Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាបឋមសិក្សា​ពង្រ តាមរយៈ​គម្រោង កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ ទទួល សម្ភារៈ​បរិក្ខារ​អនាម័យ និង​សម្ភារៈ​សិក្សា ពី​ធនាគារ CIMB

spot_img

​ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​សាលា និង​សិស្សានុសិស្ស​ទាំង​មូលនៃ​សាលាបឋមសិក្សា​ពង្រ ធនាគារ ស៊ី​អាយ​អិម​ប៊ី​បាន​ឧបត្ថម្ភ​នូវ​កញ្ចប់​សម្ភារៈ​បរិក្ខា​រ​អនាម័យ និង​សម្ភារៈ​សិក្សា​មួយចំនួន​ដែល​ជា​ការរួមចំណែក​និង​បង្កើន​សក្តានុពល​នៃ​ការសិក្សា​រៀនសូត្រ​របស់​កុមារ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ហើយ កុមារ​មាន​អនាម័យ ប្រាជ្ញា​កាន់តែ​ឆ្លាត​វៃ​។​

​កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​កន្លងទៅ​នេះ ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែល​ជា​ធនាគារពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា បាន​ធ្វើដំណើរ​ទៅកាន់​សាលាបឋមសិក្សា​ពង្រ ក្នុង​ខេត្ត​សៀមរាប ជាមួយនឹង​ការឧបត្ថម្ភ​នូវ​កញ្ចប់​សម្ភារៈ​បរិក្ខា​រ​អនាម័យ រួម​មាន​ស៊ីទែន​ផ្ទុក​ទឹក​ខ្នាត​ធំ ដែល​បំពាក់​ដោយ​ឧបករណ៍​លាង​សម្អាត​ដៃ និង​សម្ភារៈ​សិក្សា​មួយចំនួន​ទៀត ព្រមទាំង​សកម្មភាព​កម្សាន្ត សម្រាប់​សិស្សានុសិស្ស​ផងដែរ​។ ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ដំបូង នៅ​ឆ្នាំ​២០១០ ក្នុងប្រទេស​កម្ពុជា ឆ្នាំនេះ​គឺ​ឆ្នាំ​ទី​៧​ហើយ នៃ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ធនាគារ CIMB តាមរយៈ​គម្រោង «​កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ​» ដោយ​មាន​ការចូលរួម​ពី​បុគ្គលិក នៅ​ទូទាំង​ធនាគារ​។​

​លោកស្រី អ៊ុំ ចិន្តា​ភក្តី ដែល​ជា​នាយិកា​ធនធាន​មនុស្ស របស់​ធនាគារ CIMB បានឲ្យដឹងថា​៖ «​ក្នុង​ឆ្នាំ​២០១៧ ធនាគារ​សម្រេច​បាន​ស​កម្ម​ភាព​ទំនួល​ខុស​ត្រូវ​សង្គម ដ៏​គួរឲ្យកត់សម្គាល់ នៅក្នុង​សាលា​បឋមសិក្សា​ពង្រ ដោយ​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​បរិក្ខារ​អនាម័យ រួមទាំង​សម្ភារៈ​សិក្សា​របស់​កុមារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​សាលា និង​សិស្សានុសិស្ស​ទាំងមូល​។ ការរួមចំណែក​នេះ​នឹង​បង្កើន​សក្តានុពល​នៃ​ការសិក្សា​រៀនសូត្រ​របស់​កុមារ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ហើយ​យើង​ជឿជាក់ថា កុមារ​មាន​អនាម័យ ប្រាជ្ញា​កាន់តែ​ឆ្លាត​វៃ​។ ស្របតាម​ទស្សនៈវិស័យ​របស់​ធនា​គារ CIMB យើង​មាន​ក្តីរីករាយ ដែល​បាន​ជួយ​ដល់​សហគមន៍ ឲ្យទទួល​បាន​អត្ថប្រយោ​ជន៍​យូរអង្វែង ប្រកបដោយ​និរន្តរភាព​»​។​

