Wednesday, September 22, 2021

ជួប​ជាមួយ​ដង្កូវ​គួរឲ្យ​… ស្រឡាញ់​ព្រោះ​វា​ប្លែក​ទៀតហើយ​!

លើ​ភព​ផែនដី​នេះ ពុំមែន​ដង្កូវ​ណា​ក៏​មាន​រោម​ចម្លែកៗ​គួរឲ្យខ្លាច​នោះ​ទេណា៎​! ព្រោះ​នៅ​មាន​ពូជ​ដង្កូវ​គួរឲ្យ “​ស្រឡាញ់​” សម្បូរ​បែប​ន​ជួយ​តុបតែង​លម្អរ​ពី​ធម្មជាតិ​ឲ្យ​រឹតតែ​… ស្រស់បំព្រង​ចម្រុះ​ពណ៌​។​

១.​ដង្កូវ​ពស់​៖ វា​មាន​ក្បាល​ដូច​ពស់ ដ៏​គ្រោះថ្នាក់​មួយ​អីចឹង តែ​ការពិត​ទៅ​វា​ជា​អម្បូរ​ដង្កូវមេអំបៅ Deilephila elpenor, ដែល​សម្បូរ​នៅ​អង់គ្លេស និង Ireland​។ ពេល​ជួប “​សត្រូវ​” វា​បង្រួម​ខ្លួន​វា​ក្លាយជា​រាង​ដូច​ពស់​បើកភ្នែក​ធំៗ ជាហេតុ​នាំ​ឲ្យ​បច្ចាមិត្រ​ភ័យខ្លាច រត់​ផាស់ក្រញាំ​។​

២.​ដង្កូវ Wattle Cup

​វា​មាន​ពណ៌​សម្បុរ​ឆើតឆាយ​បំផុត​លើ​ផែនដី ហើយ​រាងរៅ​ក៏​ចម្លែក​ខុស​គេ​ដែរ​។ គេ​រក​ឃើញ​វា​សម្បូរ​នៅ​ភាគ​ខាងជើង​អូស្ត្រាលី​។ លើ​ដងខ្លួន​វា​មាន​បន្លារ សម្រាប់​ការពារ​សត្រូវ ព្រោះ​វា​អាច​បង្ក​ការឈឺចាប់​លើស​ឃ្មុំ​ទិច​៣​ដង​ឯណោះ​។​

៣.​ដង្កូវ​ផ្កា​

​អម្បូរ​ដង្កូវ Synchlora aerate ពិតជា​កំពូល​អ្នក​ប្រែ​កាយ​។ វា​អាច​ប្តូរ​សណ្ឋាន​រាងរៅ​បន្លំ​ជាមួយ​បរិស្ថាន​ជិតៗ​វា​។ ចំណី​ពេញ​និយម​របស់​វា គឺ​ផ្កា ហើយ​ពេល​វា​ស៊ី​ឆ្អែត ផ្កា​នោះ​ស្រពោន​វា​បំប្លែង​កាយ​ជំនួស​ផ្កា​ទៅវិញ​។ នេះ​ឯង​ក៏​ជា​ប្រភព​នាំ​ឲ្យ​វា​មាន​ឈ្មោះ​បែបនេះ​។​

៤.​ដង្កូវ Parasa indetermina

​ដង្កូវ​នេះ​មាន​ប្រវែង​ប្រហែល ២,៥​សង់ទីម៉ែត្រ និង​ពណ៌​ស្រស់​ឆើតឆាយ វា​រស់នៅ​ច្រើន នា​តំបន់​ព្រៃ​ប៉ែក​ខាងលិច​អាមេរិក​។ លើ​ខ្លួន​វា​មាន​បន្លារ​ពណ៌​លឿង បង្ក​ការឈឺចាប់​ដល់​សត្រូវរ​បស់​វា​។​

