ភ្នំពេញ ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទូទៅជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានការ ប្រើប្រាស់ និងការបង្ហោះរូបភាពតាមបណ្ដាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការ រៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេស ការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាម គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឌភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿង ឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឌាភណ្ឌគ្រងរាជ សម្បត្តិ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គតែមួយព្រះអង្គគត់។ ការកែច្នៃ ឬការច្នៃប្រឌិត ដោយយកតាមគំរូនេះ គឺជា កំហុសពុំអាចលើកលែងបាន នឹងត្រូវផ្ដន្ទាទោសតាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើសុំគ្រប់បុគ្គលទាំងឡាយដែលបានកែច្នៃ ដែលបានប្រើប្រាស់ គ្រឿងលម្អកែច្នៃ និងដែលបានផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលម្អនេះ ត្រូវបញ្ឈប់និងលុបចោលរូបភាពទាំងនេះ ជាបន្ទាន់។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រប់បុគ្គលដែលនៅតែបន្តកែច្នៃ និង
ប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមណែនាំដល់គ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈទាំង២៥រាជធានី-ខេត្ត បន្ត ពង្រឹងសកម្មភាពណែនាំដោយផ្ទាល់ដល់គ្រប់សិល្បករ សិល្បការិនី អាជីវករពាក់ព័ន្ធ អ្នកប្រកបមុខរបរសំអាងការ សិប្បកម្មកែច្នៃគ្រឿងអលង្ការ ហាងថតរូប និងអ្នកប្រកបមុខរបរនិងអាជីពផ្សេងទៀតពាក់ព័ន្ធនឹងពិធីរៀបអាពាហ៍ពិពាហ៍ បញ្ឈប់ជាបន្ទាន់ និងចៀសវាងការបន្តប្រើប្រាស់គ្រឿងកែច្នៃតាមគំរូគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី



