Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លីកាដូ​៖ បើ​គ្មាន​ការផ្តន្ទាទោស​គឺ គ្មាន​ការការពារ ជា​ការឆ្លើយតប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ (“​លីកាដូ​”) បាន​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​ស្ដីពី “​បើ​គ្មាន​ការផ្តន្ទាទោស​គឺ គ្មាន​ការការពារ ៖ ការឆ្លើយតប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​” ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦​ថ្ងៃ​ជា​សាកល ក្នុង​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រីភេទ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧​។ របាយការណ៍​នេះ​បង្ហាញ​ពី​ភាពទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​ការការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ក៏ដូចជា​ការផ្ដន្ទាទោស​ឱ្យបាន​ត្រឹមត្រូវ​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើហិង្សា​។​

​របាយការណ៍​នេះ​ធ្វើឡើង ដោយ​ផ្អែក​លើ​ការពិនិត្យ​ឡើងវិញ​នៃ​សំណុំរឿង​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ចំនួន ២៣៧​ករណី ដែល​លីកាដូ​បាន​ឃ្លាំមើល​ចាប់ពី​ដើម​ឆ្នាំ​២០១៤ ដល់ ចុងឆ្នាំ​២០១៦​។ ជាង​៤០​ភាគរយ​នៃ​ករណី​ទាំងនេះ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​នៃ​អំពើហិង្សា ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ដៃគូ​ដែល​មាន​ចរិត​ហិង្សា​វិញ ហើយ​មាន​តែ​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​បិទ​បញ្ចប់​ដោយ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ជនល្មើស​។ ករណី​ក្រៅពីនេះ​ផ្សេងទៀត ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ប្ដី​ប្រពន្ធ​រស់នៅ​ផ្សេងគ្នា ឬ​លែងលះគ្នា ប៉ុន្តែ​មិន​មាន​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ជនល្មើស​ទេ​។​

​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​មូលហេតុ ដែល​ករណី​ជា​ច្រើន​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ និង​ជនល្មើស​នៅតែ​បន្ត​រស់នៅ​ជាមួយគ្នា​។ នេះ​អាច​បណ្ដាលមកពី​កត្តា​ផ្សេងៗ​ដូចជា សម្ពាធ​គ្រួសារ ជំនឿ​សាសនា ភាពក្រីក្រ ការខ្វះខាត​ធនធាន និង​អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម​។ របាយការណ៍​នេះ​ក៏​បាន​រកឃើញថា តួលេខ​នៃ​អាជ្ញាធរ​ជា​ច្រើន​ដូចជា មេឃុំ​-​ចៅសង្កាត់ និង​នគរបាល តែង​ជួយ​សម្របសម្រួល​ឱ្យ​ប្ដី​ប្រពន្ធ​ផ្សះផ្សា​គ្នា​វិញ​។​

​កញ្ញា ណាប់ សុ​ម៉ាលី មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ឃ្លាំ​មើល​ការរំលោភ​សិទិ្ធ​ស្ត្រី និង​កុមារ​នៃ​អង្គការ លីកាដូ បាន​មានប្រសាសន៍ថា “​គួរ​មាន​វិធានការ​ច្រើន​ទៀត ដើម្បី​ការពារ​ស្ត្រី​និង​កុមារ នៅក្នុង​សង្គម​កម្ពុជា​។ យើង​ចង់​ឃើញ​ការចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធិភាព ដើម្បី​ជួយ និង​ស្ដារនីតិសម្បទា​ជនរងគ្រោះ​ដូចជា ការផ្ដល់​ធនធាន​សម្រាប់​អ្នក​ធ្វើ​កិច្ចការ​សង្គម ក្រុមគ្រូពេទ្យ​វិជ្ជាជីវៈ និង​មណ្ឌល​សម្រាប់​ជួយ​ស្ត្រី​នៅពេល​មាន​បញ្ហា​ជាដើម​”​។​

​ច្រើនជាង​២/៣​នៃ​ករណី​ទាំងអស់​ដែល​ជនរងគ្រោះ​នៃ​អំពើហិង្សា បាន​សម្រេចចិត្ត​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ដៃគូ​របស់​នាង​វិញ តួលេខ​បង្ហាញថា អាជ្ញាធរ​ជា​ច្រើន​បាន​ពាក់ព័ន្ធ​ក្នុង​ការលើកទឹកចិត្ត​ឱ្យ​ប្ដី​ប្រពន្ធ​ធ្វើ​ដូច្នេះ​។ ជាទូទៅ​ការផ្សះផ្សា​ទាំងនេះ​ធ្វើ​ឡើង បន្ទាប់​ពី​ភាគី​បុរស​ត្រូវ​បាន​ស្ដី​បន្ដោស​ដោយសារ​ការប្រើ​អំពើហិង្សា ហើយ​ភាគី​ស្ត្រី​ត្រូវ​បាន​ស្តីបន្ទោស​ដោយសារ​ការ​រ​អ៊ូ​រទាំ ឬ​មិន​យកចិត្តទុកដាក់​ចំពោះ​ដៃគូ​ឱ្យបាន​គ្រប់គ្រាន់ ដែល​ជា​ហេតុនាំឱ្យ មាន​អំពើ​ហិង្សា​កើតឡើង​។ ជាធម្មតា​ដំណើរការ​នៃ​ការផ្សះផ្សា ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ភាគី​ទាំងពីរ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្រៅផ្លូរការ ដោយ​ព្រមព្រៀងគ្នា​ថា​នឹង​កែប្រែ​ឥរិយាបថ​អវិជ្ជមាន​រៀងៗ​ខ្លួន​។ ក្នុង​ករណី​មួយ​ចំនួន វិធី​នេះ​អាច​កាត់បន្ថយ​អំពើហិង្សា​បាន​រយៈពេល​ខ្លី ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​រយៈពេល​វែង​ទេ​។ ទោះបីជា​យ៉ាងណា លីកាដូ​បានកត់សម្គាល់​ឃើញ​ករណី​ជា​ច្រើន​ដែល​ប្ដី​ប្រពន្ធ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ច្រើនដង​រួចមកហើយ ប៉ុន្តែ​នៅតែ​គ្មាន​ការចាត់វិធានការ​ផ្លូវ​ច្បាប់​ផ្សេង​ទៀត ទៅលើ​ដៃគូ​ដែល​ប្រើ​អំពើ​ហិង្សា​នោះ​ឡើយ​។​

