Friday, September 17, 2021

ម្នាក់​ស្លាប់ ម្នាក់​រង​បួស​ធ្ងន់ ដោយសារ​ករណី​ឃាតកម្ម ពេល​ជនដៃដល់​ដើររក​ប្រពន្ធ​មិនឃើញ ទាញ​កាំបិត​កាប់​ជនរងគ្រោះ​តែម្តង​

​ខេត្តស្វាយរៀង​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ និង​ក្មេងស្រី​វ័យ​ជំទង់​ម្នាក់ បាន​រងរបួស​ធ្ងន់ នៅក្នុង​ករណី​ឃាតកម្ម​មួយ ដែល​បាន​កើតឡើង​វេលា​ម៉ោង ១៨​យប់​នៅ​ថ្ងៃទី ៣ ខែសីហា​ឆ្នាំ ២០២០ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ចំណែក​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ករណី​ឃាតកម្ម​ខាងលើនេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​សេង ទិ​ត្យ​ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​យក​កាំបិត​កា​កុក​កាប់​ទៅលើ​ឈ្មោះ​ហ៊ីង យ៉ឹ​ម អាយុ ៧៥ ឆ្នាំ ភេទ ស្រី នៅ​ភូមិ​ជាមួយគ្នា ត្រូវចំ​ក​ពីក្រោយ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​កាប់​ទៅលើ​ឈ្មោះ​ប៉ែន រ៊ី អាយុ​១៣ ឆ្នាំ ភេទ​ស្រី ត្រូវចំ​កំផ្លៀង​ខាងឆ្វេង និង​ចង្អុលដៃ​ឆ្វេង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា មូលហេតុ គឺ​ជនសង្ស័យ​កាន់​កាំបិត​ដើររក​ប្រពន្ធ រួច​ដើរ មក​ចូល​ផ្ទះ​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ ហើយ​បាន​សួររក​ប្រពន្ធ​របស់ខ្លួន ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ហ៊ីង យ៉ឹ​ម បាន​ឆ្លើយថា អញ​មិនឃើញ​ទេ រួច​ជនល្មើស​បាន​ស្ទុះ​ទៅ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​ទាំង​២​នាក់​តែម្ដង ( ជនរងគ្រោះ​យាយ​និង​ចៅ​) ។​ពេល​យក​ជនរងគ្រោះ​ទាំង​២​នាក់ មកដល់​មណ្ឌល​សុខភាព​ដូង ជនរងគ្រោះ​ឈ្មោះ​ហ៊ីង យ៉ឹ​ម បាន​ស្លាប់ ចំណែក​ចៅស្រី បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង រីឯ​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖ វ៉ៃ​កូ​