Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​មេដាយមាស ស៊ី​ហ្គេម ឆ្នាំ​២០១៧ ស៊ន សៀវ​ម៉ី រំពឹងថា​នឹង​អាច​ការពារ​មេដាយមាស នៅ​ស៊ី​ហ្គេម ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ​ ៖ ម្ចាស់​មេដាយមាស កីឡា​តេ​ក្វាន់​ដូ WT ក្នុង​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ ស៊ី ឆ្នាំ​២០១៧ វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី បានដាក់​ក្តីសង្ឃឹម​យ៉ាងខ្ពស់​ជាថ្មី​ម្តង​ទៀតថា ខ្លួន​នឹង​អាច​ការពារ មេដាយមាស​បាន សម្រាប់​ការប្រកួត​ស៊ី​ហ្គេម ចុងឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។​

​កីឡាការិនី​ជម្រើសជាតិ​តេ​ក្វាន់​ដូ WT ស៊ន សៀវ​ម៉ី បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ការជឿជាក់​នេះ ដោយសារ ឈរ​នៅលើ​កត្តា ដូចជា​ការតាំង​ចិត្តរ​បស់​ខ្លួន​ដ៏​មុះ​មុត ក្នុងការ​បង្កើន​ការហ្វឹកហាត់​ត្រៀម​យ៉ាង​ខ្លាំងក្លា ចាប់​តាំង ពី​ខែមេសា ឆ្នាំ​២០១៩ និង​បន្តទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​កូរ៉េខាងត្បូង​ចំនួន​២​ខែ បន្ថែមទៀត ក្រោម​ការលើក ទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ គ្រូបង្វឹក ជាពិសេស​គឺ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT រួមទាំង​ក្រុម គ្រួសារ​ទាំងមូល​ក៏​តែងតែ​ផ្តល់ កម្លាំងចិត្ត​ជានិច្ច ដែល​ឲ្យ​កីឡាការិនី​រូបនេះ​មាន​ទឹកចិត្ត​មិនចេះ​រីងស្ងួត​។ ម្យ៉ាងទៀត សៀវ​ម៉ី ធ្លាប់​ឆ្លងកាត់​បទ ពិសោធន៍​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើនលើក​ផងដែរ​។​

​កីឡាការិនី ស៊ន សៀវ​ម៉ី បញ្ជាក់​បន្ថែមទៀតថា នាង​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​លើ​៧៣​គីឡូក្រាម ក្នុង​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ ប៉ុន្តែ​មិនទាន់​ច្បាស់​ថា​នឹងត្រូវ​ជួប ប្រកួត​ជាមួយ​កីឡាការិនី​ខ្លាំងៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ណាខ្លះ​នៅឡើយ ដោយ​នាង​គ្រាន់តែ​បញ្ជាក់ថា អាច​នឹង ប៉ះ​ជាមួយ​កីឡាការិនី​ជម្រើសជាតិ​ឥណ្ឌូណេស៊ី វៀតណាម ម្ចាស់ផ្ទះ ហ្វីលីពីន​ជាដើម​។​

​ជា​ចុងក្រោយ កីឡាការិនី​ជម្រើសជាតិ​តេ​ក្វាន់​ដូ​រូបនេះ​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​មេត្តា​ផ្តល់ ការគាំទ្រ កម្លាំងចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​តេ​ក្វាន់​ដូ ក៏ដូចជា​ប្រភេទ​កីឡា​ដទៃទៀត ដែល​ត្រៀមខ្លួន​ចូលរួម ប្រជែង​មេដាយ​យកមក​ជូន​ជាតិ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០១៩​នេះ​។ បច្ចុប្បន្ន ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ត្រៀម​៣០​ប្រភេទ​កីឡា សម្រាប់​ត្រៀម​ចូលរួម​ប្រកួត ប្រជែង មេដាយ​នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ដោយ​ក្នុងនោះ​មាន​៩​ប្រភេទ​កីឡា​ត្រូវ បាន​ចាត់​ចូល​ជា​ប្រភេទ​កីឡា​សក្តានុពល​។ កាលពី​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​កម្ពុជា​បាន​យកឈ្នះ មេដាយមាស ចំនួន​៣​វិញ្ញាសា​លើ​ប្រភេទ​តេ​ក្វាន់​ដូ ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី​, មេ ដាយ​មាស​ដោយ​ប្រភេទ​កីឡា​ប៉េតង់ និង​ប្រដាល់​គុន​ខ្មែរ អមដោយ​មេដាយប្រាក់​២​គ្រឿង មេដាយ​សំរឹទ្ធ​ចំនួន ១២​គ្រឿង សរុប​១៧​គ្រឿង​។ គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១៤ កម្ពុជា​បាន​កសាង​កិត្តិយស និង​កេរ​ឈ្មោះ​លេចធ្លោ​នៅលើ​ឆាក​អន្តរ ជាតិ ដោយ​កម្ពុជា​បានឈ្នះ​មេដាយមាស​ទី​១ ដោយ​វីរ​កីឡាការិនី​តេ​ក្វាន់​ដូ WT ស៊ន សៀវ​ម៉ី ដែល​បាន​បំបែក កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ រយៈពេល​៦០​ឆ្នាំ​។

