Wednesday, January 26, 2022

រថយន្ត​ម៉ាក ford មួយគ្រឿង បើក​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង​ប៉ើង​ទៅមុខ​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ford​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវបំបែក​ជា​៤ មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​តៃកុង​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​ឲ្យ​នៅ​កន្លែងកើតហេតុ រង់ចាំ​ដោះស្រាយ​និង​ជនរងគ្រោះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​
​ឌួង​ងៀប ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ford​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-BK 7174 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ឌួង​ងៀប ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​៤ មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​WAVE​មួយគ្រឿង ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​
​ក្រចេះ 1E 8689 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ចំ​ពី​ចំហៀង​ខាងមុខ​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ប៉ើង​ម៉ូតូ ទៅមុខ​ជាច្រើន​ម៉ែត្រ និង​រងរបួស​ម្ចាស់​ម៉ូតូ​ធ្ងន់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ​ចុះមក​ដល់​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នង​ក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​