Monday, December 6, 2021

ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​មួយចំនួនធំ បាន​បិទ​ស្លាក​សញ្ញា​ហាម​ជក់បារី​

​ភ្នំពេញ​៖ តាម​ការអង្កេត​បឋម​ថ្មីៗ​នេះ ស្តីពី​ការអនុលោម​តាម​បទដ្ឋាន​បរិស្ថាន​គ្មាន​ផ្សែង​បារី នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប បាន​បង្ហាញថា ភោជនីយដ្ឋាន​ប្រមាណ​៦៣% បាន​បិទ​សញ្ញា​ហាម​ជក់បារី នៅ​កន្លែង​របស់​ខ្លន​។ ប៉ុន្តែ មានតែ​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ៤៤% ប៉ុណ្ណោះ បាន​ប្រាប់​អ្នក​កំពុង​ជក់បារី អោយទៅ​ជក់​ខាងក្រៅ​ភោជនីយដ្ឋាន​របស់ខ្លួន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ដែល​ចេញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​។​

​បើតាម​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​បញ្ជាក់ថា គួរ​កត់សំគាល់ថា អតិថិជន​ដែល​កំពុងតែ​ជក់បារី ប្រមាណ​៨០%​ធ្វើតាម​ការណែនាំ​របស់​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន ដោយ​ពេញចិត្ត​។ នេះ​ជាស​ញ្ញាណ​វិជ្ជមាន​មួយ ក្នុងការ​លើកទឹកចិត្ត​អោយ​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​មួយចំនួន ដែល​នៅ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ប្រាប់​អ្នក​ជក់បារី​អោយទៅ​ជក់​ខាងក្រៅ ដូចដែល​ច្បាប់​បានកំណត់​។
​តាម​ការអង្កេត​របស់​ក្រសួងផែនការ​ឆ្នាំ​២០១៤ បាន​បង្ហាញថា ការ​ស្រូប​ផ្សែង​បារី​ពី​គេ​នៅ​ភោជនីយដ្ឋាន មាន​អត្រា​ខ្ពស់​ជាងគេ បើ​ធៀប​ទៅនឹង​កន្លែង​ដទៃទៀត​រហូតដល់ ៧០%​។

​សូមបញ្ជាក់ថា អនុក្រឹត្យ​ស្តីពី​វិធានការ​ចំពោះ​ការជក់​និង​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ បាន​ហាមឃាត់​មិនអោយ​មានការ​ជក់បារី ខាងក្នុង​អគារ​នៃ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ រួម​មា​នៅ​ភោជនីយដ្ឋាន សណ្ឋាគារ​/​ផ្ទះសំណាក់ និង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​គ្រប់​ប្រភេទ​។ អនុវត្ត​នេះ ក៏បានផ្តល់​តួនាទី​បីយ៉ាង ដល់​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​កន្លែង (១) បិទ​សញ្ញា​ហាម​ជក់បារី នៅ​កន្លែង​មើលឃើញ​ច្បាស់ (២) កុំ​ដាក់តាំង​បង្ហាញ​ប្រដាប់​គោះ​បារី នៅ​កន្លែង​ហាម​ជក់ និង​(៣) ប្រាប់​អ្នក​ជក់បារី អោយទៅ​ជក់​ខាងក្រៅ​។ បើ​ម្ចាស់​ឬ​អ្នក​មិន​គ្រប់គ្រង​ភោជនីយដ្ឋាន​ណា មិន​គោរព​តាម​អនុក្រឹត្យ​នេះ នឹងត្រូវ​ពិន័យ ប្រាំ​ម៉ឺន​រៀល​ក្នុង​មួយ​ករណី​។ ដូច្នេះ ដើម្បី​ចៀស​ផុតពី​ការពិន័យ និង​រួមចំណែក​ថែរក្សា​សុខភាព​ភ្ញៀវ បុគ្គលិក ក៏ដូចជា​ខ្លួនឯង ម្ចាស់​ឬ​អ្នកគ្រប់គ្រង​ត្រូវ​អនុវត្តតាម​អោយបាន​ខ្ជាប់ខ្ជួន​តួនាទី​ទាំងបី​ដែល​ចង្អុល​ប​ង្ហា្ដ​ញ​ដោយ​អនុក្រឹត្យ​។ ម្ចាស់​ឬ​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន មិនគួរ​ព្រួយបារម្ភ​ពី​ការបាត់បង់​ភ្ញៀវ នៅពេល​មិន​អនុញ្ញាតអោយ​ជក់បារី​ខាងក្នុង​ឡើយ ព្រោះ​តាម​បទពិសោធន៍​ទូទាំង​ពិភពលោក​បង្ហាញថា ហាមឃាត់​ការជក់បារី​ខាងក្នុង​ភោជនីយដ្ឋាន មិន​ធ្វើអោយ​បាត់បង់​ភ្ញៀវ​ទេ​។ ភ្ញៀវ​ទាំំ​ង​អ្នក​ជក់ ទាំង​អ្នក​មិន​ជក់ ចូល​ភោជនីយដ្ឋាន ដើម្បី​ទទួលយក​រសជាតិ​អាហារ និង​បរិយាកាស​ស្រស់ថ្លា មិនមែន​ទៅ​ទីនោះ​ដើម្បី​ស្រូប​ផ្សែង​បារី​ទេ​។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​សន្ធឹកសន្ធាប់​គាំទ្រ​អោយមាន​ការហាមឃាត់​កា​ជក់បារី​នៅតាម​ភោជនីយដ្ឋាន រហូតដល់​៨៤% បើ​យោងតាម​ការស្រាវជ្រាវរ​បស់​ក្រសួងផែនការ ឆ្នាំ​២០១៤​។

​គួរ​បញ្ជាក់ថា ទាំង​អ្នក​ជក់បារី និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ សុទ្ធតែ​ប្រឈមមុខ​នឹង​ការកើត​ជំងឺ​យ៉ាង​ធ្ង​ប់​ធ្ង​រ ដូចជា​ជំងឺមហារីក ជំងឺ​ត្បៀត​ទងសួត​រ៉ាំរ៉ៃ ជំងឺ​បេះដូង សរសៃឈាម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ផលប៉ះពាល់​ចំពោះ​ទារក​និង​កុមារ​។​
​កន្លងមក មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​១​ចំនួន បាន​អនុវត្ត​អនុក្រឹត្យ​នេះ បាន​យ៉ាង​ល្អប្រសើរ ដូចជា​សណ្ឋាគារ សាន់វ៉េ​ភ្នំពេញ សណ្ឋាគារ បុរី​អង្គរ សណ្ឋាគារ ឡូ​ទុ​ស​ប្លង់ ភោជនីយដ្ឋាន​អង្គរ​ម៉ុង​ឌី​យ៉ា​ល់ ភោជនីយដ្ឋាន​បន្ទាយស្រី ភោជនីយដ្ឋាន​ច័ន្ទ​រី​ទ្រី​នៃ​ខេត្តសៀមរាប ហើយ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ដែល​មិន​ជក់បារី និង​អ្នក​ជក់បារី​យ៉ាងច្រើន​៕​ ដោយ​៖​កូ​ឡាប​