Friday, September 17, 2021

សម្តេច​តេជោ​៖ ការងារ​ធ្វើ​ល្អ និង​ទទួលបាន​ប្រាក់ខែ សមរម្យ​នៅ​គ្រប់​រោងចក្រ នៅ​ទូទាំង​ប្រទេស​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចុះសួរសុខទុក្ខ កម្មករ កម្ម​ការ​នី ដែល​កំពុង​ធ្វើការ​នៅ​រោងចក្រ កាត់ដេរ សំលៀក​បំពាក់ ក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែល​ស្ថិត ក្នុង​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​នឹង​កំពុង​ទទួល​កម្មករ កម្មការិនី​កម្ពុជា​ធ្វើការ ប្រមាណ​ជាង ១០០០​នាក់ ទៅលើ​ផ្នែក​កាត់ដេរ​សំលៀក​បំពាក់​កូនក្មេង និង​មនុស្ស​ធំ ដើម្បី​នាំចេញ​ទៅ​ទីផ្សារ អ៊ឺរ៉ុប កាណាដា និង​សហរដ្ឋអាមេរិក ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពូ​កក់ក្តៅ និង​សប្បាយ​ចិត្ត​ខ្លាំងណាស់ ដែល​កូនក្មួយ​មាន​ការងារ​ធ្វើ​ល្អ​នៅក្នុង​រោងចក្រ​កាត់ដេរ​ល្អៗ​ដូចនេះ​។ សម្លៀក​បំពាក់​ដែល​កូន​ក្មួយ​បាន​កាត់​ដេរ គឺ​បាន​បញ្ជូន​ទៅ​លក់​នៅ​ក្រៅប្រទេស​ដែល​ជា​ស្នាដៃ​របស់​កូនក្មួយ​ផ្ទាល់ (Made in Cambodia) ។ នេះ​គឺជា​មោទនៈភាព​របស់​កម្ពុជា​យើង​ផង​ដែរ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​” ក្មួយៗ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​គោរព​ម៉ោង​ពេល និង​ធ្វើ​ការងារ​អោយបាន​ល្អ ហើយ​ខិតខំ​រៀន​ជំនាញ​បំប៉នបន្ថែម​អោយ​កាន់តែ​ច្រើន ដើម្បី​ក្មួយៗ​មាន​ឱកាស​បាន​តម្លើង​តួនាទី និង​ទទួលបាន​ប្រាក់ខែ​កាន់​ខ្ពស់​ថែម​ទៀត​។ ពូ​អរគុណ​កូនក្មួយ​កម្មករ​ទាំងអស់ និង​អរគុណ​ឪពុកម្តាយ ព្រមទាំង​ក្រុមគ្រួសារ​របស់​កូន​ក្មួយ​ដែល​បាន​ផ្តល់​នូវ​ការស្រឡាញ់​រាប់អាន និង​ជំនឿ​ទុកចិត្ត​មក​លើ​ពូ​ក្នុង​ការដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ក្មួយៗ​ទាំងអស់​គ្នា​គឺជា​ចំណែក​ដ៏​ធំ​មួយ​ដែល​បាន និង​កំពុង​ជំរុញ​នូវ​ការរីកចម្រើន​ក្នុង​ប្រទេស​ជាតិ​យើង​។ ទន្ទឹមនឹងនេះ​ដែរ សូម​អរគុណ​ក្មួយៗ​ដែល​បាន​បោះឆ្នោត​អោយ​ពូ និង​គណបក្ស​ប្រជាជន​ទាំង​ក្នុង​អាណត្តិ​កន្លងមក និង​នៅក្នុង​អាណត្តិ​ថ្មី​នៃ​ការបោះឆ្នោត​សាកល​ឆ្នាំ ២០១៨ ខាងមុខនេះ​។ ពូ​នឹង​បន្ត​មើលថែ និង​ជួយ​ក្មួយៗ​អោយមាន​ការងារ​ធ្វើ​ល្អ និង​ទទួលបាន​ប្រាក់ខែ​សមរម្យ​នៅ​គ្រប់​រោងចក្រ​នៅ​ទូទាំង​ប្រទេស​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​