​នេះ​ជា​ពេលវេលា​ដែល​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅ​កម្ពុជា គួរ​ចាត់វិធានការ​ឱ្យបាន​ម៉ឹងម៉ាត់​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​។ កន្លងមក មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវបាន​យក​ទៅ​ជំនុំជម្រះ ហើយ​នេះ​គឺជា​សញ្ញាណ​អវិជ្ជមាន​ចំពោះ​ជនល្មើស​ដែល​មិន​ខ្លាច​វិធានការ​ផ្លូវច្បាប់​។​

​របាយការណ៍​នេះ ធ្វើការ​វិភាគ​លើ​ករណី​មួយចំនួន​តូច ដែល​ត្រូវបាន​ផ្ដន្ទាទោស​ក្នុង​សវនាការ​ព្រហ្មទណ្ឌ ដោយ​រកឃើញថា មាន​ករណី​ជា​ច្រើន​ដែល​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ គឺ​តិច​ជាង​រយៈពេល​អប្បបរ​មា​ចែង​នៅក្នុង​ច្បាប់​។ យោង​តាម​ក្រម​ព្រហ្មទណ្ឌ អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អ​នីតិ​សង្វា​សជន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ​។ ទោះបីជា​យ៉ាងនេះ​ក្ដី ក្នុងចំណោម​ករណី​ដែល​លីកាដូ​បាន​ឃ្លាំមើល ជនល្មើស​ប្រហែល 1/3 នៃ​ករណី​សរុប ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តិច​ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ ច្រើនជាង​១/៤​នៃ​ករណី មាន​ផ្នែក​ខ្លះ​នៃ​ទោស ត្រូវ​បាន​ព្យួរ ដូច្នេះ​ការអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គឺ​ត្រឹម​មួយ​ឆ្នាំ ឬ​តិច​ជាង​
​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ មាន​ករណី​តិចតួច​ណាស់​ដែល​ត្រូវបាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ លើស​ពី​ទោស​អប្បបរមា​។​

​ការស្រាវជ្រាវ​បាន​រកឃើញថា មាន​ករណី​ជា​ច្រើន​ដែល​អាជ្ញាធរ​មិន​បាន​ទទួលស្គាល់ ឬ​ចាត់ទុក​អំពើហិង្សា​ក្នុង​គ្រួសារ​ថា​ជា បទល្មើស​ព្រហ្មទណ្ឌ ដូច្នេះហើយ​ទើប​ពួកគាត់​មិនសូវ​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការចាត់វិធានការ​លើ​ករណី​នេះ​។​

​អ្នកនាង ណា​លី ពី​ឡូ​ក នាយិកា​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ បាន​មានប្រសាសន៍ថា “​នេះ​ជា​ពេលវេលា​ដែល​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅ​កម្ពុជា គួរ​ចាត់វិធានការ​ឱ្យបាន​ម៉ឹងម៉ាត់​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​។ កន្លងមក មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវបាន​យក​ទៅ​ជំនុំជម្រះ ហើយ​នេះ​គឺជា​សញ្ញាណ​អវិជ្ជមាន​ចំពោះ​ជនល្មើស​ដែល​មិន​ខ្លាច​វិធានការ​ផ្លូវច្បាប់​”​។ អ្នកនាង​បាន​បន្តទៀតថា “​មាន​បទបញ្ញត្តិ​ជាច្រើន​សម្រាប់​ឆ្លើយតប​នឹង​បញ្ហា​នេះ ប៉ុន្តែ​ទាមទារ​ឱ្យមាន​ការអនុវត្ត​ដោយ​ត្រឹមត្រូវ​បន្ថែមទៀត​”​។​

​របាយការណ៍​នេះ​សន្និដ្ឋានថា ការឆ្លើយតប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ពុំទាន់​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​ស្ត្រី​មាន​ជម្រើស​តិចតួច​ពេក ក្រៅ​តែ​ពី​ការសម្រេចចិត្ត​បន្ត​រស់នៅ​ជាមួយ​ស្ថានភាព​ហិង្សា​។ របាយការណ៍​នេះ សំណូមពរ​ដល់​អាជ្ញាធរ គួរ​យល់​ច្បាស់​អំពី​ចរិត​លក្ខណៈ​ព្រហ្មទណ្ឌ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​គួរ ចាត់ទុកថា​ជា​បទល្មើស​ព្រហ្មទណ្ឌ និង​គួរ​យកចិត្តទុកដាក់ ក៏ដូចជា​ផ្ដល់​ធនធាន​ចាំបាច់​ឱ្យ​បាន​គ្រប់គ្រាន់ ក្នុង​ការអនុវត្ត​ច្បាប់​និង​បទបញ្ញត្តិ​ផ្សេងៗ ដើម្បី​ផ្ដល់​សេវា​ដល់​ជនរងគ្រោះ​ប្រកបដោយ​ប្រសិទ្ធភាព​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

spot_img
×