Monday, December 6, 2021

មេទ័ព បាន​ប្រាប់​ឲ្យ​យុវជន ឲ្យ​រួមគ្នា​ការពារ​សន្តិភាព

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង​អំពាវនាវ​ដល់​យុវជន​ទាំងអស់​ត្រូវ​រួម​ថែរក្សា និង​ការពារ​សុខសន្តិភាព​នាពេល​បច្ចុប្បន្ន ដោយ​មិនត្រូវ​ចូលរួម​ចលនា​បដិវត្តន៍​ផ្តួល​រំ​រាជរដ្ឋាភិបាល​តាម​ការ​ចង់បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​នៅ​កម្ពុជា​នោះឡើយ​។​

​ការ​ថ្លែង​អំពាវនាវ​ខាងលើនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បានធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ខួប​២៦​ឆ្នាំ​នៃ​កិច្ចចរចា​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ ខែតុលា ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​យុវជន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រមាណ ៣០០​នាក់ កាលពី​ថ្ងៃទី​២៣​តុលា​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​។ នៅ​ចំពោះមុខ​យុវជន​លើ​ដែនដី​ដែល​ញ៉ាំ​ញី​ដោយ​ភ្លើងសង្គ្រាម​ទើបនឹង​បញ្ចប់​កាលពី​ឆ្នាំ​១៩៩៨​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​រំលឹក​ជាច្រើន​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋនៅក្នុង​ភ្លើងសង្គ្រាម​ជាង ៣​ទសវត្សរ៍​ផ្តើមចេញពី​ចលនា​ប៉ះ​បោរ និង​ការ​ប្លន់​អំណាច​របស់​ក្រុម​សេនាប្រមុខ លន់ នល់ ដែលមាន​អាមេរិក​ជា​បង្អែក ១៨ មីនា ១៩៧០ ដោយបាន​ទម្លាក់​ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ សម្តេច នរោត្តម សីហនុ ចេញពី​ព្រះប្រមុខរដ្ឋ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ក៏បាន​លើក​បង្ហាញ​ពី​កិច្ចខិតខំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ប្រឹងប្រែង​រំដោះប្រទេស និង​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​, ប្រឹងប្រែង​ចរចា​ស្វែងរក​សន្តិភាព និង​ដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​ប្រមូល​កងទ័ព​ខ្មែរក្រហម​មក​រួមរស់​ជាមួយ​រាជរដ្ឋាភិបាល បញ្ចប់​ភ្លើងសង្គ្រាម​នៅ​ឆ្នាំ​១៩៩៨​។​


​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា និង​មាន​ឥទ្ធិពល​រូបនេះ បាន​ថ្លែង​គូរ​បញ្ជាក់ថា​៖​សុខសន្តិភាព​ដែល​កម្ពុជា​រកបាន​ដោយ​លំបាក​នេះ​សំខាន់​ណាស់​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជានា​ពេលបច្ចុប្បន្ន ហើយ​យុវជន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សាសុខ​សន្តិភាព​នេះ​។​លោក​ថា​៖​យុវជន​ជា​សសរទ្រូង​របស់​ប្រទេសជាតិ ត្រូវតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម ដើម្បី​សន្តិភាព និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​។ យុវជន​ទាំងអស់​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវ​ស្វែងយល់​ពី​សភាពការណ៍​ពិត​របស់​ប្រទេសជាតិ ដើម្បី​កុំ​ឲ្យ​ចាញ់​ការឃោសនា​របស់​ពួក​ប្រឆាំង ដែល​វា​ខិតខំ​ញុះញង់​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាំ​ប្រទេស​ទៅរក​សង្គ្រាម​។ យុវជន​យើង​ត្រូវតែ​ចូលរួម​ក្នុងការ​រក្សា​ការពារ​សន្តិភាព​ដ៏​មានតម្លៃ​មួយ​នេះ​។​

​ក្នុង​កិច្ច​សំណេះសំណាល​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ក៏បាន​បំផុស​យុវជន​ឲ្យ​ចូលរួម​បម្រើកងទ័ព​ផងដែរ ដើម្បី​ពង្រឹង​ឃឿន​ការពារ​ឲ្យ​កាន់តែ​ខ្លាំងក្លា​គេច​ផុតពី​ការឈ្លានពាន​ទាំងឡាយ​។ បន្ទាប់ពី​កិច្ច​សំណេះសំណាល​ក្នុង​ជំនួយ​ជាមួយ​យុវជន​នោះ ក៏មាន​ហូប​អាហារ​សាមគ្គី និង​ថតរូប​អនុស្សាវរីយ៍​ប្រកបដោយ​ភាព​រីករាយ​ផងដែរ​៕ ដោយ​៖​ជាលី​