ព្រោះ​ជា​បន្តបន្ទាប់​មក​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន និង​ដៃគូ​វិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស បើក​ទូលាយ​ដល់​អ្នក​វិនិយោគទុន​នានា ឲ្យចូល​រួម​អភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​ជាមួយ​រដ្ឋាភិបាល​ឲ្យបាន​ទូលំ​ទូលាយ​។

​ផ្តើម​ពី​បញ្ហា​នេះ លោក ថោង ខុន មានជំនឿថា ឆ្នាំ​២០១៧​នេះ កំណើន​ភ្ញៀវទេសចរ​បរទេស ដែល​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា អាច​មាន​ចំនួន​ប្រមាណ ៥ លាន ៦​សែន​នាក់ ឬ​អាច​កើន ១២​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦​។ លោក​បន្តថា កំណើន​នេះ នឹង​កើន​ច្រើន​ទៀត នា​បណ្តា​ឆ្នាំ​ខាង​មុខៗ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ទេសចរណ៍ បានដាក់​តំបន់​ទេសចរណ៍​ចំនួន ២២​ទីតាំង​បន្ថែមទៀត ឲ្យក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍​គំរូ សម្រាប់​ឆ្នាំ​២០១៧-២០១៨​។​

​តាមរយៈ​នេះ លោក ថោង ខុន រំពឹងថា នឹង​ជួយ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចូល​មក​ទស្សនា​កម្ពុជា កើន​ច្រើន​ទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខ​។ លោក​បន្តថា ដើម្បី​ជម្រុញ​ឲ្យ​វិស័យ​ទេសចរណ៍​រីកចំរើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំណត់​យក “​ឆ្នាំ​២០១៧ ជា​ឆ្នាំ​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ នៅ​ទូទាំង​ប្រទេស​” និង​ជា​ការជួបជុំ រវាង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន សហគមន៍ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​រួម​ពិភាក្សា​គ្នា​កំណត់​ទិសដៅ​ឲ្យបាន​ច្បាស់លាស់ សម្រាប់​បន្ត​អនុវត្ត​ចលនា​ប្រឡងប្រណាំង “​រមណីយដ្ឋាន​ស្អាត​” ឬ “​កម្ពុជា​ស្អាត កម្ពុជា​បៃតង​” ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​កម្ពុជា ឲ្យបាន​ច្រើន​នា​ថ្ងៃ​អនាគត​។

​ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ថោង ខុន ឲ្យដឹងថា កន្លងទៅនេះ ប្រមុខ​ដឹកនាំ​នាំ​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​យុទ្ធនាការ “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​” និង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ និង​ឈាន​ទៅ​ផ្តល់​ជ័យលាភី​ទីក្រុង​ស្អាត ជ័យលាភី​សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ជ្រក​ក្រោម​ឆ័ត្រ “​រង្វាន់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា​” ប្រយោជន៍​ដើម្បី​ឈាន​ទៅ​រួម​គ្នា​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឲ្យចូល​មក​ទស្សនា​នៅ​តាមមូល​ដ្ឋា​ន​នី​មួយៗ​។​

​យ៉ាងណា​ក៏ដោយ​ចុះ លោក ថោង ខុន មានជំនឿថា តាមរយៈ​រមណីយដ្ឋាន​ទេសចរណ៍​គំរូ ទាំង ២២​កន្លែង ដែល​ឈ្នះ​ជ័យលាភី​ក្រសួងទេសចរណ៍​សម្រាប់​ឆ្នាំ​២០១៧- ២០១៨​នេះ នឹង​អាច​រួម​គ្នា​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​បរទេស ឲ្យចូល​មក​ទស្សនា​ប្រទេស​កម្ពុ​ជា បាន​ច្រើន​ថែម​ទៀត នា​បណ្តា​ឆ្នាំ​ខាង​មុខ​។


