Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន! ផ្ទះសំបែង​ប្រជាពលរដ្ឋ និង​វត្ត​អារាម លិច​លង់​បណ្តើរៗ​ហើយ នៅ​ក្នុង​ខណ្ឌដង្កោ

spot_img

ស្ថានភាពទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គិតមកទល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ គឺនៅតែបន្តហក់ឡើងយ៉ាងខ្លាំង ខណៈអាជ្ញាធរពាក់ព័ន្ធ ក៏បានត្រៀមបរិក្ខាសង្គ្រោះរួចជាស្រេចផងដែរ ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមហានិភ័យគ្រោះទឹកជំនន់នេះ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខណ្ឌដង្កោ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត ក្នុងនោះរួមមាន៖ សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ សូមត្រៀមសម្ភារៈ និងតាមដានស្ថានភាពទឹកជំនន់ជាប់ជាប្រចាំ ជៀសវាងការបាត់បង់សម្ភារៈ និងអាយុជីវិត ជាយថាហេតុ ខណៈដែលកម្ពស់ទឹកពេលនេះកំពុងហក់ឡើងដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោកស្រី គឹម ញឹក អភិបាលខណ្ឌដង្កោ ពិតជាសស្រាក់សស្រាំយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដឹកនាំមន្រ្តីរាជការ និងព្រមទាំងកងកម្លាំងទ័ព មកពីបណ្តាអង្គភាពនានាសរុបជា​ ៦០០ នាក់ ចុះអន្តរាគមន៍ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ ខណៈដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង និងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត សូមបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពឲ្យបានខ្ពស់ផងដែរ។

តែទោះយ៉ាងណា នៅពេលនេះ តាមរយៈរូបភាពចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញផ្ទះសំបែងប្រជាពលរដ្ឋ និងក៏ដូចទីវត្តអារាមជាច្រើនកន្លែង ត្រូវបានទឹកជន់លិចជាបណ្តើរៗហើយ។ ជាក់ស្តែង វត្តចំនួន៦នៅក្នុងខណ្ឌដង្កោ ដែលកំពុងរងការលិចលង់គឺមាន៖ វត្តសាក់សំពៅ វត្តចំការខ្សាច់ វត្តព្រែកជ្រៃ វត្តហារាម វត្តទឹកថ្លា និងវត្តកំពុងក្តុល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×