Friday, September 17, 2021

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ ទិញ​រថយន្តយោធា​ជិត​៣០០​គ្រឿង ដើម្បី​ដឹកជញ្ជូន​កងកម្លាំង​យោធា និង​កងកម្លាំង​សមត្ថកិច្ច ដោយ​អត់​បាន​ប្រើប្រាស់​ថវិការដ្ឋ ១​រៀល​ទេ​

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា “​ការទិញ​រថយន្តយោធា​ទាំងនេះ គឺ​ដើម្បី​ដឹកជញ្ជូន​កងកម្លាំង​យោធា និង​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ជួយ​បម្រើ​ប្រជាពលរដ្ឋ ពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​”​។​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​ខ​.​ភ​.​ម មេបញ្ជាការ​កងទ័ពជើងគោក អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រថយន្តយោធា​ដែល​ត្រូវបាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​ទាំង​២៩០​គ្រឿង នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​
២០២០ នៅ​ពហុកីឡាដ្ឋាន​អូ​ឡាំ​ពិ​ច​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ការចែកជូន​រថយន្ត​យោធា​ទាំងនេះ ដល់​បណ្តា​ស្ថាប័ន អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​បម្រើឱ្យ​អង្គភាព​។ ឯកឧត្តម បន្តថា ថវិកា​សម្រាប់​ទិញ​រថយន្តយោធា​ទាំង ២៩០​គ្រឿង​នេះ គឺជា​ថវិកា​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទទួលបាន​ពី​សប្បុរសជន​នានា បន្ទាប់ពី​សម្តេច​អំពាវនាវ​ឲ្យ​មាន​ការជួយ​ដល់​កងទ័ព ។

​ឯកឧត្តម មេបញ្ជាការ​កងទ័ព​ជើង គោក បាន​ឲ្យ​ដឹងថា គ្រាន់តែ​មួយឆ្នាំៗ សម្ព័ន្ធមេត្រីភាព​ជួយឧបត្ថម្ភ​តាម​ការអំពាវនាវ​រាប់លាន​ដុល្លារ ដើម្បី​ជួយ​កាត់បន្ថយ​បន្ទុក របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​លើកតម្កើង​ដល់​វិស័យ​ការការពារ​ជាតិ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖ អត់​បាន​ប្រើប្រាស់​ថវិការដ្ឋ ១​រៀល​ទេ​! គឺ​កើតចេញពី​ការ​កៀរគរ​ក្រុមហ៊ុន និង​សប្បុរសជន​ទាំងអស់​។ ហើយ​សូមបញ្ជាក់ រឿង​សម្តេច​តេ​ជោ​អំពាវនាវ​ឲ្យ​ជួយ​កងទ័ព មិនមែន​គាត់​ទើបតែ​ធ្វើ​ទេ គឺ​គាត់​ធ្វើ​រាប់​ឆ្នាំ​មកហើយ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការទិញ​រថយន្តយោធា​ទាំងនេះ​ទៀតសោត គឺ​ដើម្បី​ដឹកជញ្ជូន​កងកម្លាំង​យោធា និង​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ជួយ​បម្រើ​ប្រជាពលរដ្ឋ ពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។
​ឯកឧត្តម បាន​រំលឹកថា រថយន្តយោធា ក៏​ធ្លាប់​ត្រូវបាន​ប្រើ ប្រាស់​ដើម្បី​ដឹកជញ្ជូន​ពលរដ្ឋ​តាម​ព្រំដែន​ពី​ប្រទេស​នានា និង​ពេល​កម្ពុ​ជាមាន​ជម្លោះ​ជាមួយ​ថៃ ហើយ​បាន​ច្រាន ចោល​ចំពោះ​ការវិភាគ​បំភ្លៃ​ពី​អ្នកវិភាគ​មួយចំនួន ដែល​លើកឡើងថា ការទិញ​រថយន្តយោធា​ពី​ចិន បាន​ប្រើប្រាស់​ថវិកា​ពី​ការ​ប្រមូលបាន​ពី​សប្បុរសជន ក្នុងការ​បរិច្ចាគ​វិភាគទាន ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ -១៩ ៕
​ដោយ​៖​កូ​ឡាប​