Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​ទៅ​កាន់​ខេត្ត​កោះកុង សេវា​ស្នាក់នៅ ម្ហូបអាហារ នឹង​រៀបរយ​ស្រេចបាច់​មុន​បុណ្យ​សមុទ្រ​មកដល់​

spot_img

​កោះកុង ​៖ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសច​រថា ផ្លូវ​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កោះកុង សេវាកម្ម​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​តម្រូវការ​នានា នឹង​រៀបរយ​ស្រេចបាច់​មុន​ព្រឹត្តិការណ៍​ទេសចរណ៍​បុណ្យ​សមុទ្រ​ដ៏​ធំ​នេះ​ឈាន​ចូល​មក​ដល់​។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ថ្នាក់ដឹកនាំ​ទាំងពីរ គឺ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រួម​ជាមួយ​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង​ ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣ ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​សាលា​ខេត្តកោះកុង នា​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​នៅសល់​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្ត​កោះកុង នឹង​ឈាន​ចូល​មក​ដល់ ដែល​នឹង​ប្រារព្ធ​ឡើង​ធ្វើ ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​

​ចំពោះ​បញ្ហា​ការព្រួយបារម្ភ​មួយចំនួន​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ អំពី​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង លោក រដ្ឋមន្ត្រី ថោង ខុន បាន​ធានា​អះអាងថា បច្ចុប្បន្ននេះ ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​កោះកុង បាននិងកំពុង​ពន្លឿន​ការងារ​នេះ​ជា​រៀងរាល់ថ្ងៃ ពោល​កិច្ចការ​ទាំងនេះ​នឹង​រួចរាល់​ស្រេចបាច់​មុន​ពិធី បុណ្យ​សមុទ្រ​មកដល់​។​

​អភិបាល​ខេត្ត​កោះកុង បាន​ថ្លែងថា ជា​ការពិត​ណាស់ នៅពេល​ធ្វើដំណើរ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ ក្រុម​អ្នកសារព័ត៌មាន​ក៏​បាន​ឃើញ​ពី​ការ​មមាញឹក​របស់​ក្រុម​ការងារ​នានា នៅតាម​ការដ្ឋាន​ជួសជុល​ផ្លូវ​ជា​ច្រើន​កន្លែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៨ ក្នុងនោះ​គេ​ឃើញ​មាន​មន្ត្រី​ជំនាញ បុគ្គលិក​បម្រើការ​តាម​ការដ្ឋាន និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​ខិតខំ​ធ្វើ​កិច្ច​ការងារ​នេះ​យ៉ាង​មមាញឹក​។​

​លោក រដ្ឋមន្ត្រី ថោង ខុន និង​លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ធានា​អះអាង​ដែរ​ថា ក្រុមការងារ​កំពុង​ដោះស្រាយ​បញ្ហា​សេវា​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​តម្រូវការ​នានា ក្នុងនោះ​លោក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​មិន​ឱ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​កុំឱ្យ​ឡើងថ្លៃ​ហួស ហេតុ​ពេក ហើយ​បើ​តាម​អង្គប្រជុំ​នា​ថ្ងៃនេះ ក្រុម​ការងារ​ខាង​ភាគី​កម្ពុជា ក៏​បាន​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ដែល​មក​ទស្សនា​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង អាច​ឆ្លង​ទៅ​ទស្សនា​នៅ​ខេត្ត​ត្រាច ប្រទេស​ថៃ និង​ស្នាក់នៅ​ទីនោះ​បាន​ផង​ដែរ​។ ចំពោះ​ករណី​នេះ លោក រដ្ឋមន្ត្រី បាន​បញ្ជាក់​ប្រាប់ថា ជា​ស្មារតី ប្រមុខ​រាជ​រដ្ឋា​បាល​បាន​ឯកភាព​និង​គាំទ្រ​ហើយ ព្រោះ​លើក​មុន​រាជរដ្ឋាភិពាល​បាន​អនុញ្ញាតិ​ម្តង​ហើយ តែ​ធម្មតា គណកម្មាកា​អន្តរក្រសួង ត្រូវ​ធ្វើវ​លិខិត​ស្នើ​សុំ​ជា​ផ្លូវការ ថែម​ទៀត​។​

​ក្នុង​អង្គប្រជុំ​នេះ​ផង​ដែរ លោក រដ្ឋមន្ត្រី​ក៏បាន​ផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​អនុគណៈកម្មកា​រនា​នា មានដូចជា​៖ សម្រាប់​ខេត្ត​នៅ ជាប់​មាត់សមុទ្រ ឬ​តាម​បណ្ដា​ស្រុក​នានា​នៅក្នុង​ខេត្ត​កោះកុង ប្រសិនបើ​មាន​ម្ហូបអាហារ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​ខេត្ត ឬ​ស្រុក​រៀងៗ​ខ្លួន​នោះ គប្បី​ចូលរួម​តាំងពិព័រណ៍​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ក្រុម​ការងារ​ត្រូវ​ផ្ដល់​ស្ដង់​ម្ហូបអាហារ​ជូន​ពួកគេ​។ ត្រូវ​ពន្លឿន​ការ តុបតែង​លម្អ​ទីតាំង​សំខាន់ៗ​មួយចំនួន អម​ជាមួយ​ការបង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​អំពី​ពិធីបុណ្យ​សមុទ្រ​នេះ ដូចជា​នៅ​រង្វង់​មូល​ផ្លូវ បំបែក​ស្រែអំបិល និង​រង្វង់​មូល​ដើម​វិថី​សាយ​ភូថ​ង​។ ក្រៅពីនេះ ត្រូវដាក់​បង្ហាញ​ផ្ទាំង​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨ នៅតាម​សាលាឃុំ ឬ​នៅ​តាម​ទីតាំង​រដ្ឋបាល​នានា ដើម្បី​ផ្សព្វផ្សាយ​អំពី​ពិធីបុណ្យ​សមុទ្រ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ​។ នៅក្នុង​ក្រុង​ខេមរភូមិន្ទ នៃ​ខេត្ត​កោះកុង​ផ្ទាល់ ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​បើក​ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន​ផ្ទះសំណាក់ សណ្ឋាគារ​និង​អាជីវកម្ម​សេវាកម្ម​នានា​បន្ថែមទៀត ដើម្បី​ធានា​ការផ្គត់ផ្គង់​សេវាកម្ម​ជូន​ភ្ញៀវទេសចរ​នៅ​ពេល​មក​ទស្សនា​បុណ្យ​សមុទ្រ និង​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​កោះកុង ពិសេស​ត្រូវ​បន្ត​ការអនុវត្ត​យុទ្ធនាការ «​គ្មាន​សំរាម​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​»​។

មួយវិញទៀត ត្រូវ​ផ្សព្វផ្សាយ​ពី​សេវាកម្ម​នានា​ក្នុង​ខេត្ត​ជូន​ភ្ញៀវ​ទេសចរ​ផងដែរ​។ ត្រូវ​ផ្សព្វផ្សាយ​ពី​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​ជូន​ភ្ញៀវ​ទេសចរ​ឱ្យបាន​ដឹង​ច្បាស់ ដើម្បី​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​កុំឱ្យ​មាន​ការព្រួយបារម្ភ ពី​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​មក​ទស្សនា​បុណ្យ​សមុទ្រ​។ ត្រូវ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា នៅក្នុង​ខេត្ត​កោះកុង​ទៅដល់​ប្រជាពលរដ្ឋ ពិសេស​រមណីយដ្ឋាន​វិស្សមកាល តារា​សាគរ (​កោះ​ស្ដេច​) សហគមន៍​តា​តៃ សហគមន៍​បាក់​ខ្លង​សហគមន៍​អា​រ៉ែ​ង ច្រកព្រំដែន​ចាំ​យាម តំបន់​ព្រៃកោងកាង នៅ​សហគមន៍​ពាម​ក្រសោប​ជាដើម​។​

​លោក រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ចេះ​រៀបចំផ្ទះ​ស្នាក់​ជូន​ភ្ញៀវទេសចរ ពិសេស​ត្រូវ​ធ្វើ​សេចក្ដីជូនដំណឹង​ស្ដីពី ការ​ស្នាក់​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ នៅតាម​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​។ ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា ការរៀបចំ​សិល្បៈ តន្ត្រី ការរៀបចំ​ទស្សនីយភាព​នានា និង​ការរៀបចំ​កិច្ចការ​ផ្សេងៗ ក៏​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​រលូន​ផងដែរ គឺ​មាន​ការគិតគូរ ហាត់​សមជា​បណ្ដើរៗ​ហើយ​ដែរ​។ ទាក់ទង​ការសម្រួល​រថយន្ត​គ្រួសារ​ចេញ​ចូល​ទៅ​ថៃ លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា លោក គន់​ ​ញឹម អគ្គនាយក​គយ កំពុង​ជំរុញ​កែសម្រួល​បែបបទ​ថ្មី​ឲ្យបាន​ស្រួល អាច​ឲ្យ​កាន់តែ​ស្រួល​ជាង​ភាគី​ជិតខាង​ផង​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

     

spot_img
×