Monday, December 6, 2021

ថ្ងៃស្អែកនេះ ដំណើរគោចរ ព្រះអាទិត្យ នឹងរះចំកំពូលប្រាសាទអង្គរវត្ត បង្កើតសមភាពសូរិយា-ចន្ទ្រា

សៀមរាប ៖ នៅថ្ងៃនេះ ឬថ្ងៃស្អែក បើកុំតែស្ថានភាពកូវីដ-១៩ លុកលុយមកលើប្រទេសកម្ពុជានោះ ម៉្លេះសមភ្ញៀវទេសចរណ៍ កំពុងតែសម្បូរបែប សប្បាយក្នុងអារម្មណ៍ដ៏ចម្លែក ដែលព្រះអាទិត្យ បានដំណើរគោចរមកចំពីលើកំពូលប្រាសាទអង្គរវត្ត ដែលជាដំណើរមួយសាកលលោក ហៅថា សមរាត្រី គឺព្រះអាទិត្យដើរលើកខ្សែស្របនៃផែនដី (ពាក់កណ្ដាលផែនដី ឬពុះចែកផែនដីជាពីរស្មើគ្នា បង្កើតឲ្យមានយប់-ថ្ងៃស្មើគ្នា)។

សូមបញ្ជាក់ថា ខ្សែស្រប (Parallel) គឺជាខ្សែគូសខ័ណ្ឌចែកផែនដីជា ២អឌ្ឍគោល គឺអឌ្ឍគោលខាងជើង និងអឌ្ឍគោលខាងត្បូង។ ពាក្យ «អេក្វាទ័រ» (អង់គ្លេសថា equator) មកពីពាក្យ «equate» មាន ន័យ ថាធ្វើឲ្យស្មើគ្នា។

ថ្ងៃស្អែកនេះ ជាថ្ងៃសមរាត្រី គឺជាការចែករំលែកពេលវេលា ថ្ងៃ និងយប់ស្មើគ្នា ឬហៅថា សមភាពសូរិយា-ចន្ទ្រានោះ គឺជាព្រឹត្តិការណ៍ «ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ដែលនឹងកើតឡើងនៅចន្លោះថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ វាមិនមែនជាបាតុភូតធម្មជាតិនោះទេ វាគឺជាប្រក្រតីភាពនៃដំណើរគោចររបស់ព្រះអាទិត្យដែលធ្វើដំណើរលើខ្សែស្រប ឬខ្សែអេក្វាទ័រនៃផែនដី មានន័យថា ជាការពុះចែកផែនដីជាពីរស្មើគ្នារវាងពេលវេលាយប់និងថ្ងៃ មានរយៈពេល ១២ម៉ោងដូចគ្នា ហើយថ្ងៃនិងយប់ ស្មើនឹង ២៤ម៉ោង ដែលយើងបានប្រើប្រាស់ពេលវេលាក្នុងមួយថ្ងៃសរុប ២៤ម៉ោងនាបច្ចុប្បន្ន។

សូមបញ្ជាក់ថា ដំណើរគោចរបែបនេះ ក្នុងមួយឆ្នាំកើតមានពីរដង គឺចន្លោះថ្ងៃទី ២១ ទៅ ២២ ខែមីនា និងចន្លោះថ្ងៃទី ២១ ទៅ ២២ ខែកញ្ញា ដែលព្រះអាទិត្យបានធ្វើដំណើរចំកណ្ដាលប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍បែបនេះ វាមិនមែនជាការចៃដន្យនោះទេ ផ្ទុយទៅវិញ គឺ វិស្វករ ព្រាហ្មណ៍បុរោហិតរបស់កម្ពុជាតាំងតែពីបុរាណមក បានគន់គូររកឱ្យឃើញបែបនេះ ដើម្បីជាសញ្ញាបង្ហាញដល់ប្រជាពលរដ្ឋទូទាំងនគរឱ្យដឹងថា ជាការផ្លាស់វេននារដូវកាលនីមួយៗ ព្រោះកម្ពុជា គឺជាប្រទេសធ្វើកសិកម្មជាចម្បង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN