បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីដល់ម៉ោងដាក់បម្រាម របស់រាជដ្ឋាភិបាល មិនឲ្យមានការឆ្លងដែន ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត ឬតាមខេត្តឆ្លងទៅខេត្តផ្សេងៗ សម្រាប់ខេត្តបាត់ដំបង ការធ្វើដំណើរចេញចូល របស់យានយន្តផ្សេងៗ ឆ្លងកាត់មានតិចតួចប៉ុណ្ណោះ។
ការចុះត្រួតពិនិត្យ ការធ្វើដំណើររបស់ពលរដ្ឋ នៅព្រំប្រទល់ខេត្តបាត់ដំបង ត្រង់ចំណុចភូមិថ្នល់បទ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី និងព្រំប្រទល់ ខេត្តពោធិ៍សាត់ ត្រង់ចំណុចឃុំស្វាយដូនកែវ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។
លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាល អាជ្ញាធរស្រុក សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត។ នៅក្នុងប្រតិបត្តិការនេះ គឺមានការចូលរួមសហការ បានល្អពីសំណាក់ពលរដ្ឋ ធ្វើដំណើរនៅលើដងផ្លូវ ដោយសារពួកគាត់ បានយល់ដឹងច្រើន ពាក់ព័ន្ធនឹងបម្រាមគោចរនេះ ព្រោះរាជរដ្ឋាភិបាល ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្រៅពីរថយន្តដឹកទំនិញ គឺកម្លាំងបានត្រួតពិនិត្យរថយន្តប្រភេទតូច និងរថយន្តប្រភេទរថយន្តឈ្នួលដឹកមនុស្ស ដើម្បីអប់រំផ្សព្វផ្សាយ ពីសារាចររបស់រាជរដ្ឋាភិបាល និងត្រូវអនុវត្តតាម។
លោក ទេព ហន បានបញ្ជាក់ថា ជាមួយនឹងការត្រួតពិនិត្យនេះ សមត្ថកិច្ច បានអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ត្រូវចេះបង្ការការពារ និងជួយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងអនុវត្តជាមួយរាជរដ្ឋាភិបាល ។ រាជរដ្ឋាភិបាល បានចេញសារាចរ ចាប់ពីម៉ោង២៤ និង០០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ មិនឲ្យមានការឆ្លងពីរាជធានីទៅបណ្ដាខេត្ត និងពីខេត្តមួយទៅខេត្តមួយ ដែលបម្រាមនេះ នឹងត្រូវអនុវត្តរហូតដល់ម៉ោង២៤ និង០០នាទីយប់ ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២០ ៕ដោយៈអ៊ុងសារុំ