Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រណាំង​រថយន្ត​ឆ្លងកាត់​តំបន់​អភិរក្ស រ៉ា​លី​រ៉េដ ២០១៨ ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​

spot_img

​ភ្នំពេញ ​៖ “​រួមគ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​” នេះ​គឺជា​ប្រធានបទ​នៃ​ការប្រណាំង​រថយន្ត​ឆ្លងកាត់​តំបន់​អភិរក្ស រ៉ា​លី​រ៉េដ ២០១៨ ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន និង​សហព័ន្ធ​កីឡា​យានយន្ត កម្ពុជា​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី ៣១​ខែតុលា ឆ្នាំ ២០១៨ នៅ​ទីស្តីក្រ​សួង​បរិស្ថាន​ថា ការប្រណាំង​រថយន្ត​ក្រោម​ប្រធានបទ “​រួមគ្នា​ដើម្បី​​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នេះ​” ធ្វើឡើង​ដោយ​ឆ្លងកាត់​ចំនួន ៣ ​ខេត្ត ​គឺ​ខេត្ត​កំពង់ស្ពឺ ដោយ​ឆ្លង​ឆ្លងកាត់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ និង​ឧទ្យាន​ជាតិ​គិរី​រម្យ នៅក្នុង​ខេត្ត​កំពត​ដែល​ឆ្លងកាត់​តំបន់​ឧទ្យាន​​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ហើយ​នៅក្នុង​ខេត្ត​ព្រះសីហនុ ឆ្លងកាត់​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប​ជាង​៦៣០ គឺ​ឡូ​ម៉ែត្រ​។​

