ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរពេទ្យនិងក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសថៃ ត្រូវបានក្រុមជនអនាមិកវាយប្រហារ ដោយពួកគេបានកាន់កាប់លើប្រព័ន្ធកុំព្យូទ័រ ហើយទាមទារប្រាក់ជាថ្នូរនឹងទិន្នន័យដែលមាននៅក្នុងនោះ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department។
លោក ឧត្តមសេនីយ៍ទោ Phanthana Nutchanart បានប្រាប់ឱ្យដឹងថា “មន្ទីរពេទ្យ និងក្រុមហ៊ុនរបស់រដ្ឋាភិបាលជាច្រើនត្រូវបានគេវាយលុកដូចគ្នានឹងមន្ទីរពេទ្យ Saraburi ដែរ” ដែលធ្វើឱ្យមន្ទីរពេទ្យនោះមិនអាចចូលប្រើប្រាស់ទិន្នន័យរបស់ខ្លួនបានទេ កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងមកនេះ ជាហេតុធ្វើឱ្យមានការយឺតយ៉ាវក្នុងការធ្វើការងារ។ ប៉ុន្តែមន្ទីរពេទ្យនេះពុំទាន់ត្រូវបានទាមទារឱ្យបង់ប្រាក់ដើម្បីអាចចូលប្រើទិន្នន័យទាំងនោះនៅឡើយទេ។ លោក ឧត្តមសេនីយ៍ទោ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនខ្លះក៏បានបង់ទឹកប្រាក់ ដែលក្រុមអ្នកវាយប្រហារបានទាមទារនោះ ប៉ុន្តែចំនួនទឹកប្រាក់មិនលើសពី ១លានបាត គឺស្មើនឹង ៣២.០០០ដុល្លារ តែប៉ុណ្ណោះ។
ក្រុមពួកអ្នកវាយប្រហារ បានប្រើប្រភេទមេរោគ Ransomware ដើម្បីកែកូដនៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ និងក្រុមហ៊ុនទាំងនោះ ដោយធ្វើការចាក់សោរលើឯកសារទាំងអស់ និងរារាំងមិនឱ្យបើកដំណើរការបាន លុះត្រាតែពួកគេទទួលបានប្រាក់ជាថ្នូរវិញតាមរយៈ Cryptocurrency ដូចជា Bitcoin ជាដើម។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៧ ក៏មានការវាយប្រហារស្រដៀងគ្នានេះដែរ ដោយមេរោគប្រភេទ Ransomware ដែលមានឈ្មោះថា WannaCry បានធ្វើឱ្យមានការរំខានដល់ ដំណើរការនៅក្នុងមន្ទីរពេទ្យ និងអ្នកធ្វើអាជីវកម្មជាច្រើននៅជុំវិញពិភពលោក៕ដោយ៖កូឡាប