​ម្ចាស់​មេដាយមាស​អាស៊ី ស៊ន សៀវ​ម៉ី គឺជា​បេក្ខភាព តែមួយគត់​របស់​កម្ពុ​ជា ដែល​សាង​ភាពលេច​ធ្លោ​ប្រកួត​ឆ្លង​ផុត​វគ្គ​ជម្រុះ​ទ្វីបអាស៊ី នៅ​ប្រទេស​ហ្វី​លីន មុនពេល បាន​សិទ្ធិ​ផ្លូវការ បន្តទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេម កាលពី​ឆ្នាំ​២០១៦ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ដោយ​កន្លងមក​ការចូលរួម​ប្រកួត​របស់​កម្ពុជា​ក្នុង​អូឡាំពិក​ហ្គេម គឺជា​ការផ្តល់​សិទ្ធិ​អនុគ្រោះ​របស់​អូឡាំពិក​អន្តរ ជាតិ​តែប៉ុណ្ណោះ​។​

​កីឡាករ កីឡាការិនី​ជម្រើសជាតិ​តេ​ក្វាន់​ដូ WT ៩​នាក់ បានចេញ​ដំណើរ​ទៅ​បង្កើន​ការហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​ឲ្យ​បាន​កាន់តែ​ប្រសើរ នៅ​សាធារណរដ្ឋ​កូរ៉េ មុន​ចេញទៅ​ចូលរួម​ប្រជែង​មេដាយ​នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​

ក្នុង​ពិធី​ជួបជុំ​ជូន​ដំណើរ កីឡាករ កីឡាការិនី​ជម្រើសជាតិ​តេ​ក្វាន់​ដូ WT កម្ពុជា នៅ​ទីស្នាក់ការ​របស់ខ្លួន រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នេះ ក្រុម​អត្ត​ព​លិ​ក​ត្រូវ​ហោះ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ ដែលជា​កន្លែង​ហ្វឹកហាត់​តែម្តង​។​

​លោក​ជ្រិ​ន សុធា អនុប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT (​ស្ទីល​កូរ៉េខាងត្បូង​) បញ្ជាក់ថា ការហ្វឹកហាត់​នៅ​ប្រទេស​ម្ចាស់​ក្បាច់គុន តេ​ក្វាន់​ដូ WT នេះ គឺ​ដើម្បី​ត្រៀមខ្លួន​ឲ្យ​កាន់តែ​ក្លាំងក្លា នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ចុងឆ្នាំ​២០១៩​នេះ​។ តេ​ក្វាន់​ដូ WT នេះ គឺជា​ប្រភេទ​កីឡា​អូឡាំពិក​ដ៏​ពេញនិយម​នៅលើ​ពិភពលោក ដែលមាន​អ្នកលេង​ច្រើនជាងគេ​រហូតដល់ ៩០​លាន​នាក់ នៅក្នុង​ចំណោម ២០៥​ប្រទេស ហើយ​សម្រាប់​កម្ពុជា ក៏មាន​ក្តី​រំពឹង​ខ្ពស់​ដែរ​ថា នឹង​ប្រជែង​បាន​មេដាយ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំនេះ ក៏ដូចជា​ឈានទៅ​ប្រជែង​មេដាយ នៅក្នុង​កម្រិត​កីឡា​អាស៊ី (Asian Games) និង​អូឡាំពិក​ហ្គេម នាពេលខាងមុខ​ផងដែរ​។​

​លោក​អនុប្រធាន​បានដាក់​ក្តី​រំពឹង​ខ្ពស់​ថា ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​របស់ខ្លួន ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ព្រម​ជាមួយនឹង​ការគាំទ្រ​ពី​វិស័យ​ឯកជន​នឹង​ជួយ​បង្កើន​គុណភាព​សមត្ថភាព​របស់​អត្ត​ព​លិ​ក​កាន់​តែមាន​បច្ចេកទេស​ខ្ពស់ៗ ហើយ​មាន​ចំណាត់ថ្នាក់​ពិភពលោក​ខ្ពស់ៗ​ទៀតផង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×