Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​វិធីសាស្ត្រ​ណាមួយ ដែល​អាច​ជម្រះ​ផ្សែង​បារី​ពុល ចេញពី​ក្នុង​អគារ ឬ​កន្លែង​បិទ​ជិត​បាន​ឡើយ​

spot_img

​ភ្នំពេញ ៖ ផ្អែក​តាម​ការស្រាវជ្រាវ​របស់​វិទ្យាសាស្ត្រ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គ្មាន​វិធីសាស្ត្រ​ណាមួយ ដែល​អាច​ជម្រះ​ផ្សែង​បារី​ពុល ចេញពី​ក្នុង​អគារ ឬ​កន្លែង​បិទ​ជិត​បាន​ឡើយ​។ ដូចនេះ ទើប​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ មិន​អនុញ្ញាត​ឲ្យមាន បន្ទប់​សម្រាប់​អ្នក​ជក់បារី​ទេ លើកលែង​តែ​នៅ​ព្រលានយន្តហោះ​។ នេះ​ជា​ការជួយ​សម្រាល​បន្ទុក​ដ៏​ធំ របស់​ម្ចាស់​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ កុំឲ្យ​ចំណាយ​ថវិកា​ឥតប្រយោជន៍ ទៅ​លើ​ការបង្កើត​បន្ទប់ សម្រាប់​អ្នក​ជក់បារី និង​ជួយ​ការពារ​សុខភាព របស់​ប្រជាពលរដ្ឋ និង​ម្ចាស់​កន្លែង មិន​ឲ្យ​ស្រូប​ផ្សែង​បារី​ពី​គេ និង​ជួយ​គាំពារ​ដល់​ការកាត់បន្ថយ ការជក់បារី​របស់​អ្នក​ជក់បារី​ផងដែរ​។​

​ក្នុង​កម្មវិធី​ប្រកួត​និយាយ​ជា​សាធារណៈ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រធានបទ ”​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​” នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​កូរ៉េ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា អ្នកគ្រប់គ្រង ឬ​ម្ចាស់​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ មាន​តួនាទី​យ៉ាងសកម្ម ក្នុង​ការចូលរួម​អនុវត្ត​បរិស្ថាន គ្មាន​ផ្សែង​បារី មានដូចជា ១) បិទ​សញ្ញា​ហាម​ជក់​បារី​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន ២) ប្រមូល​ចាន​គោះ​បារី​ចោល​ឲ្យអស់ និង​៣) បង្គាប់​អ្នក​ជក់​ឲ្យទៅ​ជក់​នៅ​ខាងក្រៅ​ទីតាំង​របស់​ខ្លួន​ជា​ដើម​។​

លោក​វេជ្ជបណ្ឌិត បាន​បន្ថែមថា ម្ចាស់​កន្លែង​ដែល​មិន​បាន​អនុវត្តន៍ តាម​ចំណុច​ណាមួយ ក្នុង​ចំណោម​ចំណុច​ទាំងបី​នេះ នឹង​ត្រូវ​ពិន័យ ៥​ម៉ឺន​រៀល​។ ដើម្បីឲ្យ​ការអនុវត្ត​បរិស្ថាន គ្មាន​ផ្សែង​បារី​នេះ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ការផាកពិន័យ គឺជា​ករណី​ចាំបាច់ ក្នុង​ការញ៉ាំង​ឲ្យ​ទាំង​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​កន្លែង រួម​ទាំង​អតិថិជន​ឬ​ប្រជាជន គោរព​និង​ធ្វើ​តាម​ច្បាប់​នេះ យ៉ាង​មាន​ប្រសិទ្ធភាព​។ ទំហំ​ទឹកប្រាក់​នៃ​ការផាកពិន័យ ក្នុង​ការអនុវត្ត​ន៍​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុងប្រទេស​កម្ពុជា​យើង មាន​ចំនួន​តិចតួច​បំផុត បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន តែ​មាន​សារសំខាន់​យ៉ាង​ធំធេង ក្នុង​ការជួយ​ការពារ​អាយុជីវិត និង​កាត់បន្ថយ​ចំនួន​ប្រជាជន​កម្ពុជា ដែល​បាត់បង់​អាយុជីវិត ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។​

​គួរបញ្ជាក់​ថា ប្រទេស​សិង្ហ​បុរី​ពិន័យ ៧៥៨​ដុល្លារ​អាមេរិក ប្រទេស​វៀតណាម​ពិន័យ​ចន្លោះ​ពី ១៣២-២៤១៨ ដុល្លារ​អាមេរិក ចំពោះ​ម្ចាស់​កន្លែង ដែល​មិន​បាន​អនុវត្តន៍​តាម​ច្បាប់​។​

​លោក​បាន​បន្ថែមថា គោលបំណង នៃ​កម្មវិធី​ប្រកួត​និយាយ​ជា​សាធារណៈ​ក្រោម​ប្រធានបទ ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី គឺ​ដើម្បី​បំផុស​យុវជន ស្វែងយល់​ពី​អនុក្រឹត្យ​នេះ និង​លើក​ជា​អនុសាសន៍ ដើម្បីឲ្យ​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី កាន់តែ​ប្រសើរ​។​

