Wednesday, September 22, 2021

កូរ៉េខាងជើងហៅ ដូណាល់ ត្រាំថាឆ្កែឆ្កួត និងមិនខ្វល់ពីអ្វីដែលលោកនិយាយ

មន្រ្តីកូរ៉េខាងជើងបានហៅប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំថាជាឆ្កែឆ្កួត ហើយពួកគេមិនខ្វល់ពីអ្វីដែល លោកត្រាំបាននិយាយនោះឡើយ។
មន្រ្តីកូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាង បានថ្លែងប្រាប់សារព៌តមានអាមេរិច ស៊ីអ៊ិនអ៊ិន (CNN) ដោយឆ្លើយតបទៅនឹងលោក ត្រាំ ដូច្នេះថា “ពួកយើងមិនខ្វល់ពីអ្វីដែលឆ្កែឆ្កូតនិយាយទេ ពីព្រោះពួកយើងបានលឺវាគ្រប់គ្រាន់ហើយ”។


មន្រ្តីកូរ៉េខាងជើងនិយាយទៀតថា ពួកគេបានមើលយ៉ាងខ្ជាប់ខ្ជួននៅពេល ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំថ្លែងនៅក្នុងរដ្ឋសភានៃប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ប៉ុន្តែពួកគេមិនបានស្តាប់ឡើយ។

ការឆ្លើយតបយ៉ាងធ្ងន់ទៅកាន់លោក ត្រាំ កើតឡើងបន្ទាប់ពី មេដឹកនាំមហាអំណាចរូបនោះបានព្រមានមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនថា កុំឲ្យមើលស្រាលអាមេរិច និងកុំចង់សាកជាមួយអាមេរិច។

លោក ត្រាំព្រមាន គីម ជុងអ៊ុនឲ្យបោះបង់អាវុធនុយក្លេអ៊ែរចោល ព្រោះអាវុធនោះកំពុងរុញមេដឹកនាំផ្តាច់ការរូបនោះឲ្យធ្លាក់ក្នុងគ្រោះថ្នាក់យ៉ាងសន្សឹមៗ។

កំដៅនៅឧបទ្វីកូរ៉េកំពុងកើតឡើងយ៉ាងខ្លាំងរវាងអាមេរិច និងកូរ៉េខាងជើង បន្ទាប់ពីមានវត្តមានរបស់នាវាផ្ទុកយន្តហោះអាមេរិចរហូតដល់ ៣គ្រឿង ព្រមទាំងយន្តហោះទំលាក់គ្រាប់បែកនៅក្នុងតំបន់។

លោក ត្រាំ បច្ចុប្បន្នកំពុងបំពេញទស្សនៈកិច្ចនៅក្នុងតំបន់អាស៊ី ដោយផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ នៅថ្ងៃព្រហ្បតិ៍នេះ លោកកំពុងមានវត្តមាននៅក្នុងប្រទេសចិន៕