Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី​ហ្វេ​សប៊ុក​ឈ្មោះ Moly Van និង​ឈ្មោះ Bong Veth បង្ហោះ​សារ​ថា សាលាឧទ្ធរណ៍​កាត់ក្តី​មិន​ត្រឹមត្រូវ និង​បាន​ដោះលែង​អ្នកទោស​

spot_img

​ភ្នំពេញ ​៖ មាន​គណនី Facebook របស់​ឈ្មោះ Moly Van និង​ឈ្មោះ Bong Veth កាលពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ បាន​បង្ហោះ​សារ​ក្នុង​ន័យ​ថា សាលាឧទ្ធរណ៍​កាត់ក្តី​មិន​ត្រឹមត្រូវ និង​បាន​ដោះលែង​អ្នកទោស ដោយ​មិន​ខ្លាច​ញញើត​ច្បាប់ ទាំង​ខ្លួន​ជា​អ្នក​កាន់​ច្បាប់​។​

​ហ្វេ​សប៊ុក ឈ្មោះ Bong Veth បានបញ្ជាក់​ថា នេះ​ជា​រូប​ចៅក្រម ប៉ុល សំអឿន ដែល​ហ៊ាន​ដោំ​លែង​អ្នកទោស​ឃាតកម្ម ទាំង​មុខស្រស់​មិន​ខ្លាចញញើត និង​ច្បាប់ ទាំ​ខ្លួន​ជា​អ្នក​កាន់​ច្បាប់ ដោយសារ​ទទួល​លុយ​សំណូក​ពីរ​ក្រុម​ឃាតករ មិន​គិត​ដល់​ហានិភ័យ​របស់​សាក្សី និង​ជនរងគ្រោះ អាស្រ័យ​ដូច​បាន​ជា​ខាងលើនេះ គ្រួរ​សារ​ខ្ញុំ​ជា​ជនរងគ្រោះ​សុំឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​ក្រសួង​ប្រឆាំង​អំពើពុករលួយ មេត្តា​ចុះ​ស៊ើប​សង្ក​ត​លើ​ចៅ​។ សូម​គោរព​ពូរ​មីង​និង​បងៗ​ទាំងអស់ ដោយ​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ ពុំ​សូវ​យល់​អំពីរ​ច្បាប់ សូម​ឲ្យ​ពូ​រមីង​បងៗ​ដែល​ចេះ​ច្បាប់ មេត្តា​ជួយ​ពន្យល់​ផង​លើ​ឯកសារ​មួយ​នេះ​ម្ដង ដាក់បន្ទុក ម្ដង​ដោះ​បន្ទុក ឲ្យ​ឃាតក​ររួចខ្លួន ហើយ​យក​ឃាតករ​ផ្សេង មក​ជំនួស​ទាំង​សាក្សី​នៅ​រស់ រួច​ពីរ​ការសម្លាប់ តើ​គាត់​ធ្វើ​នេះ​ត្រូវ​ដែរឬទេ សូម​បងប្អូន​ពូ​មីង និង​បងៗ​ជួយ​បកស្រាយ​ផង​សូម​អរគុណ​។​

​ពាក់ព័ន្ធ​នេះ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ Facebook របស់​ឈ្មោះ Moly Van និង​ឈ្មោះ Bong Veth ដែល​បាន​បង្ហោះ​សារ​ខុស​ការ​ពិត ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​ចៅក្រម​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា សាលាឧទ្ធរណ៍​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​ម្ចាស់ Facebook ឈ្មាះ Moly Van និង​ឈ្មោះ Bong Veth បាន​យក​រូបភាព​ដែល​លួច​ថត​ជា​វីដេអូ រូបភាព​ពេល​កំពុង​ជំនុំជម្រះ ទៅ​បង្ហោះ​មូល​បង្កាច់​ខុសពី​ការពិត ដោយ​មិន​គិត​អំពើ​ខុសច្បាប់ ធ្វើឲ្យ​សង្គម​វឹកវរ ប្រើ​ពាក្យ​ប្រមាថ​មើលងាយ ប៉ះពាល់​ដល់​កិត្តិយស​ចៅក្រម និង​ស្ថាប័ន​សាលាឧទ្ធរណ៍​ធ្ងន់ធ្ងរ ធ្វើឲ្យ​សាធារណជន​យល់​ច្រឡំ​ចំពោះ ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា និង​ធ្វើឲ្យ​សាធារណជន បាត់​ជំនឿ​លើ​សេចក្តីប្រកាស​សម្រេច​របស់​តុលាការ ហើយ​អំពើ​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៥២៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​សាលា​សូម​ចូលរួម​សោកស្តាយ ចំពោះ​ការបាត់បង់​សមាជិក​គ្រួសារ​របស់​ជ​ន​រងគ្រោះ​ផង​ដែរ តែ​ក៏​មិន​នាំ​ភាព​សោកសៅ​ដល់​គ្រួសារ ជន​ផ្សេងទៀត ដែល​មិន​បាន​ប្រព្រឹត្ត​នោះ​ដែរ ហើយ​ក៏​សូម​បញ្ជាក់​ដែរ​ថា ដោយសារតែ​មាន​ភស្តុតាង​ថ្មី ដែល​សមត្ថកិច្ច​បាន​ស្រាវជ្រាវ យក​ឃើញ​ជនសង្ស័យ​ផ្សេង​នោះ ដូច្នេះ​នីតិវិធី នៅតែ​បន្ត​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាមច្បាប់​។ បើ​ករណី​ដូច្នេះ ហើយ​មាន​ភាគី​ណាមួយ​មិន​សុខចិត្ត តាម​ការសម្រេច​របស់​តុលាការ​ទេ នោះ​អាច​ធ្វើ​ការប្តឹង​តាម​នីតិវិធី ដែល​ច្បាប់​បានចែង មិន​ត្រូវ​បង្ហោះ​សារ​បំពុលសង្គម ក្នុង​បណ្តាញ​សង្គម Facebook បែបនេះ​ទេ​។​

​សាលាឧទ្ធរណ៍​ស្នើសុំ​ឲ្យ​ម្ចាស់ Facebook ឈ្មាះ Moly Van និង​ឈ្មោះ Bong Veth និង​អ្នក​ចែកចាយ​បន្ត បញ្ឈប់​ការ​បង្ហោះ​សារ​មិន​ត្រឹមត្រូវ ចាប់ពី​ពេលនេះ​តទៅ បើ​មិន​បញ្ឈប់​តាម​ការជូនដំណឹង​នេះ​ទេ សាលាឧទ្ធរណ៍​នឹង​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់​៕ ​ដោយ​៖​រចនា​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​ខាងក្រោម​នេះ ​៖

           

spot_img
×