Monday, December 6, 2021

មន្ត្រីជាន់ខ្ពស់​អា​មេ​រិច​ថា ចិន​ក្លាយជា​ប្រទេស​គំរាមកំហែង​ដល់​អា​មេ​រិច​ខ្លាំង​បំផុត​ក្នុង​មួយ​ទសវត្ស​ខាងមុខ​

​មន្ត្រី​យោធា​ជាន់ខ្ពស់​អា​មេ​រិច​ឧ​ត្ត​ម​សេនីយ៍ Joseph Dunford បាន​ថ្លែងប្រាប់​សភា​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ចិន ទំនង​នឹង​ក្លាយជា​ប្រទេស​ដែល​ផ្តល់​ការគំរាមកំហែង​ខ្លាំងក្លា​បំផុត​ដល់​អា​មេ​រិច ក្នុង​រយៈពេល​មួយ​ទសវត្ស​ខាងមុខ​ទៀត​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន​អា​មេ​រិច CNN​។​

​លោក​ថ្លែងថា “​ខ្ញុំ​គិតថា ប្រទេស​ចិន​ប្រហែល​នឹង​ផ្តល់​ការគំរាមកំហែង​ដ៍​ខ្លាំង​បំផុត​ដល់​ប្រជាជាតិ​របស់​ពួកយើង​នៅក្នុង​ឆ្នាំ​ប្រហែល ២០២៥​ខាងមុខ​”​។​

​កាលពី​ឆ្នាំ ២០១៥ លោក Joseph Dunford ធ្លាប់បាន​ថ្លែង​នៅក្នុង​សភា​ថា រុស្សី នឹង​ក្លាយជា​ការគំរាមកំហែង​ខ្លាំង​បំផុត​ដល់​អា​មេ​រិច ហើយ​បន្ទាប់មក​គឺ​ចិន និង​កូរ៉េខាងជើង​។ ប៉ុន្តែ​ពេលនេះ លោក​បាន​ផ្លាស់ប្តូរ​វា​តាម​ការមើលឃើញ​របស់​គាត់ ដោយ​និយាយថា ចិន​ឯនេះ​វិញ​ទេ ដែល​នឹង​គំរាមកំហែង​អា​មេ​រិច​ខ្លាំង​បំផុត​នាពេលខាងមុខ​។​

​ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ​ដដែល លោក​ឆ្លៀតឱកាស​នេះ​ក្នុង​ការកែប្រែ​ការមើលឃើញ​របស់គាត់ ដោយ​និយាយថា បច្ចុប្បន្ននេះ​កូរ៉េខាងជើង ផ្តល់​ការគំរាមកំហែង​ខ្លាំង​បំផុត​ដល់​អា​មេ​រិច ដោយសារ​ការវិនិច្ឆ័យ​បន្ទាន់​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង​។​

​លោក​ក៍​បានលើកឡើង​ផងដែរ​ថា ប្រទេស​រុស្សី​នៅតែ​ជាការ​កំំ​រាម​កំហែង​ខ្លាំង ដោយសារតែ​សមត្ថភាព​យោ​ក្នុង​វិស័យ​នុយក្លេអ៊ែរ និង​សង្គ្រាម​អេ​ឡិច​ត្រូ​និ​ច ព្រមទាំង​សកម្មភាព​យោធា​របស់​រុស្សី​នៅ​តំបន់​ជាច្រើន​ដូចជា​តំបន់​គ្រី​មៀ ដែល​រុស្សី​ឈ្លានពាន​កាលពី​ឆ្នាំ ២០១៤​៕ សុភ័ក្ត្រ