ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល១០ខែ កម្មករនិយោជិតជាង៦ ៧០០នាក់ ស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍!

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ កម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា ប្រមាណជាង៦ ៧០០នាក់ បានស្លាប់ និងរ ងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះមានអ្នកស្លាប់ចំនួន៨៥នាក់ និងអ្នករងរបួសធ្ងន់ជាង១ ៦០០នាក់ ដែលបង្ហាញពីបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភចំពោះសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងកម្មករនិយោជិតបានកើតឡើងចំនួន៦ ០១៧ករណី ដោយមានជនរងគ្រោះសរុប៦ ៧៣៧នាក់ ក្នុងនោះស្ត្រីចំនួន៤ ៤៧៦នាក់។

ក្នុងចំណោមជនរងគ្រោះទាំងនេះ មានអ្នកស្លាប់ចំនួន៨៥នាក់ រងរបួសធ្ងន់ចំនួន១ ៦០៧នាក់ និងរងរបួសស្រាលចំនួន៥ ០៤៥នាក់។

លោកបានបញ្ជាក់ថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ មាន១៣ករណីពាក់ព័ន្ធនឹងរថយន្តដឹកកម្មករនិយោជិត ដែលបណ្តាលឱ្យមានជនរងគ្រោះសរុប២៧៦នាក់ ក្នុងនោះស្លាប់១៤នាក់ រងរបួសធ្ងន់៤១នាក់ និងរងរបួសស្រាល២២១នាក់។

លោក ហេង សុផាន់ណារិទ្ធ បានលើកឡើងថា កត្តាចម្បងៗដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរមិនប្រកាន់ស្តាំ ឬបើកបរបញ្ច្រាសទិស ការមិនគោរពសិទ្ធិអាទិភាព ការបត់បែនមិនត្រឹមត្រូវ ព្រមទាំងកត្តាបច្ចេកទេស និងស្ថានភាពយានយន្ត។

អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ ទាំងអ្នកប្រើប្រាស់ម៉ូតូ និងអ្នកធ្វើដំណើរតាមរថយន្តដឹកកម្មករ ដោយត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតទាំងអស់ ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ចរាចរណ៍ និងយកចិត្តទុកដាក់បំផុតរាល់ពេលបើកបរ ព្រោះសុវត្ថិភាពរបស់កម្មករនិយោជិតដែលជិះក្នុងរថយន្ត គឺជាការទទួលខុសត្រូវដ៏សំខាន់របស់អ្នកបើកបរ។

លោកបានបន្ថែមថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គមកំពុងបន្តចុះអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិតតាមរោងចក្រនានា ជាពិសេសកម្មករដែលធ្វើដំណើរដោយម៉ូតូ ដោយជំរុញឱ្យពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា។

បន្ថែមពីនេះ ប.ស.ស. ក៏កំពុងជំរុញឱ្យមានការកែលម្អរថយន្តដឹកកម្មករឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព ព្រមទាំងចុះសិក្សាស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុចម្បងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកម្មករនិយោជិត។

ជាពិសេស ប.ស.ស. កំពុងជំរុញឱ្យម្ចាស់យានយន្តប្តូរពីការប្រើប្រាស់រថយន្តដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កសម្រាប់ដឹកកម្មករ មកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរជំនួសវិញ។

ចំពោះរថយន្តដឹកទំនិញដែលដឹកកម្មករឈរនៅខាងក្រោយ ក៏ត្រូវជំរុញឱ្យប្តូរទៅប្រើរថយន្តដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យ និងការបាត់បង់អាយុជីវិតរបស់កម្មករនិយោជិតនៅលើដងផ្លូវ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម