Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​ហែកហួរ ប្រពន្ធ និង​កូន សព​លោក ស៊ិន សុង ដណ្តើម​កេរ​មរតក និង​ជំពាក់​បំណុល ត្រូវ​ធនាគារ​រឹបអូស​

spot_img

​ភ្នំពេញ​៖ ជម្លោះ​ហែកហួរ រឿង​ជម្លោះ​កេរ​មរតក និង​ការ​ជំពាក់​បំណុល ធនាគារ​កាណាឌីយ៉ា រហូត​ឈានដល់​ការ​ឈូសឆាយ រំលាយ​ផ្នូរ​សព​លោក ស៊ិន សុង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សម័យ​រដ្ឋ​កម្ពុជា នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​លោក ស៊ិន វិសាល ជា​កូនច្បង​របស់​សព​លោក ស៊ិន សុង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សម័យ​រដ្ឋ​កម្ពុជា ធ្វើ​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ រឿង​កេរ​មរតក និង​ករណី​អ្នកស្រី ឡុង សា​ខន ប្រពន្ធដើម និង​កូនស្រី លួច​យក​ទ្រព្យសម្បត្តិ ទៅ​ដាក់បញ្ចាំ នៅ​ធនាគារ រហូត​ដាច់ និង​កំពុង​ប្រឈម​ការ​រឹបអូស​។

​ទន្ទឹម​នឹង​ការធ្វើ​សន្និសីទ​កាសែត​នេះ​ដែរ ប្រជាពលរដ្ឋ​ជាង​១០០​នាក់ តំណាង​ប្រមាណ​៥០០​គ្រួសារ ក៏​មក​ប្រើ​ម្ដុំ​គ្នា​នៅ​ភូមិគ្រឹះ​លោក ស៊ិន សុង ក្នុង​ខណ្ឌ​ចំការមន ដើម្បី​ទាមទារ​កុំឲ្យ​ធនាគារ​ឈូសឆាយ​ផ្នូរ និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក ស៊ិន សុង ផងដែរ​។​

​សូមបញ្ជាក់​ថា លោកស្រី​ឧកញ៉ា ឡុង សា​ខន ស៊ិន សុង ភរិយា​សព​របស់លោក ស៊ិន សុង ក្លែងបន្លំ​ស្នាម​មេដៃ​កូនប្រុស យក​ទ្រព្យ​មរតក​ដាក់បញ្ចាំ​ធនាគារ​។ បន្ទាប់ពី​លោក ស៊ិន សុង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ នា​សម័យ​រដ្ឋ​កម្ពុជា ទទួលមរណភាព​អំឡុង​ឆ្នាំ​២០០១ ដោយ​បន្សល់ទុក​នូវ​ទ្រព្យសម្បត្តិ​មរតក​ជា​ផ្ទះសម្បែង និង​ដីធ្លី​ច្រើន​កន្លែង មាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក​នោះ គឺ​ជម្លោះ​បែងចែក​កេរ​មរតក ក៏​បាន​កើតឡើង​យ៉ាង​ក្តៅគគុក​ផងដែរ រវាង​លោកស្រី ឧកញ៉ា ឡុង សា​ខន ស៊ិន សុង ជា​ភរិយា​សព​លោក ស៊ិន សុង និង​កូនប្រុស​ច្បង​សព​លោក ស៊ិន សុង ខណៈ​ទីតាំង​ដី​បញ្ចុះ​តម្កល់​សព​លោក ស៊ិន សុង ទំហំ​ជាង​៧​ហិកតា ឋិត​នៅជាប់​ផ្លូវជាតិ​លេខ​១ ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មួយផ្នែកធំ ក៏​ត្រូវ​ស្ថាប័ន​តុលាការ​រឹបអូស សម្រាប់​ធានា​សំណង ឲ្យ​ម្ចាស់បំណុល​ដែរ តាមរយៈ​ការដាក់​ដេញថ្លៃ​លក់​ឡាយឡុង ។​

