Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការងារ៖ កម្មវិធីការងារសមរម្យ រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០

spot_img

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ពិតជាបានគាំទ្រដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅរួម ហើយវាក៏ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

ក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការពិនិត្យឡើងវិញប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បានថ្លែង​ថា រហូតមកដល់ពេលនេះ យើងបានរួមគ្នាអនុវត្តកម្មវិធីការងារសមរម្យចំនួន ៥ ដំណាក់កាល ហើយ។ ដំណាក់កាលទី៥នេះ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជាជាមួយនឹងអង្គការអន្តរជាតិខាងការងារ(ILO)។

សិក្ខាសាលាត្រីភាគីនេះ មានគោលបំណងពិនិត្យមើលសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានសម្រាប់ឆ្នាំ២០២០, ចែករំលែក ផ្លាស់ប្តូរបទពិសាធន៍ល្អៗ ដែលបានអនុវត្ត និងពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា, និងកំណត់ចំណុចជាអាទិភាពសម្រាប់ឆ្នាំ២០២១ និង ឆ្នាំ២០២២ ដើម្បីជំរុញការអនុវត្តឱ្យសម្រេចបានជោគជ័យ លើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩កន្លងមក។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការអន្តរជាតិខាងការងារ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតសំដៅសម្រេចនូវគោលដៅរួមគ្នា ជាពិសេសគោលដៅទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្នុងកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣។

តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺទទួលបានការគាំទ្រពីគ្រប់ដៃគូពាក់ព័ន្ធ ហើយចូលរួមសហប្រតិបត្តិការអនុវត្ត ប្រកបដោយភាពជោគជ័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការ ILO តែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមជំរុញការអនុវត្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចឱ្យបាននូវគោលដៅអាទិភាពចំនួន ៥ រួមមាន៖ ១-អភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២-ធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣-រក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេ, ៤-អភិវឌ្ឍរបបសន្តិសុខសង្គម និង៥-ពង្រឹងសេវាគាំទ្រទូទៅ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំបន្តយកចិត្តទុកដាក់ លើការបង្កើតបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយ ដោយការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់សេវា ការពង្រឹងយន្តការវេទិកាការងារ និងបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរ ការបង្កើនផលិតភាពកម្លាំងពលកម្មដែលកំពុងស្ថិតក្នុងទីផ្សារការងារ សំដៅពង្រឹងយន្តការវេទិកាការងារ ការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិសមុនចូលធ្វើការ និងការពង្រីកការផ្តល់សេវា រកការងារឱ្យធ្វើ និងការផ្សព្វផ្សាយ ព្រមទាំងការបញ្រ្ជាបអំពីព័ត៌មានទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនឱកាសការងារប្រកបដោយសមធម៌ កាត់បន្ថយការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន និងលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយទទួលស្គាល់ថា ពលករទេសន្តរប្រវេសន៍ គឺជាភ្នាក់ងារនៃការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា អង្គសិក្ខាសាលានេះនឹងចូលរួមពិនិត្យដោយយកចិត្តទុកដាក់នូវអ្វីដែលយើងខិតខំរួមគ្នាសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយរកឱ្យឃើញនូវបញ្ហាប្រឈម ដើម្បីដាក់ចេញនូវដំណោះស្រាយ ជាពិសេសក្នុងសកម្មភាពអាទិភាព ដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់៕

spot_img
×