Friday, September 17, 2021

នាវាចម្បាំង​កងទ័ពជើងទឹក​ឥណ្ឌា ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្នុង​ដំណើរ​ទស្សនកិច្ច ៤​ថ្ងៃ នៅ​កម្ពុជា​

​ព្រះសីហនុ ៖ នាវាចម្បាំ​កងទ័ពជើងទឹ​ក​១​គ្រឿង របស់​ប្រទេស​ឥណ្ឌា បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​ដំណើរ​ទស្សនកិច្ច មកកាន់​ប្រទេស​កម្ពុជា រយៈពេល ៤​ថ្ងៃ ដើម្បី​រិត​ចំណង​សាមគ្គីភាព រវាង​កងទ័ពជើងទឹក ពិសេស​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ស្និ​ទ​ស្នាល​។​

​ការចូល​មក​ដល់ នៃ​នាវាចម្បាំង​ឥណ្ឌា ត្រូវ​ទទួល​ស្វាគមន៍ ពី​មន្ត្រី​ជាន់ខ្ពស់​មូលដ្ឋាន​សមុទ្រ ដឹកនាំ​ដោយ លោក សុ ខេមរ៉ា នាយរង​សេនាធិការ​មូលដ្ឋាន​សមុទ្រ​។​

​នាវា​កងទ័ពជើងទឹក​ឥណ្ឌា នឹង​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៧​។​

​សេចក្ដីប្រកាស​ព័ត៌មាន បង្ហាញថា នាវា​ឈ្មោះ INS KADMATT (P-29) ជា​ប្រភេទ​នាវា​ប្រឆាំង​នាវា​មុជទឹក មាន​បណ្តោយ ១០៩​ម៉ែត្រ និង ទទឹង ១២,៨​ម៉ែត្រ ព្រមទាំង​មាន​ជម្រៅ​ទឹក ៤,៧០​ម៉ែត្រ ហើយ​មាន​ទម្ងន់ ៣,៣២០០​តោន​។ នាវា​នេះ បើកបរ​ក្នុង​ល្បឿន ៤៦​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​។​

​នាវាចម្បាំង​នេះ ដឹកនាំ​ដោយ លោក​មេបញ្ជាការ NITIN CARIAPPA និង​មាន​នាវិក​សរុប ១៧០​នាក់​។

​លោក NITIN CARIAPPA មេបញ្ជាការ​នាវា INS KADMATT (P-29) បាន​ថ្លែង​កោតសរសើរ ចំពោះ​វត្តមាន​មន្ត្រីជាន់ខ្ពស់​កងទ័ពជើងទឹក​កម្ពុជា ដែល​បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច របស់​នាវា​កងទ័ពជើងទឹក​ឥណ្ឌា ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ពេលនេះ​។​

​លោក​រំពឹង​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជម្រុញ​អោយ​ទំនាក់ទំនង រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឥណ្ឌា កាន់តែ​ជិតស្និទ ឈាន​ទៅ​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងទឹក​ទាំង​ពីរ​ប្រទេស អោយបាន​ខ្លាំងខ្លា​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។​

​តាម​កម្មវិធី​ដំណើរ​ទស្សនកិច្ច របស់​នាវាចម្បាំង​ឥណ្ឌា​មក​កម្ពុជា ក៏​នឹង​មាន​ការហ្វឹកហាត់​រួមគ្នា រវាង​កងទ័ព​ជើង​ទឹក​ឥណ្ឌា ជាមួយ​កងទ័ពជើងទឹក​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍​អោយ​គ្នា​ទៅវិញទៅមក​។ ជាងនេះទៀត នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ នឹងចូលរួម​សមយុទ្ធ​យោធា ព្រមទាំង​បង្កើត នូវ​មតិ​សមយុទ្ធ​រួម រវាង​ប្រទេស​ទាំង​ពីរ ក្នុង​សកម្មភាព​រុករក និង​ជួយ​សង្គ្រោះ​ពេល​ជួប​គ្រោះអាសន្ន នៅលើ​ផ្ទៃ​សមុទ្រ​ជាដើម​។

​នាវាចម្បាំង ឈ្មោះ KADMATT ជា​ប្រភេទ​នាវា​ប្រឆាំង​នាវា​មុជទឹក គឺ​បាន​ដាក់អោយ​ប្រើប្រាស់ កាលពី​ខែ​មករា ឆ្នាំ​២០១៥ ដោយ​មាន​បំពាក់​ឧបករណ៍​យោធា​មួយចំនួន​រួមមាន​៖ អាវុធ​ឬ​គ្រាប់ មី​ស៊ី​ល និង​គ្រាប់បែក​បុក ការការពារ​អាកាស​ជាដើម​។​

​តាម​របាយការណ៍​កងទ័ពជើងទឹក​កម្ពុជា បង្ហាញថា កងទ័ពជើងទឹក​ឥណ្ឌា និង​ឆ្នាំ​សមុទ្រ​កងទ័ពជើងទឹក​កម្ពុជា បាន​កិច្ចសហប្រតិបត្តិការ​ហ្វឹកហាត់ រួម​គ្នា​តាំងពី​ឆ្នាំ​២០០៣​។​

​ដំណើរ​ទស្សនកិច្ច នៃ​នាវាចម្បាំង​ឥណ្ឌា​ពេលនេះ ក៏​នឹង​ផ្តោត​ទៅលើ​ការការពារ ដែនសមុទ្រ រវាង​កងទ័ព​ឥណ្ឌា ជាមួយ​កម្ពុជា ដើម្បី​ឈាន​ទៅ​រួមចំណែក​ជួយ​ការពារ​សន្តិសុខ រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌា ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

​នា​ឱកាស​នោះ​ដែរ លោក សុ ខេមរ៉ា នាយរង​សេនាធិការ​មូលដ្ឋាន​សមុទ្រ ដែល​បាន​ដឹកនាំ​កងទ័ពជើងទឹក​កម្ពុជា រង់ចាំ​ស្វាគមន៍​ការចូល​មក​ដល់ របស់​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែវិច្ឆិកា​។ លោក​ចាត់​ទុក​វត្តមាន របស់​នាវាចម្បាំង​កង​ទ័ពជើងទឹក​ឥណ្ឌា KADMATT ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ថា នឹង​ឈាន​ទៅ​បង្កើត​មិត្តភាព សាមគ្គីភាព បង្កើន​ទំ​ទាក់​ទំនង កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ អោយ​កាន់តែ​ស្និទ​ស្នាល​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​។

​តាម​កម្មវិធី មេបញ្ជាការ​កងទ័ពជើងទឹក​ឥណ្ឌា ក៏​មាន​គម្រោង​ចូលជួប​ជាមួយ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ជួប​ជាមួយ លោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា ជាដើម ព្រមទាំង​មាន​ពិធី​ជួបជុំ​នៅ​លើ​នាវា ឬ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ផងដែរ​៕ ដោយ​៖ ដែន សីមា​