Monday, October 18, 2021

សមាគមចំនួន៣ ចូលរួមលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់បណ្តាសហគ្រិនវ័យក្មេង និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជៀបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើង តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីបណ្តាសហគ្រាសធុនតូចនិងធម្យម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង សហគ្រិនប្រមាណជាង ២៦០នាក់ រួមទាំងមានការផ្សាយបន្តផ្ទាល់តាមរយៈផេកហ្វេសបុកផ្លូវការរបស់សមាគមទាំងបីផងដែរ។

អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទាក់ទងនឹងការបណ្តុះបណ្តាល ការរៀបចំព្រឹត្តិការណ៍ និងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-Tech) សេវាឥណទានប្រកបដោយបរិយាបន្ន និង ការកសាងបណ្តាញទំនាក់ទំនងក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា និង សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ។

 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ក៏មានអមផងដែរនូវវេទិកាពិភាក្សាពិសេស ស្តីពី «មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩»។ កិច្ចពិភាក្សានេះបានផ្តោតលើវិធីសាស្ត្រ និងឥរិយាបថ ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានប្រតិបត្តិ ដើម្បីឆ្លើយតបនិងជួយគាំទ្រ  ដល់

សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម ដែលរង ផលប៉ះពាល់ដោយជំងឺកូវីដ១៩។

បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងអស់នឹងរួមគ្នាបន្តពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំជូនដល់សាធារណជន សហគ្រិន និង បណ្តាសហគ្រាសធុនតូច និង មធ្យមផ្សេងទៀត ។ លោកបណ្ឌិតបានឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី បានឆ្លុះបញ្ចាំងទៅនឹង យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបញ្ជៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់សហគ្រិន អាជីវកម្មខ្នាតតូច និង មធ្យម កសិករ និង សហគ្រិនវ័យក្មេង។ បន្ថែមលើនេះ វានឹងក្លាយជាវេទិកាដើម្បីឲ្យអ្នកជំនាញខាងវិស័យធនាគារនិងហិរញ្ញវត្ថុ និងសហគ្រិន ក៏ដូចជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។

លោកបន្តថា៖«សហគ្រាសធុនតូច និង មធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដោយហេតុថាសហគ្រាសធុនទាំងនោះ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាផងដែរ ដូច្នេះហើយនាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យម (SME Banks of Cambodia Plc.) បានដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យមជំហានទី២ ឆ្នាំ២០២១ ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ចំនួន២៦ គ្រឹះស្ថាន ដែលមានប្រភពទុនប្រមាណជាង១៦០លានដុល្លារអាមេរិក  ដើម្បីចូលរួមគាំទ្រសហគ្រាសធុនតូច និង មធ្យមក្នុងការទទួលបានហិរញ្ញប្បទានមានលក្ខណៈងាយស្រួល និង មានភាពបត់បែន រួមទាំងផ្តល់នូវអត្រាការប្រាក់សមរម្យ ដើម្បីបង្កើននូវពិពិធកម្មសេដ្ឋកិច្ច (Financial Diversification)។»

ឆ្លៀតក្នុងឳកាសនេះដែរ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងដែរថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការវិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការគាំពារបន្ថែមដល់សហគ្រិននៅកម្ពុជា ពិសេសសហគ្រិនវ័យក្មេង ដោយចូលរួមលើកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ប្រកប ដោយការទទួលខុសត្រូវ។ លោកបានបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការនៃសមាគមទាំងបី នឹងក្លាយជាវេទិកាដ៏សំខាន់រវាងអ្នកជំនាញហិរញ្ញវត្ថុ និងសហគ្រិនវ័យក្មេងក្នុងការសិក្សាស្វែងរក បង្កើត សាកល្បង ក៏ដូចជាអនុវត្ត នូវដំណោះស្រាយថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជា។»

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរំលេចដែរថា ការលំបាកនៃការទទួលបានឥណទានតែងតែត្រូវបានលើកឡើងដោយសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាពិសេសបណ្តាសហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយសារបញ្ហានៃការទទួលបានហិរញ្ញប្បទានពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ បានរារាំងកំណើននៃការរីកចម្រើននៃសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ក្នុងនោះ បញ្ហាដែលលំបាកសម្រាប់ទទួលបានហិរញ្ញប្បទាន គឺការកង្វះខាតទ្រព្យបញ្ចាំ អត្រាការប្រាក់ខ្ពស់ កង្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុ និងកង្វះខាតព័ត៌មានទូទៅទៅលើប្រភពនៃហិរញ្ញប្បទានបំណុល (Debt Financing)។

លោកបន្តថា ការទទួលបានហិរញ្ញប្បទានប្រកបដោយសមធម៌ គឺជាអាទិភាពទី១នៃយុទ្ធសាស្រ្តឆ្នាំ២០២៥ បន្ថែមលើអាទិភាព៥ផ្សេងទៀតរបស់សហគ្រិនវ័យក្មេងកម្ពុជា។ លោកក៏បញ្ជាក់ផងដែរថា៖« ផ្អែកតាមបទពិសោធន៍របស់យើង ដែលធ្វើការជាមួយនឹងសហគ្រាសធុនតូចនិងមធ្យម ទៅលើការទទួលបានហិរញ្ញវត្ថុ យើងបានរកឃើញថា ទ្រព្យបញ្ចាំគឺតែងតែជាកត្តាចម្បងចំពោះការសម្រេចចិត្តលើការផ្តល់ឥណទាន ប៉ុន្តែការដែលមានចំណេះដឹងនិងឯកសារគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុក៏សំខាន់ដូចគ្នាដែរ។»

លោកសុបញ្ញាបន្តថា៖ «កិច្ចព្រមព្រៀងនៅពេលនេះ គឺជាប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់យើង និងបង្កើតជាយុទ្ធសាស្រ្តចម្បងៗ នៅក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី ទៅលើការបណ្តុះបណ្តាល រៀបចំសិក្ខាសាលា ព្រឹត្តការណ៍ និងវាគ្មិនសម្រាប់កម្មវិធីកិច្ចពិភាក្សាលើបណ្តាញឌីជីថល ព្រមទាំងការទទួលបាននូវហិរញ្ញប្បទានក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា។»  លោកបន្ថែមថា៖«យើងនឹងរួមគ្នាផងដែរ លើបញ្ហាសមភាពយេនឌ័រ ហិរញ្ញវត្ថុប្រកបដោយចីរភាព អាជីវកម្មប្រកបដោយទំនួលខុសត្រូវសង្គម ការលើកកម្ពស់ចំណេះដឹង ការយល់ដឹងនៃចំណេះដឹងហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព។» 

សូមចូលទស្សនាកម្មវិធីនេះតាមរយៈតំណរ https://fb.watch/82HSKqZUPm/ និងទាញយករូបភាព ឬវីដេអូ រយៈតំណរ https://bit.ly/39doFLv