Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្នួញ​ដី​ល្បីឈ្មោះ លោកស្រី​ឧកញ៉ា ស៊ុយ សុផាន ប្តឹង​សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា តែ​សាលាដំបូង​លើក​ពេល​ការចូល​បំភ្លឺ​

spot_img

​ភ្នំពេញ ៖ មេ​ឈ្មួញ​ដី​ដែល​សំបូរ​រឿងអាស្រូវ​លោកស្រី​ឧកញ៉ា ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ី​មិច បាន​ប្តឹង​អ្នកស្រី ភោគ សុ​ភី​ន សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា ពី​បទ​គំរាមកំហែង ដោយ​មាន​បញ្ជា​ឲ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​

​ចំណែក​តុលាការ​បាន​ចេញ​ដីកា​កោះហៅ​អ្នកស្រី ភោគ សុ​ភី​ន ឲ្យចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ពី​ដំណើរ​រឿង​លោកស្រី ស៊ុយ សុផាន ប្តឹង តាម​ដីកាកោះ ចេញ​កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោក ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច បាន​ប្តឹង​អ្នកស្រី ភោគ សុ​ភី​ន អាយុ​៤៥​ឆ្នាំ ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ហើយ​ត្រូវបាន​កោះហៅ​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨​។​

​អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​ទី​១​វិច្ឆិកា​នេះ បាន​ផ្សាយ​ថា “​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ពន្យារពេល ការចូល​បំភ្លឺ​របស់​សកម្មជន​ដីធ្លី នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ទៅ​ថ្ងៃក្រោយ​វិញ បន្ទាប់ពី​មាន​ការស្នើសុំ​ពី​មេធាវី​ការពារ​ក្ដី ឲ្យ​សកម្មជន​ដីធ្លី​ទាំង​៣​នាក់​នោះ​។ សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា អ្នកស្រី ភោគ សុ​ភី​ន ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃនេះ ហើយ​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី ស៊ា ណា​រ៉េត និង​កញ្ញា អ៊ឹម ស្រី​ទូច ក៏​ត្រូវបាន​តុលាការ​កោះហៅ ឲ្យចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ស្អែក​ទី​២​វិច្ឆិកា​នេះ​ផងដែរ​”​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា នេះ​បាន​សម្រេច​លើក​ពេល​ការចូល​បំភ្លឺ របស់​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ទៅ​ថ្ងៃក្រោយ​វិញ​។ សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា អ្នកស្រី ភោគ សុ​ភី​ន ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១​វិច្ឆិកា​នេះ ចំណែកឯ​សកម្មជន​ដីធ្លី​អតីត​តំបន់​បឹង​កក់​ចំនួន​ពីរ​រូប​ផ្សេងទៀត​គឺ អ្នកស្រី ស៊ា ណា​រ៉េត និង​កញ្ញា អ៊ឹម ស្រី​ទូច ត្រូវបាន​តុលាការ កោះហៅ​ឱ្យចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២​វិច្ឆិកា​។ ប៉ុន្តែ​សុទ្ធតែ​ត្រូវបាន​តុលាការ​សម្រេច​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ​។​

​មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ដីធ្លី​ទាំង​៣​រូប​គឺ លោក តឹក ធារ៉ូ បាន​ប្រាប់ថា ការចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១​វិច្ឆិកា​នេះ ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ទៅតាម​សំណើ​របស់​លោក​។ លោក​មាន​មូលហេតុ​ដែល​លោក​សុំ​ពន្យារពេល ដោយសារ​លោក​មិនទាន់​បាន​សិក្សា​ក្នុង​សំណុំរឿង​នេះ ឲ្យបាន​ច្បាស់លាស់​នៅឡើយ​។​

​សកម្មជន​ដីធ្លី​ទាំង​៣​រូបនេះ ត្រូវបាន​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ប្ដឹង​ដោយ​ចោទថា បាន​គំរាមកំហែង និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ដែល​បណ្ដឹង​នោះ​បាន​កើតឡើង​ក្រោយពី​ក្រុម​សកម្មជន​ដីធ្លី​ទាំងនោះ បាន​នាំគ្នា​តវ៉ា​នៅ​មុខ​គេហដ្ឋាន​របស់​អ្នកស្រី ស៊ុយ សុផាន កាលពី​ខែកក្កដា​កន្លងមកនេះ​។​

​បន្ទាប់​ពី​ចូល​ខ្លួន​តាម​ដីកា​កោះ របស់​តំណាង​អយ្យការ លោកស្រី គោក សុ​ភី​ន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្រៅ​របង​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា តំណាង​អយ្យការ​នៅ​មិនទាន់​បាន​សាកសួរ​អ្នកស្រី នៅឡើយ​ទេ ដោយ​ព្រះរាជអាជ្ញា​សុំ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​។​

​សូមបញ្ជាក់​ថា យោង​តាម​ដីកា​រកោះ របស់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស៊ី វណ្ណ​នី បាន​អញ្ជើញ​ឈ្មោះ ភោគ សុ​ភី​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​ជនសង្ស័យ មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដើម្បី​បំភ្លឺ ពី​ដំណើរ​រឿង​របស់​ឈ្មោះ ស៊ុយ សុផាន ប្តឹង​ពី​បទ គំរាមកំហែង​ដោយ​មាន​បញ្ជា​ឲ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​បំផ្លិតបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​៕​ ​ដោយ ​៖ ​រចនា​

spot_img
×