​ 

៥.​ដង្កូវ​មេអំបៅ Melanitis leda bankia

​ប្រភេទ​ដង្កូវ Melanitis leda bankia មាន​ប្រភព​ចេញពី​តំបន់ Brisbane ប្រទេស​អូស្ត្រាលី​។ ខ្លួន​វា​ទាំង​មុខ​មាន​ពណ៌​បៃតង អុ​ចៗ​ពណ៌​ស​។ ផ្នែក​ក្បាល​ពណ៌​បៃតង​ខ្លាំង ហើយ​មាន​ពុកមាត់​ពណ៌​ខ្មៅៗ​។​

៦.​ដង្កូវ “Iron man”

​ពពួក​ដង្កូវមេអំបៅ មាន​សត្រូវ​ច្រើនណាស់ ហេតុនេះ​ដើម្បី “​រស់​” ពួក​វា​តែង​ជ្រើសរើស​វិធី​ការពារ​ខ្លួន​ប្លែកៗ (​ដូចខាងលើ​)​។ ចំពោះ​ដង្កូវ​នេះ​វិញ​វា​មាន​ក្បាល​ដូច​តួអង្គ Iron man ភ្នែក​ទាំង​គូ​ធំៗ ក្បាល​ឡើង​មូល​។ គេ​ឃើញ​វត្តមាន​របស់​វា​សម្បូរ​នៅ​ហ្វីលីពីន​។​

៧.​ដង្កូវ​គ​ហិប​តី Cerura iberica

​ដង្កូវ​របស់​គ​ហិប​តី Cerura iberica របស់​នៅអេ​ស្ប៉ាញ ក៏​បំពាក់​ក្បាល​វា​ឲ្យមាន​ផ្ទៃមុ​ខកាច​សាហាវ​ទុក​គ្រាន់​សម្លុត​បច្ចាមិត្រ ខណៈ​ដងខ្លួន​របស់​វា ខ្លី​ធាត់​ទ្រ​លុកៗ មើលទៅ​គួរ​ឲ្យ​សើច​ជាង​ខ្លាច​។​

៨.​ដង្កូវ “Hello Kitty”

​អម្បូរ​ដង្កូវមេអំបៅ Bush Brown (Mycalesis Gotama) មាន​រាងរៅ​គួរឲ្យ​អស់សំណើច ក្បាល​វា​ពួកក្មេងៗ​ចូលចិត្ត​ខ្លាំងណាស់ គឺ “Hello Kitty”​។ វា​សម្បូរ​នៅ​ជប៉ុន​។​

៩.​ដង្កូវ Saddleback

​វា​គួរឲ្យ “​ញញើត​” ព្រោះតែ​ខាំ​ឈឺ​ចុកចាប់ (​តែ​ពុំ​… ស្លាប់​ទេ​)​។ វា​មាន​ក្បាល​២ នៅ​សងខាង ដែល​មាន​ស្នែង​ដុះ​ចេញ​។ ដងខ្លួន​ប្រវែង​ប្រមាណ ២,៥​សង់ទីម៉ែត្រ ហើយ​នៅ​កណ្តាល​មាន​អុច​ពណ៌​ខ្មៅ​ធំ​១ សងខាង​មាន​គែម​ពណ៌​ស មើល​ទៅ​ស្រដៀង​កែប​សេះ​។​

១០.​ដង្កូវ “Donald Trump”

​ភិនភាគ​ខាង​ក្រៅ​របស់​វា​ពិតជា​ស្រដៀង​ម៉ូត​ស​ក់លោក Donald Trump​។ រោម​ដ៏​ក្រាស់​ពណ៌​លឿង​គួរ​ឲ្យ​គយគន់ តែ​កុំ​ប៉ះ​វា ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នកហើម​ដៃ​១​រយៈពេល​វែង​…​គួរសម​។​

ដង្កូវ​ពិតជា​គួរ​ឲ្យ​ស្រឡាញ់​មែន​ទេ​ប្រិយមិត្ត​! បម្រែបម្រួល​នៃ​រូបរាង​របស់​វា​សំខាន់​គឺ​ដើម្បី “​រស់​” តែប៉ុណ្ណោះ​។ យ៉ាងណាៗ​ក៏​វា​ជួយ​ឲ្យ​ពិភព​ធម្មជាតិ​របស់​យើង​ស្រស់បំព្រង​…​ដែរ មែន​ទេ​?! ដោយ ៖ សូ​យ​ន​