Wednesday, January 26, 2022

បុរស​ម្នាក់​ជា​មន្ត្រីរាជការ ត្រូវបាន​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​ករណី​អំពើ​ផិត នាំ​ស្រីក្មេង​ពី​ភ្នំពេញ ទៅ​ដេក​នៅ​ខេត្តសៀមរាប​

​សៀមរាប​៖ បុរស​ម្នាក់​ជា​មន្ត្រីរាជការ ត្រូវបាន​កងកម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​ករណី​អំពើ​ផិត វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ នៅ​បន្ទប់​ខុន​ដូ មួយកន្លែង ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ការបង្ក្រាប​នេះ យោងតាម​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនសង្ស័យ​។​

​យោងតាម​របាយការណ៍​របស់​អាវុធហត្ថ​ខេត្តសៀមរាប បាន​បង្ហាញថា ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅវេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា ដា​លុច មេបញ្ជាការរង​ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បាន​ចុះ​ដល់​បន្ទប់​ខុន​ដូ មួយកន្លែង ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ខណ​:​នោះ កំលាំង​ជំនាញ​ឃើញ​ឈ្មោះ ហេង បូ​ឡែ​ន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ រស់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​និង​ឈ្មោះ​ហៀក ចាន់​លាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ កំពុងតែ​នៅក្នុង​បន្ទប់​ជាមួយគ្នា ដោយមាន​ការសម្របសម្រួល នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បានធ្វើការ​នាំខ្លួន​បុរស​-​ស្ត្រី ទាំង​២​នាក់ មក​ការិយាល័យ​ជំនាញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ផិត​។ ការបង្ក្រាប​នេះ ដោយសារ​តែមាន​ពាក្យបណ្តឹង​ពី​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ជ ករ​ណ អាយុ​៤១​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ ត្រូវជា​ប្រពន្ធ​ស្របច្បាប់​របស់​ជនសង្ស័យ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​ឈូក សង្កាត់​និ​រោ​ធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ការ​ស្តាប់​ចម្លើយ របស់​ការិយាល័យ​ជំនាញ និង​ដោយមាន​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​ហៀក ចាន់​លាង ភេទ​ប្រុស កសាង​សំណុំរឿង​បញ្ជូនមក​សាលាដំបូង​ខេត្តសៀមរាប​។ ចំណែក​ឈ្មោះ​ហេង បូ​ឡែ​ន ជា​ស្រី​ស្នេហ៍ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​