Friday, September 17, 2021

ប្រពៃណី​លែង​ទ្រូង​ទទេ​របស់​ស្ដ្រី​ខ្មែរ​

​នៅ​តាម​ជញ្ជាំង​ប្រាសាទខ្មែរ​បុរាណ​នា​សម័យ​បុរេ​អង្គរ និង​អង្គរ គេ​ឃើញ​មាន​ចម្លាក់​បុរាណ​ជាច្រើន​ដូចជា ព្រះ​ទេពី ស្រី​រាំ ឬ​ទេពអប្សរ ព្រមទាំង​ប្រជានុរាស្ដ្រ ដែល​មាន​ឋានៈ​ទាប ឬ​ខ្ពង់ខ្ពស់​ជាទីបំផុត ស្ថិតនៅក្នុង​ឥរិយាបថ​លែង​ទ្រូង​ទទេ​ដូចគ្នា​ដែរ​។

ឧទាហរណ៍ យើង​ក្រឡេកមើល​ចម្លាក់​ព្រះអង្គម្ចាស់ក្សត្រី​ឥន្ទ្រ​ទេវី ជាដើម ដែល​ជា​ព្រះ​ជាយា​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ខ្លាំងពូកែ​កប់​កំពូល (​ជ័យវរ្ម័ន​ទី​៧) ក៏​ព្រះ​នាង​ស្ថិត​ក្នុង​ឥរិយាបថ​លែងខ្លួន​ទទេ​ដែរ​។ ដោយឡែក​តាម​ការវិភាគ​រូបសំណាក​នា​សម័យ​នគរ​ភ្នំ សតវត្សរ៍​ទី​១ ដល់​ទី​៧ និង​សម័យ​ចេនឡា (​សតវត្សរ៍​ទី​៨​ដល់​សតវត្សរ៍​ទី​៩ នៃ​គ្រិស្ដសករាជ​) ក៏​បាន​បញ្ជាក់ នូវ​ការនិយម​ប្រតិ​ប​ត្ដិ​នូវ​ទម្លាប់​ខាងលើ​នេះ​ដែរ​។​

​យោងតាម​ប្រភព​ឯកសារ​បុរាណវិទ្យា យើង​អាច​សន្និដ្ឋានបាន​ថា ប្រពៃណី​«​ដោះអាវ​»​នេះ មាន​ឡើង​តាំងពី​សម័យ​បុរេ​ប្រវតិ្ដសាស្ដ្រ​មកម្ល៉េះ​។ ដូច្នេះ​ទំនៀមទម្លាប់​លែងខ្លួន​របស់​ស្ដ្រី​ខ្មែរ គឺ​ជា​ប្រពៃណី​ទូទៅ ដែល​មាន​តាំងតែ​ពី​បុរាណកាល​មក គ្មាន​លក្ខណៈ​អាវាសែ​ទេ​។ ម្យ៉ាងទៀត តាមរយៈ​ឯកសារ​បាន​បញ្ជាក់​ឱ្យដឹងថា កាល​ដែល​គេ​ឆ្លាក់​រូប​ទេវតា ឬ​រូប​មនុស្ស​នា​សម័យបុរាណ គឺ​ពុំមែន​ជា​រឿងប្រឌិត​នោះទេ គឺ​ជា​ប្រពៃណី​ពិតៗ ដែល​ទាក់ទង​ទៅ​នឹង​ប្រពៃណី​ដូនតា​។​

​សូមបញ្ជាក់​ថា ការ​ដែល​ស្ដ្រី​ខ្មែរ​ដោះអាវ ឬ​អត់​អាវ​ចំហ​ដើមទ្រូង​ឱ្យ​លេច​សុដន់​ទាំង​គូ​នៅ​ទទេ​បែបនេះ គឺ​មិនមែន​មានន័យថា ស្ដ្រី​ខ្មែរ​មិន​ចេះ​ពាក់អាវ​នោះទេ នោះ​ជា​ការនិយម​ឱ្យ​តម្លៃ​ជា​ទូទៅ​ក្នុង​ព្រះរាជ​នគរ​ខ្មែរ បុរាណ​រហូត​ដល់​សម័យ​បារាំង​ចូល​មក​ស្រុក ទើប​ប្រពៃណី​នោះ​ក៏​ត្រូវ​រអាក់រអួល​ទៅវិញ​។​

​រហូតមក​ដល់​សតវត្សរ៍​ទី​១៩ នៃ​គ្រិស្ដសករាជ ស្រី​ខ្មែរ​នៅតែ​និយម​ប្រពៃណី​ដោះអាវ​នេះ​រហូត ទោះជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ព្រោះ​វា​បាន​ក្លាយទៅជា​ទម្លាប់​ធម្ម​ជាតិ​នៅ​គ្រប់​ទី​ច្រកល្ហក ទៅហើយ ប៉ុន្ដែ​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្រោយមកទៀត ទើប​គេ​ដឹងថា ប្រពៃណី​នេះ​បាន​ប្រែប្រួល បន្ដិច​ម្ដងៗ​រហូត​ដល់​បាត់អស់​នៅពេល​ដែល​ឥទ្ធិពល​អឺរ៉ុប​និង​ក្លឹង្គ​បានជះ​មកលើ​សង្គម​ខ្មែរ​នា​ជំនាន់​នោះ​។ ប៉ុន្ដ​ជនជាតិ​ខ្មែរ​ដែល​រស់​នៅតាម​តំបន់​ព្រៃភ្នំ នៅ​តែ​រក្សា​ប្រពៃណី​នេះ​បាន​គង់វង្ស​ស្ថិតស្ថេរ​រហូតមកដល់​សព្វថ្ងៃនេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បងប្អូន​ខ្មែរលើ​ទាំងនោះ ក៏ដូចជា​បុព្វបុរស​នា​សម័យ​អង្គរ​និង​មុន​អង្គរ​ផងដែរ​។ កាយវិការ​ស្រាត​ននល​ដងខ្លួន ពុំមែន​មានន័យថា ឆ្អេះឆ្អាប​នោះទេ ក៏ប៉ុន្ដែ​ប្រកប​ដោយ​លក្ខណៈ​ស្អាតស្អំ បរិសុទ្ធ​។ សូមជម្រាបថា ថ្មីៗ​នេះ​អ្នកស្រាវជ្រាវ​គេ​បាន​រកឃើញ​នូវ​រូប​បុរាណ​នា​សតវត្សរ៍​ទី​១២ នូវ​រូប​អ្នករបាំ​បុរាណ​សម័យអង្គរ ពាក់អាវ​យ៉ាង​ស្ដើង​ខុស​ពី​ស្ដ្រី​ទេពអប្ស​រមួយ​ភាគ​ធំ​នៅ​លើ​ប្រាសាទ​អង្គរ បា​ពួន​….​។​ល​៕​  (ម.ត្រា​ណេ)