Friday, September 17, 2021

កូរ៉េខាងត្បូង បាញ់​ប្រដៅ​នាវា​នេសាទ​ចិន​ជាង 200​គ្រាប់​

កង​ល្បាត​សមុទ្រ​កូរ៉េខាងត្បូង នៅ​ថ្ងៃ ២០/១២ ឲ្យដឹងថា ពួកគេ​បាន​បាញ់​អស់ ២៤៦​គ្រាប់ ដើម្បី​ព្រមាន និង​រុញច្រាន នាវា​ល្បាត​ចិន រួមមាន ៤៤​គ្រឿង ដែល​សុទ្ធសឹងតែ​នាវា​នេសាទ​ខ្នាត​ធំ ស្រោប​ដែកថែប ប៉ុនប៉ង​ចូលមក​លួច​នេសាទ​ក្នុង​ដែនសមុទ្រ​កូរ៉េខាងត្បូង​។​

កង​នាវា​នេសាទ​ចិន តែង​ត្រូវបាន​ចាត់ទុកជា “​អាវុធ​” របស់​ចិន ក្នុង​ជម្លោះ​ផ្ទៃសមុទ្រ​។​

​ដំបូង​ឡើយ​នាវា​ល្បាត​របស់​កូរ៉េ​ខាងត្បូង បាន​ប្រើឧ​ឃោសន​ស័ព្ទ​ស្រែក​ឲ្យ​នាវា​នេសាទ​របស់​ចិន​ថយក្រោយ ប៉ុន្តែ​នាវា​ទាំង​នោះ​បែរជា​បើក​សំដៅ​ពួកគេ​ទៅ​វិញ ជាហេតុ​បង្ខំចិត្ត​ត្រូវ​ផ្ទុះ​អាវុធ​ព្រមាន និង​បង្ខំ​ឲ្យ​ថយក្រោយ​។​

​ចំពោះ​ករណី​នេះ ក្រសួងការបរទេស​ចិន ធ្លាប់បាន​ធ្វើ​កំណត់ហេតុ​ទូត ជុំវិញ​ករណី​ក្រុង​សេ​អ៊ូ​ល​ដើម្បី​បណ្តេញ​នាវា​នេសាទ​ចិន ។ ប៉ុន្តែ​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​អះអាង​ថា កងកម្លាំង​ល្បាត​របស់ខ្លួន​តែង​ប្រតិបត្តិ​នូវ​សកម្មភាព​ដែល​ច្បាប់​អនុញ្ញាត ហើយ​វា​ជា​រឿង​ស័ក្តិសម​សម្រាប់​ការ​ទប់ទល់​កង​នាវា​នេសាទ​ចិន រំលោភបំពាន​ដែនសមុទ្រ​កូរ៉េខាងត្បូង ដើម្បី​ធ្វើ​នេសាទ​ខុសច្បាប់​៕ ចន្ទ្រា​