Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​សហរដ្ឋអាមេរិក ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​កាំកុងត្រូល លើ​ការងារ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានស្នើ​សហរដ្ឋអាមេរិក ជួយ​បណ្តុះបណ្តាល​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល លើ​ការងារ​ត្រួតពិនិត្យ និង​គ្រប់គ្រង​សុវត្ថិភាព​ម្ហូបអាហារ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​សិទ្ធ​ភាព​ការងារ និង​ធានា​ការ​លើ​កម្ពស់​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​។​

​សំណើ​របស់ លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង នា​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែល​នឹង​ត្រូវ​បញ្ជប់​បេសកកម្ម​ការទូត នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក អំពី​កំណែទម្រង់ របស់​ក្រសួង​ពាណិជ្ជកម្ម និង​កាតព្វកិច្ច​ស្នូល​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​ទទួលខុសត្រូវ​លើ​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ កិច្ចការពារ​អ្នកប្រើប្រាស់ និង​ការប្រកួតប្រជែង​ធុរកិច្ច​ដោយ​សមធម៌​។​

“​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​លើ​ការពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ ហើយ​នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល យើង​មាន​មន្ទីរពិសោធន៍ និង​ឧបករណ៍​មួយចំនួន ប៉ុន្តែ​ត្រូវការ​ជំនួយ​បច្ចេកទេស និង​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ពី​ជំនាញការ​អន្តរជាតិ ដូចជា​សហរដ្ឋអាមេរិក ដែល​មាន​បច្ចេកវិទ្យា​ទំនើប និង​បទពិសោធន៍​ខ្ពស់ ដើម្បី​កសាង​សមត្ថភាព​មន្ត្រី ក្នុង​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​ជា​ការឆ្លើយតប លោក William A. Heidt បាន​ទទួលយក​សំណើ​របស់ លោក​រដ្ឋមន្ត្រី និង​បាន​សន្យា​ធ្វើ​ការបន្ត​ជាមួយ​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំពេទ្យ (FDA) ដែល​ជា​ទីភ្នាក់ងារ​សហ​ព័ន្ធ ចំណុះឱ្យ​ក្រសួង​សុខាភិបាល​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​គំរូឧ​ត្ត​មានុ​វត្តន៍ (​ការអនុវត្ត​ល្អ​បំផុត​) សម្រាប់​ពង្រឹង​ការលើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ នៅក្នុង​ប្រទេស​កម្ពុជា​។​

​លើសពីនេះ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ លោក​រដ្ឋមន្ត្រី ដែល​កន្លងមក បាន​ផ្តល់​ការគាំទ្រ​ចំពោះ​វត្តមាន​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (AmCham) និង​កិច្ចសហការ​ល្អ​ជាមួយ​ស្ថានទូត ក្នុង​ការរៀបចំ​ទស្សនកិច្ច​សិក្សា និង​វេទិកា​ជំនួប​ធុរកិច្ច​ផ្សេងៗ ហើយ​ឯកឧត្តម នឹង​ស្នើ​ឯកអគ្គរដ្ឋទូត​ថ្មី អញ្ជើញ​វិស័យ​ឯកជន​កម្ពុជា ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម នៅក្នុង​សហរដ្ឋអាមេរិក ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×