Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ក្រុមហ៊ុន Chevron បង្កប់​សារ​អប់រំ​នៅ​តាម​ស្ថានីយ​ចាក់​ប្រេង​កាល់​តិច ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ផ្លូវថ្នល់​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​តំណាង​ក្រុមហ៊ុន Chevron Cambodia បិទ​ផ្សាយ​នូវ​សារ​អប់រំ​ខ្លីៗ នៅ​តាម​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​កាល់​តិច​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ផ្លូវថ្នល់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​មាន​ការកើនឡើង​ឥតឈប់ឈរ​រៀងរាល់ឆ្នាំ​។​

​សំណើ​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Chevron Cambodia ដឹកនាំ​ដោយ​លោក ស្ហា​ហ៊ីដ អា​មេ​ត (Shahid Amed) នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហ​បុរី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ស្វែងរក​ដំណោះស្រាយ ទាក់ទង​យន្តការ​កំណត់​តម្លៃ​ប្រេង​នៅ​កម្ពុជា នា​ពេលកន្លងមក​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​មូលហេតុ ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ផលប៉ះពាល់​ទៅ​លើ​កំណើន​សេដ្ឋកិច្ច និង​បាន​ស្នើសុំ​ក្រុមហ៊ុន Chevron Cambodia ចូលរួម​បិទ​ផ្សាយ​សារ​អប់រំ​ខ្លីៗ នៅតាម​បណ្តា​ស្ថានីយ​ចាក់​ប្រេង​កាល់​តិច ដើម្បី​បញ្ជ្រាប​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ទាក់ទង​បញ្ហា​សុវត្ថិភាព​ផ្លូវថ្នល់ និង​ហានិភ័យ​ចំពោះ​ការអភិវឌ្ឍ​សង្គម​។​

“​ក្រៅពី​បង្កប់​សារ​អប់រំ​នៅ​តាម​ស្ថានីយ បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច អាច​រម្លឹក​អតិថិជន​ដែល​ចូល​មក​ចាក់​សាំង​ថែមទៀត ធ្វើ​ដូចនេះ​បង្ហាញ​ពី​ការទទួលខុសត្រូវ និង​ការគិតគូរ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន ទៅ​លើ​សុវត្ថិភាព​អតិថិជន និង​សុវត្ថិភាព​ផ្លូវថ្នល់ ហើយ​កាល់​តិច​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​” លោក ប៉ាន សូរ​ស័ក្តិ បាន​បន្ថែម​។​

​ទាក់ទង​បញ្ហា​តម្លៃ​ប្រេង លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្ពុជា​ប្រកាន់​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​បើកចំហរ ដូច្នេះ​ពុំ​មាន​ការកំណត់​តម្លៃ​លើ​ទំនិញ និង​សេវាកម្ម​ឡើយ ហើយ​ចំណុច​នេះ បាន​ចែង​ច្បាស់​នៅក្នុង​គោលនយោបាយ គាំពារ​វិនិយោគ​របស់​កម្ពុជា​។ រាជរដ្ឋាភិបាល រង់ចាំ​ស្វាគមន៍​រាល់​គំនិត​ផ្តួចផ្តើម របស់​ក្រុមហ៊ុន ដែល​អាច​ដឹកនាំ​ទៅរក​ស្ថានភាព​ឈ្នះ​-​ឈ្នះ ទាំងអស់គ្នា​។​

​ជា​ការឆ្លើយតប លោក ស្ហា​ហ៊ីដ អា​មេ​ត (Shahid Amed) បាន​ឯកភាព និង​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​នូវ​អនុសាសន៍​ល្អៗ ដើម្បី​បង្កើន​ប្រជាប្រិយភាព របស់​ប្រេងឥន្ធនៈ​កាល់​តិច​។ លោក​នាយក​ក្រុមហ៊ុន​រូបនេះ ក៏​បាន​សន្យា​ដាក់បញ្ចូល​គំនិត របស់​លោក​រដ្ឋមន្ត្រី ទៅ​ក្នុង​កម្មវិធី​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) និង​យុទ្ធនាការ​ផ្សព្វផ្សាយ​នានា ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។​

​ទន្ទឹមគ្នានេះ លោក ស្ហា​ហ៊ីដ អា​មេ​ត ក៏​បាន​សន្យា​នាំមក​ជូន​ប្រជាពលរដ្ឋ​កម្ពុជា នូវ​ផលិតផល​ប្រេងឥន្ធនៈ ដែល​មាន​គុណភាព​លំដាប់​ពិភពលោក និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទំនើបៗ រួមជាមួយ​ឱកាស​ការងារ​ថ្មីៗ ដើម្បី​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​៕ ​ដោយ​៖​កូឡាប​

spot_img
×