ភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនដឹកជញ្ជូនរហ័ស DRSB Express ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ដោយមានការចុះហត្ថលេខាពី អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និង លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express។
កិច្ចសហប្រតិបត្តិការនេះ បង្កើតជាក្របខ័ណ្ឌសម្រាប់ការសហការរវាងក្រុមហ៊ុនទាំងពីរ ដោយប្រើប្រាស់ចំណុចខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សំដៅលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនប្រសិទ្ធភាពសម្រាប់អតិថិជន។
ក្រុមហ៊ុន DRSB Express នាំមកនូវជំនាញយ៉ាងស៊ីជម្រៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្មឆ្លងដែន ដោយដំណើរការរួមបញ្ចូលគ្នាយ៉ាងពេញលេញ ដែលភ្ជាប់អ្នកផ្គត់ផ្គង់នៅក្រៅ
ប្រទេស ជាមួយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការគ្របដណ្តប់ការដឹកជញ្ជូនដល់គោលដៅទូទាំងប្រទេស។
តាមរយៈបទពិសោធន៍ធុរកិច្ចជាង៣ទសវត្សរ៍នៅកម្ពុជា ក្រុមហ៊ុន WorldBridge Group បាននិងកំពុងរួមចំណែកយ៉ាងទូលំទូលាយរបស់ខ្លួនលើវិស័យភស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយនឹងបណ្តាញភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កើតឡើង។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់ និងអភិវឌ្ឍឱកាសដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន ការកែលម្អប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក។ កិច្ចព្រមព្រៀងនេះក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើទំនើបកម្ម
ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេស។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា
“យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ DRSB Express ជាផ្លូវការ”។ “DRSB បានបង្កើតវេទិកាដ៏រឹងមាំ និងមូលដ្ឋានអតិថិជនស្មោះត្រង់ក្នុងរយៈពេលខ្លី។ យើងមើលឃើញសក្តានុពលពិតប្រាកដក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងការចូលរួមរបស់ប្រទេសកម្ពុជានៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់កម្ពុជា”។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ តំណាងឱ្យជំហានបន្ថែមទៀតនៅក្នុង
ការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន WorldBridge Group ចំពោះវិស័យភស្តុភារកម្ម និងការអភិវឌ្ឍ
សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា។ ភាគីទាំងពីរទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផលិតភាព ដែលបង្កើតគុណតម្លៃ និងការរីកចម្រើនយូរអង្វែង សម្រាប់ក្រុមហ៊ុនរៀងៗខ្លួន និងសង្គមជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








