Sunday, December 5, 2021

អាណោចអាធ័ម​ណាស់ នារី​ម្នាក់​បើករថយន្ដ​រអិល​ធ្លាក់ទឹក​បឹង​ស្លាប់ នៅ​ផ្លូវ​៦០​ម៉ែត្រ ក្រុង​តាខ្មៅ​

​ខេត្តកណ្ដាល​៖ នារី​ម្នាក់​បើករថយន្ដ​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទឹក​បឹង បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ជាប់​ព្រំ​ប្រទាល់​ខណ្ឌដង្កោ​។​

​សព​នារី​ខាង​មានឈ្មោះ ចន្ទ​វ​លក្ខ អាយុ​ជាង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ចំការ​ដូង​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​មាន​នារី​ម្នាក់ បាន​បើករថយន្ដ​ម៉ាក​កាមរី​ហាយ​ប្រ៊ី​ត​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2BG-7274 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន ពេលនោះ​ដោយ​មេឃ​កំពុងតែ​ភ្លៀង​ផង បាន​បើក​វ៉ា​ក​ម៉ូតូ​និង​រថយន្ដ​មួយគ្រឿង ក៏​រអិល​រេ​ចង្កូត​ធ្លាក់ចូល​ទឹក​បឹង​ទទឹង​លិច​បាត់ ។​
​អស់​រយៈពេល​ជិត​១​ម៉ោង​ទើប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ ចុះទៅ​វាយ​កញ្ចក់​រថយន្ត​ជួយសង្គ្រោះ តែ​ជា​អកុសល​នារី​រូបនោះ បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ​ដែល​ស្គាល់គ្នា បាន​បន្ដទៀតថា ក្រោយពេល​ញុំ​ា​អី​ជាមួយគ្នា​ហើយ (​ដោយ​មិន​ផឹក​គ្រឿង​ស្រវឹង​ទេ​) ថា​រូបនាង​មិន​សប្បាយចិត្ត​ទេ​សុំ​មក​មុន​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក្រុង​តាខ្មៅ បាន​ចុះ​មកដល់​កន្លែង​ហេតុ បាន​ទាក់ទង​ខាង​រថយន្ដស្ទូច​មក ស្ទូច​យក​រថយន្ដ​នារី​រងគ្រោះ​ទៅ​រក្សាទុក ចំណែកឯ​សព​សមត្ថកិច្ច​បានប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​បាន​ប្រពៃណី​៕

ដោយ​៖​ភ​ត្រា​និង សា​ម៉េ​ត​