Saturday, January 22, 2022

តារា​កម្ពុជា​មួយ​ក្រុម ចេញ​ច្រៀង​ឆ្លង​ឆ្នាំ​ជូន​ពលករ​នៅ​ប្រទេស​ថៃ ដោយ​ស្ម័គ្រចិត្ត​

ភ្នំពេញ​-​ដោយ​មាន​កិច្ចសហការ រវាង អង្គការ​ខ្ញុំ​ខ្មែរ និង​ក្រោម​ការសហការ​ជាមួយនឹង​គ្រួសារ​តារា​កម្ពុជា តំណាង​ពលករ​នៅក្នុង​ចក្រ​ប្រទេស​ថៃ បាន​រៀបចំ​ឲ្យមាន​ការប្រគុំ​តន្ត្រី ដើម្បី​បង្កើន​ភាពសប្បាយ​រីករាយ​ដល់​ពលករ​ខ្មែរ​នៅក្នុង​នគររាជ​សី ក្រុមគ្រួសារ​តារា​កម្ពុជា ដែល​មាន​តារា​សម្តែង​ប្រុស​-​ស្រី ជាច្រើន​នាក់​បាន​រាំច្រៀង ញ៉ាំង​ឲ្យ​កម្មវិធី​ទាំងមូល​មាន​ភាពសប្បាយ​រីករាយ​ក្រៃ​លេង​។

​លោក ស៊ុម​ឆៃ តំណាង​ពលករ​ខ្មែរ​នៅ​ខេត្ត​នគររាជ​សី​ម៉ា បាន​អះអាង​ថា ក្នុងចំណោម​ពលករ​ខ្មែរ ដែល​បាន​បម្រើការ​នៅក្នុង​រោងចក្រ​នៅក្នុង​ប្រទេស​ថៃ មិន​សុទ្ធតែ​មាន​ឱកាស​មក​លេង​ស្រុក​កំណើត​ជា​រៀងរាល់ឆ្នាំ និង​មាន​ឱកាស​បាន​ជួបជុំគ្នា ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​នោះទេ ទើប​វត្តមាន​របស់​តារាៗ​ពី​ប្រទេស​កម្ពុជា ដែល​បាន​ទៅ​ស្ម័គ្រចិត្ត​ទៅ​ច្រៀង​នៅក្នុង​ពិធី​ជប់លៀង​ប្រចាំឆ្នាំ ដែល​បាន​ធ្វើឡើង​ក្រោម​ការសហការ​របស់​អង្គការ​ពី​ប្រទេស​កម្ពុជា និង​ក្រុម​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ គឺជា​រឿង​កម្រ​មួយ​ដែល​មិន​ធ្លាប់​កើតឡើង​។

​នេះ​គឺជា​លើក​ទី​១ ដែល​លោក​ស្នើ មក​កាន់​អង្គការ​ខ្ញុំ​ខ្មែរ ដែល​តែងតែ​មាន​សកម្មភាព​ផ្នែក​សប្បុរសធម៌ នៅក្នុង​ប្រទេស​ថៃ តាមរយៈ​ការអញ្ជើញ​តារា​ខ្មែរ មក​ច្រៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​កន្លងមក ហើយក៏​បាន​ទទួល​ចាត់ចែង​ជួយ​ខាង​តារាចម្រៀង​ពី​កម្ពុជា តាម​សំណូមពរ​ពី​ក្រុម​ពលករ​ខ្មែរ ដោយ​មាន​តារាៗ​មួយចំនួន​ពី​គ្រួសារ​តារា​កម្ពុជា​ចូលរួម​ផង​។

​លោក Aten ជានិច្ច ម្ចាស់​អង្គការ​ខ្ញុំ​ខ្មែរ និង​ជា​អ្នកចំណាយ​ការអញ្ជើញ​តារាៗ​ពី​ប្រទេស​កម្ពុជា ក្រោម​ការចាប់​ដៃ​ជាមួយ​គ្រួសារ​តារា​កម្ពុជា បាន​អះអាង ដោយសារតែ​មាន​សំណូមពរ ហើយ​ក៏​ចង់អោយ​បងប្អូន​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ ក្រោម​ការគ្រប់គ្រង​របស់តំណាង​ពលករ លោក ស៊ុម​ឆៃ ទទួល​បាន​ភាព​រីករាយ ជាមួយ​តារាចម្រៀង​ខ្មែរ ទើប​លោក​សម្រេចចិត្ត​រៀបចំ​ការចាត់ចែង​នោះ ដោយ​ការ​រ៉ាប់រង​លើ​តារា​ពី​កម្ពុជា ដែល​ស្ម័គ្រចិត្ត​ទៅ​ជួយ​គឺ​ជា​បន្ទុក​ផ្ទាល់ខ្លួន​របស់​លោក​។ លោក​មាន​បំណង​តែមួយគត់ គឺ​ចង់អោយ​ពលករ​ខ្មែរ​បាន​ញញឹម បាន​សប្បាយ ក្នុងឱកាស​ឃ្លាត​ស្រុក ហើយ​អ្វី​ដែល​លោក​ចង់​បាន ក៍​ចង់​ដឹកនាំ​តារា​មួយ​ចំនួន​ពី​ប្រទេស​កម្ពុជា អោយ​មាន​ឱកាស​បាន​ឃើញ​ដោយ​ផ្ទាល់​ពី​ការរស់នៅ និង​សភាព​របស់​ពលករ​ខ្មែរ នៅក្នុង​ប្រទេស​ថៃ​។

​គួរបញ្ជាក់​ថា តារា​កម្ពុជា​ដែល​បាន​ទៅ​ច្រៀង​នៅ​ទីនោះ សុទ្ធតែ​បាន​អ្នកចូលរួម​ឱបថើប និង​ស្វាគមន៍​យ៉ាង​មាន​កិត្តិយស​លើសពី​ការបង្ហាញ​ខ្លួន​របស់​តារា​ទាំងនោះ​នៅក្នុង​កម្មវិធី​ខ្លះ​នៅក្នុង​ស្រុក​ឆ្ងាយ​ណាស់​។ ជាក់ស្ដែង​ក្រុម​ពលករ​ខ្មែរ ក៍​បាន​ឡើង​រាំ​យ៉ាង​ណែន​វេទិកា ធ្វើ​អោយ​តារា​ដែល​បាន​បង្ហាញខ្លួន​កាន់តែ​មាន​កម្លាំង​ចិត្ត​នោះ​ផង​៕ ដោយ​-​គីម ស្រីរ័ត្ន​