Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកប​វេសន​កាល​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩ ​

spot_img

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ក្មួយៗ ចៅៗ​ជា​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ទាំងអស់ ដែល​ជា​កុលបុត្រ កុល​ធីតា​ជាទី​ស្រលាញ់​របស់​យើង​គ្រប់ៗ​គ្នា មាន​ឱកាស​ទទួលបាន​នូវ​ការអប់រំ ឱកាស​ក្នុង​ការបន្ត​ការសិក្សា​រៀន​សូត្រ និង​ជា​ថ្ងៃ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ ដែល​ទើបនឹង​ដល់​អាយុ​ចូល​សាលារៀន​។​

​សម្តេច​បាន​បន្តថា​ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​សូម​ចូលរួម​ប្រកបដោយ​ភាពស្និទ្ធស្នាល​ជាមួយ​ជនរួមជាតិ​ស្រប​​ពេល​ដែល​ឆ្នាំ​២០១៨ ជា​ខួប​លើក​ទី​២០ នៃ​ការបង្រួបបង្រួម​ជាតិ ការរក្សា​បាន​សន្តិភាព​ពេញលេញ​ជូន​ប្រទេសជាតិ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ​បង្រៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដែល​បាន​ខិតខំ​លះ​បង់​​កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀន​សិស្ស ឲ្យទទួល​បានចំណេះ​​ដឹង ជំនាញ សីលធម៌ និង​កាយសម្បទា​រឹងមាំ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ ដែល​ជា​សរសរ​ទ្រូង​ដ៏​រឹងមាំ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​សំបូរ​រុងរឿង​។ ជាមួយគ្នា​នោះ ការចូលរួម​របស់​មា​តា​បិតា អ្នក​អាណាព្យាបាល​សិស្ស អាជ្ញាធរ​ដែនដី និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់ ក៏​ជា​កម្លាំង​សរុប​មួយ ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ឲ្យមាន​ដំណើរការ​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ គួរ​ជាទី​មោទនៈ ក្នុង​រយៈពេល​ក្លង​មក​នេះ​ផង​ដែរ​។​

​ក្នុង​ស្មារតី​នេះ​ដើម្បី​ធានា​ឱកាស​អប់រំ​ឲ្យមាន​គុណភាព​ប្រកបដោយស​ម​ធម៌ បរិយាកាស និង​លើកកម្ពស់​ឱកាស​ក្នុង​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា ទូលព្រះបង្គំ​ខ្ញុំព្រះករុណា សូម​អំពាវនាវ​ដូចខាងក្រោម​៖

១)​ ក្រសួង​អប់រំ​យុវជន និង​កីឡា រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ​ក្របខណ្ឌ​ច្បាប់​បទដ្ឋាន និង​យន្តការ​ចាំបាច់​ដើម្បី​ដឹកនាំ​គ្រប់គ្រង និង​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​និង​ធានាបាន​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកប​ ដោយ​​គុណភាព សមត្ថភាព បរិយា​ប័ន្ន​សម្រាប់​សិស្សានុសិស្ស​គ្រប់រូប ស្រប​ទៅ​នឹង​បរិការណ៍​ថ្មី​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

២)​គ្រឹះស្ថាន​សិក្សា​គ្រប់​រូបភាព រួម​ទាំង​ទី​វត្ត​អារាម​ត្រូវ​ធានា​លទ្ធភាព​ក្នុង​ការផ្ដល់​ការអប់រំ​ពេញលេញ​និង​មាន​គុណភាព ដោយ​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​និង​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ចូលរៀន រៀបចំ​និង​ជួសជុល​បន្ទប់រៀន សង្ហា​រឹម តុ​ទូ កៅអី ក្តា​ខៀន​ទ្វារ​បង្អួច បង្គន់​អនាម័យ កន្លែង​លាង​សម្អាត​ដៃ និង​បរិក្ខារ​នានា ដើម្បី​ធានា​ថា​សាលារៀន​មាន​បរិស្ថាន​សិក្សា​ស្អាត អនាម័យ​ប្រកប​ដោយ​និរន្តរភាព​និង​ផាសុខភាព​។ សាលារៀន​ត្រូវ​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព​ក្នុងករណី​មាន ទឹកជំនន់ ខ្យល់​កន្ត្រាក់​បាក់​សាលារៀន​ជាដើម ត្រូវ​ធានា​រយៈពេល​នៃ​ការរៀន​និង​បង្រៀន​បាន​ពេញលេញ​ស្របតាម​កម្មវិធី​សិក្សា​ដែល​បានកំណត់​។ ចំពោះ​សាលារៀន​ដែល​មាន​ការអនុវត្ត​កម្មវិធី​នានា​ត្រូវ​ខិតខំ​បង្កើន​ប្រសិទ្ធភាព ក្នុង​ការអនុវត្ត​ក៏ដូចជា​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ជា​ការលំបាក​ការ ផ្ដល់​អាហារ​ពេលព្រឹក​ឬ​អាហារ​ថ្ងៃត្រង់​ជាដើម​។​