​រឿង​ជម្លោះ​បែងចែក​កេរ​មរតក​ស​ព​លោក ស៊ិន សុង អតីត​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា នា​សម័យ​រដ្ឋ​កម្ពុជា ដែល​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ខ្លាំង​នោះ គឺ​នៅ​ត្រង់​ថា កូនប្រុស​ច្បង​របស់​សព​លោក ស៊ិន សុង និង​លោកស្រី​ឧកញ៉ា ឡុង សា​ខន ស៊ិន សុង ដោយ​ម្នាក់ បាន​ចោទប្រកាន់​លោកស្រី​ឧកញ៉ា ឡុង សា​ខន ស៊ិន សុង ត្រូវជា​ម្តាយ​បង្កើត​របស់​ខ្លួន​ថា បានរួម​ដៃ​ជាមួយ​កូន​ដើម​ក្លែងបន្លំ​ឯកសារ​ផ្សេងៗ និង​ក្លែងបន្លំ​ស្នាម​មេដៃ​របស់ខ្លួន ដើម្បី​យក​អចលនទ្រព្យ កេរ​មរតក​ឪពុក​បង្កើត​របស់​ខ្លួន​មួយចំនួន ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ បាន​លុយ​បង្វែរ​ទៅ​ទិញ​អចលនទ្រព្យ​ផ្សេងៗ​ទៀត ទុក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។​

​ភ័ស្តុតាង​ជា​ឯកសារ​តាម​ការបញ្ជាក់​របស់លោក ខាត់ ណា​រិទ្ធ ចៅសង្កាត់​ទន្លេបាសាក់ ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​បង្ហាញ​ឲ្យឃើញថា លោកស្រី ឡុង សា​ខន ស៊ិន សុង ភរិយា​សព​លោក ស៊ិន សុង បាន​ក្លែងបន្លំ​ស្នាម​មេដៃ កូនប្រុស​បង្កើត​ម្នាក់ របស់​លោកស្រី​ឈ្មោះ ស៊ិន វិសាល ដើម្បី​យក​អចលនវត្ថុ​ជា​ភូមិគ្រឹះ​មួយកន្លែង ឋិត​នៅ​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​៤៦៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ​៤៩២៧ ចុះ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​កាណាឌីយ៉ា កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០០៧ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើង​ថា អំពើ​របស់​លោកស្រី ឧកញ៉ា ឡុង សា​ខន ស៊ិន សុង ដែល​បាន​ក្លែង​ស្នាម​មេដៃ​ទាយាទ​របស់​សព​លោក ស៊ិន សុង និង​ត្រូវ​ជា​កូនបង្កើត​របស់​លោកស្រី​ផង​នោះ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិន​សក្តិសម​ជា​អំពើ​របស់​អ្នកជំនួញ ត្រូវជា​ភរិយា​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ត្រូវ​ប្រព្រឹត្ត​នោះ​ឡើយ ។​

​លោកស្រី ឡុង សា​ខន ស៊ិន សុង ជា​ពាណិជ្ជករ​ម្នាក់​មាន​ទ្រព្យសម្បត្តិ​មហាសាល និង​ត្រូវ​ជា​ភរិយា​សព​លោក ស៊ិន សុង ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៩/៩០៥ ចុះ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០៩ ។​

​កូនប្រុស​ច្បង​សព​លោក ស៊ិន សុង អតីតរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​សម័យ​រដ្ឋ​កម្ពុជា​បាន ប្រកាស​ស្វែងរក​ការសណ្តោសប្រណី ពី​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​សាជាថ្មី ដើម្បី​ឲ្យជួយ​សម្របសម្រួ​ល​ដោះស្រាយ បញ្ចប់​ជម្លោះ​បែងចែក​កេរ​មរតក ដែល​បន្សល់​ទុក​ដោយ ឪពុក​របស់​លោក ខណៈ​ជម្លោះ​នេះ​អូសបន្លាយ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​នោះ​។​

លោក ស៊ិន វិសាល ដែល​ជា​កូនប្រុស​ច្បង​របស់​សព​លោក ស៊ិន សុង ជាមួយ​និង​លោកស្រី ឡុង សា​ខន បាន​អះអាង​ថា តាំង​ពី​ឪពុក​របស់​ខ្លួន​ស្លាប់​ចោល​ទៅ កាលពី​ឆ្នាំ​២០០១ ដោយ​មិន​បន្សល់​បណ្តាំមរតក​អ្វី​នោះ រហូតមកដល់​ពេលនេះ ក្នុងនាម​រូបលោក ជា​កូន​ប្រុស​ច្បង​នៃ​បងប្អូន​បង្កើត​២​នាក់ របស់​សព​លោកឪពុក ស៊ិន សុង គឺ​រូប​លោក​មិន​បាន​ទទួល កេរ​មរតក​អ្វី​បនិ្ត​ច​សោះ ខណៈ​ឪពុក​ស្លាប់ទៅ​គឺ​មាន​បន្សល់​ទុក​ទ្រព្យសម្បតិ្ត​ជា ផ្ទះសម្បែង​និង​ដីធ្លី​ជា​ច្រើន​កន្លែង ។​