​បើ​តាម​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូបនេះ នេះ​ជា​លើក​ទី​១ ​ដែល​ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា រៀបចំ​ការប្រណាំង​រថ​យន្ត​នេះឡើយ​។ តាម​លោក នេត្រ​ ​ភ​ក្ត្រា ការប្រណាំង​រថយន្ត​ត្រូវបាន​រៀបចំ ២ លើក​រួចមកហើយ​គឺ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៧ និង​ខែមិថុនា ឆ្នាំ ២០១៨ ​នៅក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​។ ចំណែក​លោក ហូ សិទ្ធី​គុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ ​និង​អ្នក​រៀបចំ​កម្មវិធី​ប្រណាំង​រថយន្ត​រ៉ា​លី រ៉េដ ២០១៨ បាន​ថ្លែងឱ្យដឹងថា​នៅក្នុង ការប្រកួត​រយៈពេល ៤ ​ថ្ងៃនេះ​នឹង​មាន​ការចូលរួម​ពី​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​រួម​នឹង​អ្នក​សម្រប សម្រួល​កម្មវិធី​សរុប​ទាំង​អស់​ប្រមាណ ៨០​នាក់​ ដែល​មកពី ៥ ប្រទេស​គឺ​កម្ពុជា ថៃ អូស្ត្រាលី នូវែ​លសេ​ឡង់ វ៉ែល ស្កត់​ឡែន​។ លោក ហូ សិទ្ធី​គុណ​ ​បាន​ថ្លែងថា​ការសហការ រៀបចំ​ការប្រណាំង​រថ​យន្ត ជាមួយនឹង​ក្រសួង​បរិស្ថាន មិនមែន​ដើម្បី​ការ កម្សាន្ត​ ​និង​ការពង្រឹង​លើ​បច្ចេកទេស នៃ​ការប្រណាំង ដើម្បី​ឈាន​ទៅ​ចូលរួម​ប្រណាំង​រថយន្ត​ជា​លក្ខណៈ អន្តរជាតិ​ផ្សេងៗ​ទៀត​តែ​ប៉ុណ្ណោះ​នោះទេ​ ​គឺ​ដើម្បី​ផ្សាភ្ជាប់​ជីវិត​របស់​កីឡាករ កីឡា​ការិនី ទៅ​នឹង​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​។ បើ​តាម​លោក ហូ សិទ្ធី​គុណ​ ​កម្ពុជា​សម្បូណ៌​ដោយ​ធនធានធម្មជាតិ ដែល​ត្រូវ​បង្ហាញ​ដល់ ពិភពលោក​លោក​ទាំងមូល​ឱ្យបាន​ដឹង​។​ ​ទាក់ទង​នឹង​ការរៀបចំ​ឱ្យមាន​ការប្រណាំង​រថយន្ត ឆ្លងកាត់​តំបន់​អភិរក្ស​នៅ​កម្ពុជា​នេះ លោក នេត្រ ភ​ក្ត្រា​ ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​គូសបញ្ជាក់​ពី​សារប្រយោជន៍​ថា ដើម្បី​ផ្សព្វផ្សាយ​ពី​ស​ក្តានុ​​ពល​ធនធានធម្មជាតិ​ដែល​កម្ពុជា​មាន​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង ចូលរួម​ពង្រឹង​ការផ្សព្វផ្សាយ​ពី​ការអនុវត្ត​ច្បាប់​ និង​ផ្សព្វផ្សាយ​ពី​ភាព​សម្បូណ៌​បែប​នៃ​ធនធានធម្មជាតិ ព្រៃឈើ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ដែល​ប្រទេស​កម្ពុជា​មាន​ ​និង​ជំរុញ​ឱ្យមាន​ការចូលរួម​របស់​សាធារណជន ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន គង់វង្ស​ ​និង​ចូលរួម​ការពារ​បរិស្ថាន​ឱ្យ​មាន​និរន្តរភាព​។ លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ជឿ​ជាក់ថា​ ​តាមរយៈ​ការផ្សព្វផ្សាយ​ពី​ការប្រណាំង​រថយន្ត ឆ្លងកាត់​តំបន់​អភិរក្ស​នៅ​កម្ពុជា​នេះ នឹង​ធ្វើឱ្យ​ពលរដ្ឋ​បានដឹង​ពី​​សក្តានុពល​ទេសចរណ៍ធម្មជាតិ ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ ​ការបង្ហាញ​ពី​ទេសភាព​ស្រស់បំព្រង​នៃ​ព្រៃព្រឹក្សា ស្រែចម្ការ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ ហើយ​ក៏​ឆ្លងកាត់​កំណាត់​ផ្លូវ​លំបាកៗ​រួមាន​ផ្លូវ​ភ្នំ​ ​ផ្លូវ​ភក់ ផ្លូវ​ដីក្រហម ផ្លូវ​ខ្សាច់ ផ្លូវ​មាន​ឧបសគ្គ​។​

​ដោយបាន​គូសបញ្ជាក់​បច្ចុប្បន្ននេះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​រួមមាន​តំបន់ការពារធម្មជាតិ​ចំនួន ៥២ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ៣ (​ឦសាន្ត ឧត្តរ និង​ជួរ​ភ្នំក្រវាញ​) មាន​ផ្ទៃដី​សរុប​ទំហំ​ប្រមាណ ៧.២៣៩.៩២០ ហិកតា​ ​ស្ថិតនៅ​ក្រោម​ការការពា​រ និង​អភិរក្ស របស់​ក្រសួង​បរិស្ថាន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នេត្រ ភ​ក្ត្រា គូសបញ្ជាក់ថា​ ព្រឹត្តិការណ៍​របៀប​នេះ​នឹង​ត្រូវ​សហការ រៀបចំ​បន្តទៀត​ជាមួយ​សហព័ន្ធ​កីឡា​ ​យានយន្ត​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ ពី​តំបន់ការពារធម្មជាតិ របស់​កម្ពុជា​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​និង​ប្រជាជន​នៅលើ​ពិភពលោក ដើម្បី​ឱ្យ​ពួកគាត់​បាន​ដឹង​ពី​ភាព​សម្បូណ៌ បែប​នៃ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នៅក្នុង​ប្រទេស កម្ពុជា​ ​និង​រួម​គ្នា​អភិរក្ស ឱ្យបាន​គង់វង្ស សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×