នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅសាលប្រជុំនៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងប្រតិភូក្រុមការងារអន្ដរក្រសួង លេខាធិការដ្ឋាន និងមន្ដ្រីជំនាញនៃក្រសួងទាំង ៣ផងដែរ។
សូមជម្រាបថា កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦នេះគឺក្នុងគោលបំណងដើម្បី ទី១)ពិនិត្យលើវឌ្ឍនភាពនិងសមិទ្ធផលការងារត្រី-វិស័យដែលសម្រេចបាននៅតាមសហគមន៍ទាំងអស់ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៥កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥និងការកំណត់ទិសដៅការងារបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម និងទី២)ពិនិត្យលើវឌ្ឍនភាពនិងលក្ខខណ្ឌការងារយោងនៃការរៀបចំយុទ្ធសាស្ត្រនិងផែនការអនុវត្តត្រី-វិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម ទឹក អភិវឌ្ឍន៍ជនបទនៅកម្ពុជាឆ្នាំ២០២៧-២០៣១។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ បានបង្កើតឡើងនៅឆ្នាំ២០២៤ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន ព្រមទាំងបង្កើតភាពធន់និងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ជាពិសេសចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្របសម្រួលឱ្យមានភាពបន្ស៊ីគ្នារវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