៣)​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​បន្ថែម​ទៀត​ទាំង​ផ្នែក​ចំណេះ​​ដឹង និង​វិធី​បង្រៀន រួម​ទាំង​បច្ចេកវិទ្យា​ពត៌មាន​ភាសាបរទេស​ដើម្បី​យក​ចំណេះដឹង​ថ្មីៗ​មក​បង្ហាត់បង្រៀន​សិស្ស​បន្តទៀត​។​

៤)​ក្មួយៗ​ជា​សិស្សានុសិស្ស និង​យុវជន​យុវនារី​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យបាន​ខ្ជាប់ខ្ជួន​ព្រមទាំង​ចូលរួម​គ្រប់​សកម្មភាព​នានា​ដើម្បី​​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​សាលារៀន និង​សង្គមជាតិ​របស់​យើង​ជាងនេះទៅទៀត​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចងចាំ​ថា បើ​យើង​ស្រឡាញ់​ខ្លួន យើង​ស្រលាញ់​ឪពុកម្ដាយ និង​ស្រលាញ់​អនាគត​រុងរឿង ក្មួយៗ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្រឿងញៀន អំពើ​អបាយមុខ​ផ្សេងៗ​និង​អំពើ​អសកម្ម​នានា​។​

៥)​មាតាបិតា អាណាព្យាបាល​សិស្ស និង​សហគមន៍​ត្រូវ​រួមចំណែក​ឲ្យបាន​ខ្លាំង​ក្លា​បន្ថែមទៀត​ប្រកប​​ដោយ​និរន្តរភាព ក្នុង​ការជួយ​អប់រំ​កូនចៅ​ទាំង​ផ្នែក​សុខភាព​ចំណេះដឹង និង​សីលធម៌​។​

៦)​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ចូល​រួម​គាំទ្រ​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​គាំទ្រ​ផ្សេងៗ​ទៀត​សម្រាប់​គ្រប់​លទ្ធភាព ព្រមទាំង​ជំរុញ​សិស្ស​និង​យុវជន​ដែល​មិន​បាន​រៀនសូត្រ​ឬ​បោះបង់​ការសិក្សា​អោយ​មាន​ឱកាស​ទទួលបាន​ការរៀនសូត្រ​សារជាថ្មី​ជា​ពិសេស​ត្រូវ​ខិតខំ​បង្កលក្ខណៈ​ងាយស្រួល​ដល់​សិស្ស និង​យុវជន​ដែល​មាន​ការពិបាក​ឱ្យ​ទទួលបាន​លទ្ធភាព​ក្នុង​ការសិក្សា​រៀនសូត្រ​។​

៧)​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​រួម​មាន​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនា​វ​ដ្តី ព្រឹត្តិបត្រ​ព័ត៌មាន​របស់​របស់​រដ្ឋ និង​ឯកជន​សូម​ជួយ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ឲ្យបាន​កាន់តែ​ទូលំ​ទូលាយ​អំពី​សារៈសំខាន់​នៃ​ការអប់រំ ព្រមទាំង​អំពាវនាវ​ដល់​មាតាបិតា​អាណាព្យាបាល​សិស្ស​ឲ្យ​នាំ​កូន​ដល់​អាយុ​ចូលរៀន​ទៅ​ឈ្មោះ​ទៅ​ចុះឈ្មោះ​ចូល​រៀន​។​

៨) ដៃគូ​អភិវឌ្ឍ​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បង្កើន​កិច្ច​សហការ​និង​ពង្រឹង​ភាពជា​ដៃគូ​កាន់តែខ្លាំង​បន្ថែមទៀត​ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​អប់រំ​នានា​ជាពិសេស​នៅ​កន្លែង​ដែល​មាន​សេវា​អប់រំ​ពិបាក​ទៅដល់ ឬ​ក្រុមសិស្ស​ដែល​ជួប​ការលំបាក​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×