​តាមរយៈ​ការចូលរួម​យ៉ាង​ផុសផុល ពី​បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB កម្មវិធី​សប្បុរសធម៌​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​យ៉ាង​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ​។ លោកស្រី សុខ ចាន់​លី​ណា ដែល​ជា​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​មួយរូប បានបង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​៖ «​នេះ​គឺ​ជា​កម្មវិធី​សប្បុរសធម៌​ដ៏​ល្អ​មួយ ដែល​បាន​បង្កើតឡើង​ដោយ​ធនាគារ CIMB​។ វា​បាន​លើកកម្ពស់​នូវ​វប្បធម៌​ចែករំលែក តាមរយៈ​ការជួយ​ដល់​សហគមន៍ និង​ក្មេងជំនាន់ក្រោយ​។ ដោយ​ការចាប់ផ្តើម​ពី​ខ្លួន​យើង​ម្នាក់ៗ យើង​នឹង​អាច​សម្រេចបាន​លទ្ធផល​ធំធេង ដល់​សង្គមជាតិ​យើង នា​ថ្ងៃ​ក្រោយ ហើយ​ខ្ញុំ​ពិតជា​សប្បាយរីករាយ ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌​នេះ​។ ខ្ញុំ​នឹង​ចូលរួម​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​នេះ នា​ឆ្នាំ​ក្រោយ​ផងដែរ​»​។​

​តាមរយៈ​ការឧបត្ថម្ភ​ពី​គម្រោង «​កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ​» លោក ហ៊ាង សុ​ខេន នាយក​សាលា​ពង្រ បានឲ្យដឹងថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ធនាគា​រ CIMB ដែល​បាន​ជួយ​ដល់​សាលារៀន​មួយ​ចំណែក​ធំ តាមរយៈ​ការផ្តល់​នូវ​សម្ភារៈ​សិក្សា និង​ឧបករណ៍​បរិក្ខារ​អនាម័យ ដល់​សាលា​យើងខ្ញុំ​។ ការបរិច្ចាគ​ទាំងអស់​នេះ​នឹង​ជួយ​ដល់​ឲ្យ​បរិស្ថាន និង​អនាម័យ​សាលា​ល្អប្រសើរ ហើយ​សិស្សាសាលា​នឹង​មាន​ទម្លាប់ល្អ អនាម័យ​ល្អ និង​សុខភាព​ល្អ ដែល​មាន​កន្លែង​លាង​សម្អាត​ដៃ​ងាយស្រួល​។ ហើយ​ខ្ញុំ​សង្ឃឹមថា ធនាគារ CIMB នឹង​បន្ត​សកម្មភាព​មនុស្សធម៌​របស់ខ្លួន កាន់តែ​ច្រើន​ថែមទៀត សម្រាប់​សាលារៀន​ដាច់​ស្រ​យ៉ាល​ផ្សេងទៀត ក្នុងប្រទេស​កម្ពុជា​»​។​

​គួរ​រំលឹក​ផងដែរ​ថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ ធនាគារ CIMB តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម ទៅ​តាម​គម្រោង​ផ្សេងៗ​គ្នា ជា​រៀងរាល់ឆ្នាំ ខណៈ​ដែល​ធនាគា​រតែង​តែ​ពង្រីក​កម្មវិធី​សប្បុរសធម៌ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផងដែរ​។ ក្រៅពី​ការឧបត្ថម្ភ​ដល់​កុមារ និង​សាលារៀន​ដែល​ខ្វះខាត បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB ក៏​បាន​ចូលរួម​ស្ម័គ្រចិត្ត​ផ្តល់​ឈាម ចំនួន​៣​លើក ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ផងដែរ​។ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ធនាគារ CIMB នឹង​ខិតខំ​បន្តសកម្មភាព​សប្បុរស​ធម៌​របស់ខ្លួន ដែល​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​សហគមន៍​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​កូឡាប​

 

spot_img
×