​រមណីយដ្ឋាន​ទេសចរណ៍​គំរូ ទាំង ២២​កន្លែង ដែល​ឈ្នះ​ជ័យលាភី សម្រាប់​ឆ្នាំ​២០១៧- ២០១៨ រួមមាន​៖ រមណីយដ្ឋាន​ទេសចរណ៍​វី​គិរី​រម្យ ផា​ញ​រី​សត ខេត្ត​កំពង់ស្ពឺ​។ សហគមន៍​ទេសចរណ៍​ចំបក់ ខេត្តតាកែវ​។ មណី​យដ្ឋា​ន​ទេសចរណ៍​ភូមិ​វប្បធ​ម៌ ខេត្តសៀមរាប​។ តំបន់​វិស្សមកាល​អន្តរជាតិ​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ខេត្ត​ព្រះ សីហនុ​។ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្ត​បន្ទាយមានជ័យ​។ រមណីយដ្ឋាន​ទេសចរណ៍​សួន​ស្នេហ៍​ជនបទ ខេត្ត​បន្ទាយមានជ័យ​។ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ​។ រមណីយដ្ឋាន​ទេសចរណ៍​បឹង​សំរឹទ្ធ ខេត្ត​កំពង់ធំ​។ រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង ខេត្ត​ពោធិ៍សាត់​។ រមណីយដ្ឋាន​ទេសចរណ៍​ថ្ងៃ​បាំងឆ័ត្រ ខេត្ត​កែប​។ រមណីយដ្ឋាន​ទេសចរណ៍​កំពង់​ភ្លុក ខេត្តសៀមរាប​។ រមណីយដ្ឋាន​ទេសចរណ៍​ជើងឯក រាជធានី​ភ្នំពេញ​។ រមណីយដ្ឋាន​ទេសចរណ៍​បឹង​យក្ស​ឡោម ខេត្ត​រតនគិរី​។ រមណីយដ្ឋាន​ទេសចរណ៍​ចំការ​ស្នេហ៍ រាជធានី​ភ្នំពេញ​។ រមណីយដ្ឋាន​ទេសចរណ៍​បាណន់ ខេត្ត​បាត់ដំបង​។ រមណីយដ្ឋាន​ទេសចរណ៍​ឋានសួគ៌​បូកគោ ខេត្ត​កំពត​។ រមណីយដ្ឋាន​ទេសចរណ៍​បក្សី​មេគង្គ ខេត្ត​ស្ទឹងត្រែង​។ រមណីយដ្ឋាន​ទេសចរណ៍​ឧទ្យាន​ធម្មជាតិ​ប៊ូ​ស្រា ខេត្ត​មណ្ឌលគិរី​។ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ រមណីយដ្ឋាន​ទេសចរណ៍​កោះ​ទ្រង់ ខេត្ត​ក្រចេះ​។ រមណីយដ្ឋាន​ទេសចរណ៍​រ៉ក់ រូ​យ៉ាល់ ខេត្ត​កែប និង​រមណីយដ្ឋាន​ទេសចរណ៍​អូរ​មី​ស ខេត្ត​មណ្ឌលគិរី​។

​ស្ថិតិ​ទេសចរណ៍​ឆ្នាំ​២០១៦ របស់​ក្រសួង​ទេសចរណ៍ បង្ហាញថា វិស័យ​ទេសចរណ៍​កម្ពុជា សម្រេចបាន​កំណើន ៥​ភាគ រយ (៥%) និង​រក​ចំណូល បាន​ប្រមាណ ៣,៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​ស្មើ ១២​ភាគ រយ (១២%) នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។​
​ស្ថិតិ​ដដែល ក៏​បានឲ្យ​ដឹង​ដែរថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចូលមក​កម្ពុជា ក្នុង​រយៈពេល ៩​ខែ ដើមឆ្នាំ​២០១៧ មាន​ចំនួន ៣,៩១២,៧៦១​នាក់ គឺ​កើន ១១.៥% ប្រៀបធៀប ៩​ខែ​ដូច​គ្នា​ឆ្នាំ​២០១៦​។

​កំណើន​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ព្យាករណ៍​ថា ឆ្នាំ​២០១៧​នេះ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចូលមក​ប្រទេស​កម្ពុជា នឹង​អាច​មាន​ចំនួន ៥ លាន ៦​សែន​នាក់ ឬ​អាច​កើន​ចំនួន ១២​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦៕ ដោយ​៖ ដែន សីមា​ 

spot_img
×