Friday, September 17, 2021

ក្រុមហ៊ុន Twitter បាន​ផ្អាក​ដំណើរការ​គណនី​ចំនួន​១៦០០ ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​

​ភ្នំពេញ​៖ ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងបន្លំ (Disinformation) ក្រុមហ៊ុន Twitter បាន​បិទ​ដំណើរការ​គណនី​ចំនួន​១៥៨៩ បន្ថែមទៀត បន្ទាប់ពី​បាន​រកឃើញថា​គណនី​ទាំង​នោះបាន​រំលោភបំពាន​ទៅលើ​លក្ខខណ្ឌ​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែលនាំឱ្យ​មានការ​យល់​ខុស​។​នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ៩ ខែតុលា​ឆ្នាំ ២០២០​។​

​បើតាម​ការផ្សព្វផ្សាយ​នៅក្នុង​ប្លក់​របស់​ក្រុមហ៊ុន​បានឱ្យដឹងថា ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​ទាំងនេះ​គឺមាន​ការទាក់ទង​ជាមួយនឹង​រដ្ឋាភិបាល​ប្រទេស​អ៊ី​រ៉ង់ អា​រ៉ា​ប៊ី​សា​អូឌីត គុយបា និង​ថៃ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​បង្កើន​ការពិភាក្សា​ដែលនាំឱ្យ​មាន​ផលចំណេញ​ទៅដល់​រដ្ឋាភិបាល​ពួកគេ​។ ជា​ឧទាហរណ៍​ក្រុមហ៊ុន​បាន​បិទ​គណនី​ចំនួន​៣៣ របស់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​បង្កើត​ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល ហើយ​ក្រុមហ៊ុន​ក៏បាន​បិទ​គណនី​ក្លែងក្លាយ​ចំនួន​៥២៦ ផ្សេងទៀត​របស់​រដ្ឋាភិបាល​គុយបា ដែល​បាន​ក្លែងបន្លំ​ធ្វើជា​គណនី​របស់​ក្រុម​យុវវ័យ​ផងដែរ​។​

​យ៉ាងណាមិញ​នៅក្នុង​តំបន់​អាស៊ាន​យើង​វិញ ក្រុមហ៊ុន Twitter ក៏បាន​បិទ​គណនី​ចំនួន​៩២៦ ដែល​គណនី​ទាំងនោះ​ត្រូវបាន​រកឃើញថា​គ្រប់គ្រង​ដោយ​កង​ខេមរភូមិន្ទ​ថៃ (RTA) ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​គាំទ្រ RTA និង​រដ្ឋាភិបាល​របស់​ថៃ​។ ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​បែប (Disinformation) ដែលមាន​គោលដៅ និង​គោលបំណង​ច្បាស់លាស់​ដើម្បី​ទាញយក​ផលចំណេញ​ណាមួយ​នោះ គឺ​វា​មាន​ភាពគ្រោះថ្នាក់​ជាង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ធម្មតា (Fake news) ទៅទៀត ហេតុដូចនេះ​ហើយ​បានជា​ក្រុមហ៊ុន​ដែលមាន​កម្មវិធី​បណ្ដាញ​សង្គម​ដទៃទៀត​ដូចជា​ក្រុមហ៊ុន Facebook ក៏​កំពុងតែ​តាម​ព្យាយាម​បិទ​គណនី ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​នេះ​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​