Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋប្តឹងក្រុមហ៊ុនបូមខ្សាច់ដាក់ដីឧកញ៉ា ហេង លី ធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋជិត៤០គ្រួសារ នៅភូមិអូរអណ្តូង១

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រតិកម្ម និងប្តឹងក្រុមហ៊ុនបូមខ្សាច់ដែលបង្ហូរទឹកចូលបឹងរបស់ឧកញ៉ា ហេង លី ដែលធ្វើឲ្យទឹកបឹងហៀរហូរធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋជាង ៤ខែមកហើយ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ រហូតបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននាំគ្នារត់ទៅស្នាក់នៅជាមួយបងប្អូន ដោយសារទឹកលិចចូលដល់ក្នុងផ្ទះ និងមានក្លិនស្អុយ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជិត ៤០គ្រួសារ រស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹងប្តឹងទៅចៅសង្កាត់ព្រែកប្រា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានប្តឹងក្រុមហ៊ុន បូមខ្សាច់ ដែលបូមចាក់បំពេញដីរបស់ឧកញ៉ា ហេង លី ធ្វើឲ្យទឹកជន់លិចផ្ទះប្រជាពលរដ្ឋ។ ដោយនៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា “យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ បានរងគ្រោះដោយសារទឹកជន់លិចផ្ទះសម្បែងអស់រយៈពេលជាច្រើនខែកន្លងមកហើយ ដោយតែមានក្រុមហ៊ុនធ្វើការបូមខ្សាច់ ហើយបង្ហូរទឹកចូលបឹងឧកញ៉ា ហេង លី ធ្វើឲ្យទឹកបឹងនេះហូរហៀរជន់លិចផ្ទះប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះគ្មានកន្លែងឲ្យទឹកហូរចេញ”។

ប្រជាពលរដ្ឋបានប្រាប់ CEN នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះថា កាលពីដំបូងៗក្រុមហ៊ុនបូមខ្សាច់ដាក់ដីរបស់ឧកញ៉ា ហេង លី ធ្វើឲ្យទឹកហៀរហូរជនលិចចូលផ្ទះប្រជាពលរដ្ឋ ពេលនោះប្រជាពលរដ្ឋក៏បានប្រាប់ចៅសង្កាត់ដែរ តែចៅសង្កាត់មិនមានដំណោះស្រាយរហូតមកដល់បច្ចុប្បន្ន គឺអស់រយៈពេលជាង ៤ខែមកហើយ។

“ប្រជាពលរដ្ឋមិនហាមឃាត់ការបូមខ្សាច់ទេ បូមអីបូមទៅ ប៉ុន្តែត្រូវរកកន្លែងបង្ហូរទឹកចេញពីក្នុងភូមិដែលប្រជាពលរដ្ឋរស់នៅ។ ពួកគាត់គិតតែបូមចូលតែអត់រកន្លែងហូរចេញ ហើយពីមួយថ្ងៃទៅមួយថ្ងៃទឹកឡើងទៅៗអត់មានស្រកទេ។ កាលពីដំបូងមិនទាន់ដល់ប៉ុណ្ណឹងទេ តែបន្តិចទេ យូរទៅៗរហូតដល់ខ្លាំងទៅៗ ប្រជាពលរដ្ឋចង់ឲ្យទឹកហូរចេញឲ្យអស់ និងមានកន្លែងហូរទឹកចេញ”។

ចំណែកលោកងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

រីឯលោកឧកញ៉ា ហេង លី ដែលជួលក្រុមហ៊ុនបូមខ្សាច់ឲ្យបូមដាក់ដីរបស់ខ្លួននោះ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ។
ចំណែកឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ចំពោះករណីនេះ អភិបាលខណ្ឌច្បារអំពៅកំពុងតែធ្វើការ ហើយយើងនឹងពិនិត្យការងារនេះបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ៕ រក្សាសិទ្ធដោយ ៖ ចេស្តារ

spot_img
×