Friday, September 17, 2021

រដ្ឋបាល​ខណ្ឌទួលគោក ទុកពេល​ឲ្យ​៣០​ថ្ងៃ ខណៈ​គ្រួសារ​អ៊ុំ​ប្រុស​មាន​៣​គ្រួសារ មិនអាច​ទទួលយកបាន​សំណង​៤​ម៉ឺន​ដុល្លារ លើ​ទំហំ​ដី​ជិត​លាន​ដុល្លារ (​វីដេអូ​)

​ភ្នំពេញ​៖ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កលោក ហ៊ុយ ឧ​ត្ត​ម (Huy Ou Dom) កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ បាន​បង្ហោះ​ឲ្យ​ដឹងថា អ៊ុំ​ប្រុស​ឈ្មោះ ម៉ម​ស៊ន និង​គ្រួសារ រស់នៅ​ផ្ទះ​លេខ ៣១៣ ផ្លូវ​៣១៣ ភូមិ​៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជាប់​ផ្សារ​TK ជា​អតិ​ត​យោធា (​ឥឡូវ​ពិការ​) ត្រូវ​មន្ត្រី​ភូមិ​ឃុំ​យក​លិខិត​មួយច្បាប់ ដែល​ចេញ​ដោយ​អភិបាល​ខណ្ឌទួលគោក ឲ្យ​រើ​ផ្ទះ​ចេញ​ជាបន្ទាន់ ដើម្បី​យក​ដី​អភិវឌ្ឍន៍​ក្រុង ហើយ​ឲ្យ​សំណង​ថ្លៃ​ដោះដូរ ៤​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ បើ ៣០ ថ្ងៃ មិន​ព្រម​រើរុះ​តាម គឺ​ត្រូវ​វៃ​ចោល​ទាំងអស់​។​

​លោក ហ៊ុយ ឧ​ត្ត​ម បានបញ្ជាក់​បន្តថា ជាមួយនឹង​ការដោះដូរ​សំណង​ដែល​ហាក់​មិន​សមរម្យ​នេះ គ្រួសារ​អ៊ុំ​ប្រុស​ខាងលើ បាន​លើកឡើងថា ផ្ទះ​គាត់​មាន​ទំហំ​ទទឹង ៨ ម៉ែត្រ នឹង បណ្តោយ ៧០​ម៉ែត្រ ជាប់​ផ្សារ​TK មានតម្លៃ​ជិត​លាន​ដុល្លារ​ឯណោះ ដូច្នេះ សំណង ៤​ម៉ឺន​ដុល្លារ ពិតជា​តិច​ខ្លាំងណាស់ ។ ជា​ចុងក្រោយ​លោក​អ៊ុំ ម៉ម ស៊ន រួមទាំង​គ្រួសារ សូម​អង្វរ​ដល់​ថ្នាក់ដឹកនាំ​ឲ្យ​ជួយ​ដោះស្រាយ និង​ផ្តល់​សំណង​ដល់​ពួកគាត់​បាន​សមស្រប​ផង​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ដោយមាន​គោលការណ៍ ដឹកនាំ​ពី​រដ្ឋបាល​រា​ជន​ធានី​ភ្នំពេញ និង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ភ្ជាប់ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការរក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​លើកកម្ពស់​សោភ័ណភាព​មូលដ្ឋាន ឲ្យ​បានល្អ​ប្រសើរ រដ្ឋបាល​ខណ្ឌទួលគោក បានចេញ​សេចក្តីជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា នឹងធ្វើ​ការស្ថាបនា​បើក​ដំណើរការ​ផ្លូវ​លេខ ៣១៣ ក្នុង​សង្កាត់​បឹងកក​ទី​១ ខណ្ឌទួលគោក​។​

​រដ្ឋបាល​ខណ្ឌទួលគោក ក៏បាន​បញ្ជាក់ថា តាមរយៈ​សេចក្តីជូនដំណឹង​លើ​នេះ នោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៣១៣ ត្រូវធ្វើ​ការរុះរើ​តូប​លក់ដូរ សំយាបផ្ទះ និង​សំណង់​គ្រប់​ប្រភេទ ដែល​លយ​ចូលមក​ចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវ ។ រដ្ឋបាល​ខណ្ឌទួលគោក នឹង​ទុកពេល​ឲ្យ ៣០ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ ។ ក្នុងករណី​ពុំ​ធ្វើតាម​ការណែនាំ​ទេ នឹង​ចាត់វិធានការ​តាម​រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត ឬ​បាត់បង់​ណាមួយ​ឡើយ​៕ ដោយ​៖ លឹម ហុង​