Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនពិការជាង ១០០០នាក់ កំពុងទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅខេត្តបាត់ដំបង

spot_img

បាត់ដំបង ៖ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ជនពិការប្រមាណជាង១០០០នាក់ នៅតាមបណ្ដាស្រុកមួយចំនួន កំពុងទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងការជួយដោះបន្ទុកគ្រួសារបានមួយកម្រិត ខណៈការងារផ្ដល់សាច់ប្រាក់នេះកំពុងរៀបចំឲ្យបានទូទាំងខេត្ត។

ការលើកនេះ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការកំណត់អត្តសញ្ញាណកម្មជនពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា នៅខេត្តបាត់ដំបងមានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត មានគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ ជូនជនពិការក្រីក្រក្នុងសហគមន៍ មានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត សាខាមូលនីធិជនពិការខេត្ត សាលាគ្រួសារថ្មី សម្រាប់បង្រៀនសិស្សគរ-ថ្លង់ និងអង្គការដៃគូរពាក់ព័ន្ធមួយចំនួនទៀត បានធ្វើការគាំទ្រលើការងារជនពិការ ដោយអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល។ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រមូលទិន្នន័យជនពិការ នៅតាមបណ្តាក្រុង-ស្រុក សរុបបានប្រមាណ ១០ ២៥៩នាក់ និងបានផ្តល់ប្រាក់ឧបត្ថមគោលនយោបាយ ជូនជនពិការក្រីក្រក្នុងសហគមន៍ចំនួន ១ ៤៧២នាក់ ស្មើនឹងទឹកប្រាក់ជាង ២៨០លានរៀល។

លោក សឿម ប៊ុនរិទ្ធិ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានមានប្រសាសន៍ណែនាំដល់បណ្តាមន្ត្រីអាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវចូលរួមរៀនវគ្គនេះ ឱ្យបានចប់ចុងចប់ដើម ដើម្បីជៀសវាងការចូលរួមគ្រាន់តែបង្គ្រប់កិច្ច ហើយយកចិត្តទុកដាក់ក្នុងការអនវត្តគោលនយោបាយ របស់រដ្ឋាភិបាល និងត្រូវធ្វើការផ្សព្វផ្សាយបន្ត អំពីគោលនយោបាយ របស់រដ្ឋាភិបាលចំពោះជនពិការផងដែរ។

គួរបញ្ជាក់ផងដែរថា ការឧបត្ថមសាច់ប្រាក់ តាមគោលនយោបាយ ជូនជនពិការក្រីក្រ ក្នុងសហគមន៍ជាប្រចាំខែនេះ គឺចែកចេញជា ៣កម្រិតនៃជនពិការ គឺជនពិការកម្រិតធ្ងន់ កម្រិតមធ្យម និងកម្រិតស្រាល ដោយការផ្ដល់សាច់ប្រាក់ឧបត្ថម្ភនេះ មិនមែនមានតែខេត្តបាត់ដំបងនោះទេ គឺរាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងអនុវត្តជាបន្តបន្ទាប់ នៅទូទាំងប្រទេសផងដែរ៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ

spot_img
×