Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក និង​ជ្រាវ ខេត្តសៀមរាប ត្រូវ​ធានា​ថា​ជា​សហគមន៍​ទេសចរណ៍​ស្អាត បៃតង មាន​អនាម័យ​ស្អាត​ល្អ​គ្មាន​សំរាម​

spot_img

​សៀមរាប​ ៖ ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍ នៅក្នុង​តំបន់​កំពង់​ភ្លុក និង​ជ្រាវ ខេត្តសៀមរាប ឲ្យបាន​ល្អ​ស្រប​តាម​ស្តង់ដារ​សហគមន៍ជាតិ និង សហគមន៍​ទេសចរ​អាស៊ាន សំខាន់បំផុត ការធានា​ឲ្យបាន​នូវ​គុណភាព​សេវា និង ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ ត្រូវ​ធានា​ថា​ជា​សហគមន៍​ទេសចរណ៍​ស្អាត បៃតង មាន​អនាម័យ​ស្អាត​ល្អ​គ្មាន​សំរាម បន្ទប់ទឹក ស្អាត សេវា​ពោរពេញ​ដោយ​គុណភាព ។​

​នា​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា ឆ្នាំ​២០១៨ លោក ថោ ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព និង​ការគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ សន្តិសុខ សុវត្ថិភាព​ទេសចរណ៍ អនាម័យ បរិស្ថាន និង​កាណូត​ដឹកជញ្ជូន​ទេសចរណ៍​នៅ​តំបន់​ទេ​សចណ៍​ចុង​ឃ្នៀស សហគមន៍​ទេ​សចណ៍​កំពង់​ភ្លុក និង​សហគមន៍​ទេសចរណ៍​ជ្រាវ ខេត្តសៀមរាប ដោយ​បាន​ជួបប្រជំ​ជាមួយ​ប្រធាន​សមាគម​កាណូត អ្នកគ្រប់គ្រង​ផែ​ទេសចរណ៍ ប្រធាន​សហគមន៍​ទេសចរណ៍ អាជ្ញាធរ​មូលដ្ឋាន លោក​មេឃុំ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ទាំងបី​នេះ​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយកាណ៍​របស់​ប្រធាន​សមាគម តំណាង​កំពង់ផែ ម្ចាស់​កាណូត អ្នក​បើកកាណូត អាជ្ញាធរ​មូលដ្ឋាន លោក​មេឃុំ និង​ប្រជាពលរដ្ឋ​រួចមក លោក ថោង ខុន បាន​កោតសរសើរ និង​បាន​ណែនាំ​ដល់​ភ​គី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បន្ត​សហការ​គ្នា​ពង្រឹង​ការ​ងារ​គ្រប់គ្រង​សហគមន៍​ទេសចរណ៍ លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង សហការគ្នា រួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ ជា​អាទិភាព​ត្រូវ​រៀបចំ​កាណូត​ឲ្យបាន​ស្អាតល្អ មាន​ពោង​សុវត្ថិភាព អ្នក​បើកកាណូត​ត្រូវមាន​ឯក​សណ្ឋាន​​ត្រឹមត្រូវ និង​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ជំនាញ​មាន កាណូត​ទេសចរណ៍​ទាំងអស់ ត្រូវមាន​ការត្រួតពិនិត្យ ផ្នែក​បច្ចេកទេស​ជំនាញ​ពី​ក្រសួង​សាធារណការ ជាប្រចាំ និង​ត្រូវមាន​អាជ្ញាប័ណ្ណ​ទេសចរណ៍ ជា​ចាំបាច់​។ ត្រូវ​នាំគ្នា​សិក្សា រៀនសូត្រ​ពី ការគ្រប់គ្រង​សហគមន៍ ទេសចរណ៍ ឲ្យបាន​ល្អ​ស្រប​តាម​ស្តង់ដារ​សហគមនិជាតិ និង សហគមន៍​ទេសចរ​អាស៊ាន សំខាន់បំផុត ការធានា​ឲ្យបាន​នូវ​គុណភាព​សេវា និង ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ ត្រូវ​ធានា​ថា​សហគមន៍​យើង​ជា​សហគមន៍​ទេសចរណ៍​ស្អាត បៃតង មាន​អនាម័យ​ស្អាត​ល្អ​គ្មាន​សំរាម បន្ទប់ទឹក ស្អាត សេវា​ពោរពេញ​ដោយ​គុណភាព ។ ដើម្បី​ធានា​ការដឹកនាំ​ពី​ក្រសួង មន្ទីរ​ទេសចរណ៍​ខេត្ត​ត្រូវ​ចាត់តាំង​មន្ត្រី​ថ្នាក់​អនុប្រធាន​មន្ទីរ ១​រូប ចុះ​ពិនិត្យ តាមដាន និង​រាយការណ៍​ជា​ប្រចាំ​ជូន​មន្ទីរ ខេត្ត និង​ក្រសួង​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន តាមរយៈ​ការផ្តល់​ឱកាស​ការងារ និង​ការបង្កើត​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​សេវា​ស្នាក់នៅ (Home Stay) សេវា​មគ្គុទ្ទេសក៍ សេវា​ម្ហូបអាហារ ដឹកជញ្ជូន ។​ល​។ ព្រមទាំង​រួមចំណែក​ដល់​ការកាត់បន្ថយ​ចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារ​ធនធាន​ធម្មជាតិ និង​ជីវៈជម្រុះ​ប្រកបដោយ​និរន្តរភាព ទប់ទល់​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការបង្កើត​ទម្លាប់​ស្រឡាញ់​បរិស្ថាន​។ ប៉ុន្តែ​ជារួម ការអភិវឌ្ឍន៍​សហគម​ន៍​ទេសចរណ៍ មូលដ្ឋាន​ទាមទារ​ឲ្យមាន​ការចូលរួម ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​បំណង​តែមួយគត់ គឺ​ដើម្បី​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​វប្បធម៌ ធម្មជាតិ និង​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​សហគមន៍ តាមរយៈ​ការរក​ចំណូល​បន្ថែម ដែល​បានមកពី​វិស័យ​ទេសចរណ៍។​

​សូមជម្រាបថា តំបន់​ទន្លេសាប ជា​គោលដៅ​ទេសចរណ៍ ប្រកប​ដោយ​ភាព​ទាក់ទាញ បន្ទាប់​ពី​តំបន់​អង្គរ ដោយ​ទេសចរ​ប្រមាណ​៥០​ភាគរយ ទៅ​ទស្សនា​តំបន់​ទន្លេសាប ( មិនទាន់​រាប់​បញ្ចូល​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​) ក្នុងនោះ តំបន់​ចុង​ឃ្នៀស ទទួល​ទេសចរ​បាន​ប្រមាណ​ពី ១០០០-១៥០០​នាក់ ក្នុង​មួយ​ថ្ងៃ និង​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ទទួលបាន​ទេសចរ​ប្រមាណ ៨០០-១០០០​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​ក្រៅពីនេះ ទេសចរ​បាន​ទៅ​ទស្សនា នៅ​សហគមន៍​ជ្រាវ មេ​ជ្រៃ និង​សហគមន៍​ទេសចរណ៍​ផ្សេងៗ​ទៀត​។ បច្ចុប្បន្ន​ន​ទេសចរ​អន្តរជាតិ ទៅ​ទស្សនា​តំបន់​អង្គរ​មាន​ប្រមាណ ៦​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​រដូវ​មាន​ភ្ញៀវ​ច្រើន (High Season) ទេសចរ​កើន​ដល់​ប្រមាណ ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×