​លោក ស៊ិន វិសាល បាន​បន្ត​ឲ្យដឹងថា ម្តាយបង្កើត​របស់​លោក គឺ​អ្នកស្រី ឡុង សា​ខន មុន​នឹង​រៀបការ​ជាមួយ​ឪពុក​របស់​លោក គឺ​គាត់​ធ្លាប់​មាន​ប្តី​មុន និង​មាន​កូនប្រុស​-​ស្រី ៣​នាក់ រួចមកហើយ ដែល​រួមមាន​ឈ្មោះ ស៊ិន សុថា​វី ភេទ​ស្រី ឈ្មោះ ស៊ិន រដ្ឋា ភេទ​ប្រុស និង​ឈ្មោះ ស៊ិន សុធារៈ ភេទ​ប្រុស​។​

​ចំណែក​រូប​លោក​ដែល​ជា​កូនបង្កើត​របស់​ឪពុក​ឈ្មោះ ស៊ិន សុង និង​ម្តាយ​ឈ្មោះ ឡុង សា​ខន មានតែ​២​នាក់​ប៉ុណ្ណោះ គឺ​រូប​លោក​និង​ប្អូនស្រី​ម្នាក់ទៀត ឈ្មោះ ស៊ិន ពិសី​។ ប៉ុន្តែ​ក្រោយពេល ឪពុក​លោក​ស្លាប់ទៅ​ម្តាយ របស់​លោក​មិន​បាន​បែងចែក កេរអាករ​អ្វី​ដល់​រូបលោក​នោះឡើយ មិន តែ​ប៉ុណ្ណ​
​ោះ​បាន​ធ្វើ​ការក្លែងបន្លំ​ឯកសារ យក​ទ្រព្យសម្បតិ្ត​ដែល​បន្សល់ទុក ដោយ​ឪពុក​របស់​លោក ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ សូម្បី​តែ​ដី​កប់​សព​ឪពុក របស់​លោក​នៅ​កៀនស្វាយ ក៏​ត្រូវបាន​ម្តាយ​និង​ឈ្មោះ ស៊ិន សុថា​វី យកទៅ​ដាក់​បញ្ចាំ​នៅ​ធនាគា​រដែរ ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​ការ​រឹបអូស យកទៅលក់ ឡាយឡុង​សង​ធនាគារ​ទៀតផង​។​

​មិនតែប៉ុណ្ណោះ ក្រោយពី​ឪពុក​បង្កើត​របស់​លោក​ស្លាប់​ចោល​ទៅ ម្តាយ​របស់​លោក​បាន​ព្យាយាម​ក្លែងបន្លំ​ឯកសារ​ជាច្រើន ដើម្បី​លុបឈ្មោះ​លោក​ចេញ ពី​សមាជិក​គ្រួសារ ដូច​កាលពី​ឆ្នាំ​២០០៨ ម្តាយ​របស់​លោក​ធ្វើ​សៀវភៅ​គ្រួសារ​នៅ ខេត្ត​ព្រះសីហនុ ដាក់​ឈ្មោះ​តែ​គាត់ និង​កូនស្រី​ដើម​ឈ្មោះ ស៊ិន សុថា​វី និង ប្អូនស្រី​ពៅ​របស់លោក ឈ្មោះ ស៊ិន ពិសី ជា​សមាជិក ហើយ ប្តឹងទៅ​តុលាការ ដើម្បី​ឲ្យ​ចៅក្រម​សម្រេច​ថា អ្នក​ទាំង​ពីរ​ជា​អ្នក​មាន​សិទ្ធិ​ទទួល​មរតក​ពី​សព​ឪពុក របស់លោក ដោយ​មិន​មាន​ឈ្មោះ​លោក​នោះ​ឡើយ​។​

​លោក ស៊ិន វិសាល បាន​លើកឡើង​ថា តាម​ច្បាប់​អ្នក​ដែល​មាន​សិទិ្ធ​ទទួល​មរតក ពី​សព​ឪពុក​របស់ លោក គឺមាន​តែ​៣​នាក់​ប៉ុណ្ណោះ គឺ​ម្តាយ​ដែល​ត្រូវជា ប្រពន្ធ​សព និង​រូបលោក និង​ប្អូនស្រី ដែល​ត្រូវជា​កូនបង្កើត​។ ចំណែក​ឈ្មោះ ស៊ិន សុថា​វី ដែល​ជា​កូនប្តី​ដើម គ្មាន​សិទិ្ធ​ទទួល​មរតក​នោះទេ​។​