នេះ​ជា​វគ្គ​ផ្តាច់ព្រ័ត្រ យុវជន​៥​នាក់ នឹង​ត្រូវ​ប្រកួត​សម្ថ​ភាព​និយាយ​ជា​សាធារណៈ ទៅលើ​ប្រធានបទ ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ដើម្បី​ទទួលបាន​ជ័យលាភី​៣​នាក់​។ ដើម្បី​ជា​សក្ខីភាព ដ៏​ដូចជា ចូលរួម​ស្វែង​យល់ ក្រេប​យក​ចំណេះដឹង បទពិសោធន៍ ព្រមទាំង​អបអរ​កម្មវិធី​ដ៏​មាន​សារប្រយោជន៍​នេះ មាន​យុវជន​ប្រមាណ​ជា​៥០០​នាក់ ដែល​ភាគច្រើន​ជា និស្សិត មក​ពី​សាល​ក​វិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ ចូលរួម​ជា​ភ្ញៀវកិត្តិយស រួម​ទាំង​ការផ្តល់​កិត្តិយស ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​។​

​ក្នុងឱកាស​នោះ​ដែរ លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍ថា វេទិកា​បរិស្ថាន​គ្មាន​បារី​នេះ ជា​វេទិកា​មួយ​ដ៏​ល្អ​ដែល​អាច​ផ្សព្វផ្សាយ​ដល់​និស្សិត និង​មហាជន ប្រជាពលរដ្ឋ និង​ផ្នែក​វិស័យ​ឯកជន​ដែល​ប្រកប​របរ​អាជីវកម្ម​ផ្នែក​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ពួកគាត់​ត្រូវ​ដឹង​ថា បរិស្ថាន​គ្មាន​បារី​ជា​បរិបទ​មួយ ក៏ដូចជា​ពិភពលោក តំបន់ និង​កម្ពុជា​ផង​ដែរ បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​នៅ​លើ​បញ្ហា​ផ្សេង​បារី​។ ហើយ​បញ្ហា​នេះ ត្រូវ​ទប់​ស្កាប់​កុំឲ្យ​មាន ការបាត់បង់ ឬ​ការស្លាប់ និង​ខូចខាត​ដោយ​បញ្ហា​ផ្សែង​​បារី​ដែល​មាន​នៅក្នុង​កម្ពុជា​យើង​នេះ​។ លោក​អនុរដ្ឋលេខាធិការ ក៏​បាន​អំពាវនាវ​ទៅ​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវា​ទេសចរណ៍​​ទាំងអស់ ឲ្យចូល​រួម​ទាំងអស់​គ្នា នូវ​ការអនុវត្ត​បរិស្ថាន​គ្មាន​បារី ដែល​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាជក់ បាន​ចេញ​តាំងពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៥ ដែល​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​បាន​ជ្រួតជ្រាប មុន​នឹង​មាន​ការផាកពិន័យ គឺ​ស្នើ​សូម​ចូលរួម​ទាំងអស់គ្នា បិទ​ស្លាក​សញ្ញា​ហាមឃាត់​ជក់បារី នៅ​កន្លែង​នៃ​ច្រកចេញចូល​ដែល​គេ​អាច​មើលឃើញ ហើយ​ដាក់​តាំង​ចាក​គោះ​បារី ហើយ​បើ​មាន​ភ្ញៀវ​ជក់បារី ត្រូវ​បាន​ប្រាប់​និង​ជម្រាប​គាត់​ថា​នៅ​កន្លែង​នេះ​មិន​អាច​ជក់បារី​បានទេ ហើយ​តម្រូវ​ឲ្យ​ពួកគាត់​ទៅ​ជក់​នៅ​កន្លែង​ដែល​មិន​ហាមឃាត់​។​

​យុវជន​ជ័យលាភី ពី​ក្នុង​កម្មវិធី​ប្រកួត​និយាយ​ជា​សាធារណៈ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រធានបទ ”​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​” បាន​និយាយ​ថា នាពេល​បច្ចុប្បន្ន យើង​គួរតែ​ចាប់អារម្មណ៍​ពី​បញ្ហា​បារី ដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ អត្រា​នៃ​ការស្លាប់ និង​អ្នក​ឈឺ​ពី​ការជក់បារី មាន​ការ​កើត​ឡើង​គួរឲ្យគត់សម្គាល់ ដូច្នេះ​ក្នុង​នាម​ពួកគាត់​ជា​យុវជន ត្រូវបាន​ការយល់​ពី​បញ្ហា​បរិស្ថាន​គ្មាន​ផ្សែង​បារី ហើយ​ពួកគាត់​ជា​កូន​សោ​មួយ​ដ៏​សំខាន់ សម្រាប់​ការផ្សព្វផ្សាយ​ទៅ​ដល់​អ្នកដទៃ​៕ ​ដោយ​ ៖ កូឡាប​

 

spot_img
×