Wednesday, January 26, 2022

រថយន្ត​កូរ៉េ​ដឹក​ទឹកកក បើក​លឿន​ពេក​បួង​ចង្កូត​បត់​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​

​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ខណៈ​មកដល់​ចំណុចកើតហេតុ​បួង​ចង្កូត​បត់​បណ្ដាលឱ្យ​រថ​យន្ត​ក្រឡាប់​ផ្ងារជើង ចំណែកឯ​តែ​កុង​រថយន្ត​វិញ បើកទ្វារ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ២ និង ២០ នាទី​យប់​ឈានចូល​ថ្ងៃ​ពុធ​ទី ២៤ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៥០ ម៉ែត្រ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-M3892 បើកបរ​ដោយ​បុរស​ម្នាក់ រួម​នឹង​អ្នកដំណើរ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បម្រុង​នឹង​បត់​ឆ្វេង​ឡើងទៅ​ទិស​ខាងជើង​វិញ ស្រាប់តែ​បួង​ចង្កូត​ជ្រុល​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង ។ សំណាងល្អ​មិន​គ្រោះថ្នាក់​ទៅដល់​ភាគី​តែ​កុង​រថយន្ត និង​អ្នករួមដំណើរ​តាម​ដងផ្លូវ រង​ការខូចខាត​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​