​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​កេរ​មរតក​ខាងលើនេះ ត្រូវបាន​លោក ស៊ិន វិសាល អះអាងថា ចាប់ផ្តើម​កើតមាន​ឡើង​តាំងពី​ឆ្នាំ​២០០៧​-២០០៨​​ មកម្ល៉េះ ខណៈ​ដែល​រូប លោក​ទាមទារ​ឲ្យ​ម្តាយ​របស់​លោក​ធ្វើ​ការបែងចែក ដើម្បី​រូប​លោក​មាន​លទ្ធភាព យក​ទ្រព្យកេរ​ទៅ​ចាត់ចែង​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន តែ​ម្តាយ​របស់​លោក ចេះតែ គេចវេះ​រហូត និង​ព្យាយាម​ក្លែង​ឯកសារ​ផ្សេងៗ​ជាមួយ​ឈ្មោះ ស៊ិន សុថា​វី ដើម្បី​យក​ទ្រព្យ​កេរ ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ យក​លុយ​ប​ងែ្វ​រ​ទៅ​ទិញ​អចលនទ្រព្យ​ផ្សេងៗ​ដូចជា ក្លែង​ស្នាម​មេដៃ​របស់ លោក​ដើម្បី​យក​ដី យក​ផ្ទះ​ទៅ​ដាក់បញ្ចាំ​ជាដើម​។​

​ក្នុង​នោះ​កន្លងមក​ក៏​មាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា ឈឺឆ្អាល​សន្តោស​ប្រណី​ដល់​រូបលោក ក្នុង​ការទទួលបាន​មរតក​ផងដែរ តែ​ម្តាយ​របស់​លោក​ចេះ​តែ​គេចវេះ និង​ភូតភរ​ថ្នាក់ដឹកនាំ​រហូត​។ ដូច្នេះហើយ​ទើប​លោក​ធ្វើការ​អំពាវនាវ សូមឲ្យ​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបា​ល មេត្តា​ជួយ​សន​ន​តោ​ស​ប្រណី​សាជាថ្មី ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​រូបលោក ទទួលបាន​មរតក​ខ្លះ​របស់​ឪពុក លោក​យក​ទៅ​រកស៊ី​ចិញ្ចឹម​គ្រួសារ​បន្តទៀត ព្រោះ​បច្ចុប្បន្ន​លោក និង គ្រួសារ​គ្មាន ផ្ទះ​រស់នៅ​ពិតប្រាកដ​ឡើយ សូម្បី​តែ​ផ្ទះ​ដែល​លោក​ស្នាក់​នៅ​សព្វថ្ងៃ ក៏​ត្រូវបាន​ម្តាយ និង កូនដើម​ឈ្មោះ ស៊ិន សុថា​វី យក​ទៅ​បញ្ចាំ​ធនាគារ​អស់​ដែរ​។​

​លោក ស៊ិន វិសាល បានបញ្ជាក់​ថា ក្នុងចំណោម​ទ្រព្យសម្បតិ្ត​របស់​ឪពុក​លោក ទាំងអស់​មាន​ចំនួន​តែ ៧​កន្លែង​ប៉ុណ្ណោះ ដែល​លោក​បាន​ប្តឹងទៅ​តុលាការ សុំ​ដីកា​រក្សា​ការពារ ក៏​ប៉ុន្តែ​លោក​ទាមទារ​យក​តែ​៣​កន្លែង​ប៉ុណ្ណោះ ដែល​រួមមាន​៖ ទី​១. ដី​ផ្ទះ​លេខ​១១ ផ្លូវ​លេខ​៦៣ កែង​៤៦៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បច្ចុប្បន្ន​កំពុង​ស្នាក់នៅ តែ​ប្លង់​ត្រូវ​ម្តាយ​និង​កូនដើម​យក​ទៅ​បញ្ចាំ​នៅ​ធនាគារ ។ ទី​២. ដី​ទំហំ ៧៤១៤៦ ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​-​ឃុំ ភូមិ​ធំ ស្រុក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែលជា កន្លែង​បញ្ចុះសព​ឪពុក​លោក​ទុក​សម្រាប់​គោរពបូជា និង​ទី​៣. ដី​ទំហំ ៤៣៨.៨៣៩ ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ហៅ​ភ្នំ​៩៦ លោក​ទាមទារ​យក​១៥​ហិកតា ។ ក្រៅពីនេះ គឺ​លោក សុំ​មិន​ធ្វើការ​ទាមទារ​អ្វី​ឡើយ​។​

​ពាក់ព័ន្ធ​ការអះអាង​របស់​លោក ស៊ិន វិសាល មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកស្រី ឡុង សា​ខន បាន​នោះ​ទេ​៕​ ដោយ​៖​រចនា​

spot_img
×